លេចឮថា Apple គ្រោងប្រកាសចេញ Pro Display XDR ទំហំ 27 អ៊ីញ នៅដើមឆ្នាំក្រោយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កន្លងទៅធ្លាប់មានព័ត៌មានមួយចំនួនដែរ ដែលបង្ហាញទាក់ទងនឹង Apple កំពុងសម្ងំផលិតម៉ូនីទ័រម៉ូឌែលថ្មីមួយទៀត នៅក្នុងត្រកូល Pro Display XDR របស់គេ ហើយខណៈពេលនេះវិញ មានដំណឹងថ្មីមួយទៀត បញ្ជាក់បន្ថែមថា ការបែកធ្លាយកន្លងមក ទំនងជានឹងក្លាយជាការពិតមែន។

យោងតាមការបង្ហាញថ្មីចេញពីលោក Ross Young ត្រូវជា CEO របស់ស្ថាប័នស្រាវជ្រាវផ្នែកបន្ទះអេក្រង់ DSCC បានឲ្យដឹងថា Apple កំពុងតែធ្វើការលើ Pro Display XDR ម៉ូឌែលថ្មីមួយទៀត ដែលមានអេក្រង់ទំហំ 27 អ៊ីញ ហើយអាចនឹងមានបំពាក់មកជាមួយបច្ចេកវិទ្យា Mini-LED ទៀតផង។ 

គាត់បានបញ្ជាក់ទៀតថា Apple មានគម្រោងក្នុងការប្រកាសចេញម៉ូនីទ័រថ្មីនោះ នៅក្នុងអំឡុងដើមឆ្នាំ 2022 ខាងមុខនេះតែម្ដង ហើយទំនងជានឹងមានតម្លៃទាបសមរម្យជាង Pro Display XDR ដែលកំពុងដាក់លក់បច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលដដែលខាងលើក៏បានអះអាងថា Apple អាចនឹងបំពាក់មុខងារ ProMotion នៅលើម៉ូនីទ័រថ្មីទំហំ 27 អ៊ីញនោះថែមទៀតផង។

អញ្ចឹងហើយ បើតាមការបង្ហាញខាងលើ គឺយើងអាចនឹងឃើញ Pro Display XDR ម៉ូឌែលថ្មីមួយទៀត ដែលមានអេក្រង់ 27 អ៊ីញ ជាមួយកម្រិត Refresh Rate 120Hz នៅក្នុងអំឡុងត្រីមាសទី 1 ឆ្នាំក្រោយនេះ ប៉ុន្តែយ៉ាងណា សម្រាប់តម្លៃជាក់លាក់ ដែល Apple អាចដាក់លក់នោះ នៅតែមិនទាន់ច្បាស់ដដែល។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង