ហ្គេម God of War នឹងដាក់ឲ្យលេងនៅលើ PC ចាប់ពីថ្ងៃទី 14 ខែមករាឆ្នាំក្រោយនេះ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ជិត 4 ឆ្នាំហើយ ដែលហ្គេមល្បី God of War បានបង្ហាញខ្លួននៅលើ PlayStation 4 ហើយខណៈពេលនេះ ក៏មានអ្នកនិយមលេខហ្គេមជាច្រើនទន្ទឹងរង់ចាំវគ្គ 2 ថ្មី ដែលគេហៅថា God of War: Ragnarok នៅលើម៉ាស៊ីនហ្គេម PlayStation ដែរ។ ខណៈពេលដែលវគ្គថ្មីមិនទាន់បង្ហាញខ្លួនផងថ្មីៗនេះ Sony បានប្រកាសប្រាប់ផ្លូវការថា God of War (2018) នឹងមកដល់លើ PC ដែរ។

មិនខុសទេ ហ្គេមល្បី God of War នឹងមានដាក់ឲ្យទាញយកនៅលើ PC តាមរយៈ Steam និង Epic Games Store ចាប់ពីថ្ងៃទី 14 ខែមករាឆ្នាំក្រោយនេះទៅ។ ដូច្នេះហើយ អ្នកប្រើប្រាស់កុំព្យូទ័រហ្គេម ដែលធ្លាប់រំពឹងចង់លេង God of War នោះ នេះជាដំណឹងល្អមួយសម្រាប់អ្នកទាំងអស់គ្នា ហើយកាន់តែពិសេស គឺថា Sony នឹងបើកឲ្យ PC លេងជាមួយ Unlocked Framerate តែម្ដង មានន័យថា អ្នកអាចលេងបានជាមួយ Framerate មិនមានដែនកំណត់ទេ អាស្រ័យលើថាកុំព្យូទ័រ អាចរត់បានដល់កម្រិតណា។ មួយវិញទៀត ហ្គេមនេះក៏នឹងបើកឲ្យលេងជាមួយកម្រិត 4K ពិតប្រាកដតែម្ដង (មិនមែន 4K Upscale ទេ)។

យោងតាម PlayStation Blog ក៏បានបញ្ជាក់ប្រាប់ដែរថា ហ្គេមនេះនឹងគាំទ្រពេញលេញជាមួយនឹងបច្ចេកវិទ្យា NVIDIA Deep Learning Super Sampling (DLSS) ទៀតផង ដែលអនុញ្ញាតឲ្យអ្នកលេង នៅតែអាចលេងហ្គេមនេះបាន ជាមួយកម្រិត Setting និងកម្រិតបង្ហាញខ្ពស់បានរលូនល្អ។ បន្ថែមពីនេះដែរ God of War លើ PC ក៏នឹងគាំទ្រការលេងជាមួយដៃបញ្ជា DualShock 4 និង DualSense របស់ PS5 បានដូចគ្នា ហើយមួយវិញទៀត អ្នកលេងក៏អាចជ្រើសរើសលេងហ្គេមនេះ ដោយប្រើក្តារចុច ឬក៏ Mouse បាន ជាមួយការបើកឲ្យកំណត់គ្រាប់ចុចទៀតផង។

ប្រភព ៖ Engadget
អត្ថបទទាក់ទង