MacBook Air ជំនាន់ក្រោយ អាចនឹងទទួលបានរូបរាងថ្មី ជាមួយឆកលើអេក្រង់ Mini-LED ដែរ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កន្លងទៅធ្លាប់មានដំណឹងជាច្រើន ដែលនិយាយទាក់ទងនឹង MacBook Air ហើយបូករួមជាមួយវត្តមាន MacBook Pro ជំនាន់ថ្មី ដែលទើបចេញថ្មីៗនេះទៀតនោះ ធ្វើឲ្យអ្នកវិភាគកាន់តែមានតម្រុយច្រើន ក្នុងការរំពឹងទុកចំណុចសំខាន់ៗ ដែលអាចកើតមានលើ MacBook Air ជំនាន់ក្រោយ។

MacBook Air ជំនាន់ថ្មី អាចនឹងបង្ហាញខ្លួននៅអំឡុងពាក់កណ្ដាលឆ្នាំក្រោយ ឬអាចនឹងឆាប់ជាងនេះ ហើយចំណុចសំខាន់ដំបូងដែលវាអាចនឹងបំពាក់មកនោះ គឺការប្រើប្រាស់អេក្រង់ Mini-LED ដែល Apple ហៅថា Liquid Retina XDR ដូចនៅលើ MacBook Pro ដែរ។ ឆកទ្រវែងចំកណ្ដាលផ្ទៃមុខ ក៏ត្រូវបានរំពឹងខ្ពស់ថា នឹងបង្ហាញខ្លួនលើអេក្រង់ MacBook Air ដូចគ្នា ព្រោះដោយសារតែ Apple អាចនឹងធ្វើឲ្យគែម Bezel ជុំវិញអេក្រង់របស់វា កាន់តែខ្លីជាងមុនថែមទៀត។ 

បន្ថែមពីនេះ MacBook Air ជំនាន់ថ្មី អាចនឹងទទួលបានការឌីហ្សាញថ្មីដូចគ្នា ជាក់ស្ដែងលើកនេះការឌីហ្សាញដែលគេហៅថា Tapered Wedge លើ MacBook Air បច្ចុប្បន្ន អាចនឹងលែងត្រូវបានប្រើប្រាស់ទៀតហើយ (ការឌីហ្សាញរូបរាង ដែលមានកម្រាស់ក្រាស់នៅខាងក្រោយ និងស្ដើងនៅខាងមុខ)។ ជំនួសមកវិញ Apple អាចនឹងធ្វើឲ្យរូបរាងរបស់ MacBook Air ជំនាន់ក្រោយ មានលក្ខណៈរាបស្មើជាងមុន និងថែមទាំងអាចនឹងធ្វើឲ្យវាមានលក្ខណៈបែបមូល និងកាន់តែស្រាលជាងមុន។

មិនត្រឹមតែប៉ុណ្ណោះទេ នៅលើ MacBook Air ជំនាន់ក្រោយ យើងក៏អាចនឹងឃើញវត្តមានរន្ធសាក MagSafe មកជាមួយ ដូចដែល Apple បានធ្វើលើ MacBook Pro ជំនាន់ថ្មីនេះអញ្ចឹងដែរ។ ចំណុចសំខាន់មួយទៀត ដែលដូចគ្នានឹងការបង្ហាញក្នុងដំណឹងលេចធ្លាយកន្លងមកដែរនោះ គឺ MacBook តម្លៃទាបខាងលើ មានសង្ឃឹមខ្ពស់ក្នុងការបំពាក់មកជាមួយឈីបថ្មី ដែលគេទំនងជាហៅថា M2 ហ្នឹងឯង។ 

ចំណុចចុងក្រោយ MacBook Air ដែលគ្រោងនឹងចេញនៅក្នុងអំឡុងឆ្នាំ 2022 ខាងមុខ ទំនងជានឹងទទួលបានជម្រើសពណ៌ច្រើនប្រភេទ ដូចដែលគេធ្លាប់ធ្វើលើ iMac ដែរ ហើយរឿងដែលអាចទៅរួចមួយទៀតគឺ វាអាចនឹងទទួលបានគែម Bezel ពណ៌សដូច iMac អញ្ចឹង។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង