Pixel 6 | 6 Pro ចេញផ្លូវការ ប្រើឈីប Google Tensor អេក្រង់ OLED 120Hz កាមេរ៉ាកាន់តែប្រសើរ ជាមួយតម្លៃ 599 ដុល្លារឡើង
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ទីបំផុត Google សម្រេចបង្ហាញលម្អិតពី Pixel 6 Series ហើយ បន្ទាប់ពីបានបង្ហើបការឌីហ្សាញ និងលក្ខណៈសម្បត្តិបន្តិចបន្តួច តាំងពីខែសីហាមក ដែលធ្វើឲ្យមនុស្សជាច្រើន មានការទន្ទឹងរង់ចាំវត្តមានទូរសព្ទឆ្លាតកំពូលជំនាន់ថ្មីនេះ។ ការរង់ចាំបានមកដល់ហើយ ដោយលើកនេះ Google ពិតជាបានកែប្រែច្រើនមែន បើយើងយក Pixel 6 Series ទៅប្រៀបនឹងទូរសព្ទជំនាន់មុនៗរបស់គេ ជាក់ស្ដែងទាំងទៅលើរូបរាង ជាពិសេសនោះ គឺការប្តូរមកប្រើប្រាស់ឈីបផ្ទាល់ហ្នឹងតែម្ដង។

សម្រាប់រូបរាងរបស់ Pixel 6 និង Pixel 6 Pro គឺមិនចាំបាច់និយាយច្រើនទៀតទេ ព្រោះយើងបានឃើញរួចរាល់មកហើយ ប៉ុន្តែចំណុចដែលគួរនិយាយនោះគឺថា ផ្នែកខាងមុខរបស់ Pixel 6 និង 6 Pro មានភាពខុសគ្នាច្រើន ជាក់ស្ដែងលើម៉ូឌែលធម្មតា វាមានអេក្រង់លាត ប៉ុន្តែនៅបន្សល់គែម Bezel រាងធំគួរសម ខណៈពេលម៉ូឌែល Pro វិញ មិនមែនត្រឹមតែគែមខ្លីជាងនោះទេ ប៉ុន្តែអេក្រង់របស់វាក៏កោងបន្តិចសងខាងដែរ។

ចំពោះទំហំ Pixel 6 បានបំពាក់អេក្រង់ 6.4 អ៊ីញ កម្រិតបង្ហាញ FHD+ ខណៈនៅលើម៉ូឌែល Pro ឡើងដល់ 6.7 អ៊ីញ ជាមួយកម្រិតបង្ហាញ QHD+ ហើយនេះសុទ្ធតែជាអេក្រង់ OLED ដូចគ្នា ប៉ុន្តែមានល្បឿន Refresh Rate មិនដូចគ្នាទេ ដោយលើម៉ូឌែលធម្មតាគាំទ្របានត្រឹម 90Hz ខណៈពេលដែលម៉ូឌែល Pro វិញ គាំទ្របានដល់ 120Hz និងមានមុខងារអាចធ្វើការផ្លាស់ប្តូរកម្រិត Refresh Rate បានដោយស្វ័យប្រវត្តិពី 10Hz ដល់ 120Hz ផងដែរ ដើម្បីជួយបន្ថយការប្រើប្រាស់ថាមពលថ្ម។

យើងទៅមើលឈីបផ្ទាល់ខ្លួន ដែលគេហៅថា Google Tensor នោះម្ដង ដែលត្រូវបានពង្រឹងខ្លាំងមែនទែន ទៅលើផ្នែក AI ដើម្បីធ្វើឲ្យឈីបនេះ កាន់តែឆ្លាតជាងមុនលើដំណើរការផ្សេងៗ ដូចជាការជំនួយទៅដល់ផ្នែកគណនារូបភាព និងមុខងារដែលពឹងផ្អែកលើ Machine Learning ដូចជាមុខងារ Live Translation និង Speech Recognition ជាដើម។ សម្រាប់ផ្នែក CPU ឈីបថ្មីនេះមានចំនួន 8-Core ដែលក្នុងនោះមាន 2-Core ជា High Performance Cores, 2-Core ទៀតសម្រាប់ដំណើរការលើមុខងារស្រាលៗ និងមាន 4-Core ទៀតជា High Efficiency Cores សម្រាប់ជួយសន្សំថាមពលថ្ម។ CPU ថ្មីនេះត្រូវបាន Google ប្រាប់ថា ប្រសើរជាង CPU នៅលើ Pixel 5 ដល់ 80% ខណៈផ្នែក GPU វិញ វាមានបំពាក់មកដល់ 20-Core ប្រសើរជាង GPU លើ Pixel 5 ដល់ទៅ 370% ឯណោះ។ ជាមួយឈីបថ្មី Google ក៏មានបំពាក់ឈីបសុវត្ថិភាពជំនាន់ចុងក្រោយ Titan M2 ដែរ ដើម្បីជួយពង្រឹងបន្ថែមដល់សុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើផងដែរ។

ទន្ទឹមគ្នានេះ នៅលើម៉ូឌែល Pixel 6 វាមានរ៉េមទំហំ 8GB ជាមួយជម្រើសអង្គផ្ទុក 128GB ឬ 256GB ខណៈពេលលើម៉ូឌែល Pro វិញ រ៉េមរបស់វាឡើងដល់ 12GB និងមានអង្គផ្ទុក 3 ជម្រើស ដោយបន្ថែមម៉ូឌែល 512GB មួយទៀត ពីលើជម្រើសរបស់ Pixel 6។

ចូលដល់កាមេរ៉ាវិញម្ដង បើទោះជាវាមើលទៅស្រដៀងគ្នាមែន ប៉ុន្តែកាមេរ៉ារបស់ Pixel 6 គឺខុសពី Pixel 6 Pro បន្តិច ជាក់ស្ដែងម៉ូឌែលធម្មតាមានបំពាក់មកតែពីរគ្រាប់ប៉ុណ្ណោះ នៅខាងក្រោយ ដែលក្នុងនោះលេនគោលមានទំហំ 50MP និងលេនទូលាយ Ultrawide 114 ដឺក្រេ ទំហំ 12MP។ ចំណែកនៅលើម៉ូឌែល Pro វិញ វាមានដល់ 3 គ្រាប់ ប៉ុន្តែ 2 គ្រាប់គឺដូចគ្នានឹង Pixel 6 ដែរ ដោយខុសគ្នាត្រង់ថា វាទទួលបានលេន Telephotos ទំហំ 48MP មួយគ្រាប់ទៀត អាចធ្វើការពង្រីកបែប Optical ឡើងដល់ 4 ដង និងឡើងដល់ 20 ដងចំពោះ Digital Zoom ដែល Google ហៅថា Super Res Zoom។ សម្រាប់កាមេរ៉ាមុខវិញ លើម៉ូឌែល Pro បានបំពាក់មកមួយគ្រាប់ទំហំ 11.1MP គាំទ្រការថតវីដេអូ 4K បាន ខណៈម៉ូឌែលធម្មតាមានត្រឹម 8MP ប៉ុណ្ណោះ។

ចំពោះចំណុចពិសេសលើកញ្ចប់កាមេរ៉ាក្រោយរបស់ Pixel 6 Series គឺ Google បានណែនាំមុខងារថ្មីៗជាច្រើនដូចជា គាំទ្រការថតវីដេអូ HDR 4K 60fps, មុខងារ Magic Eraser ថ្មី ដែលអាចលុបមនុស្សជាប់នៅ Background រូបភាព បានយ៉ាងឆ្លាតវៃ, មុខងារ Face Unblur សម្រាប់ជួយឲ្យការថតមនុស្ស មានចលនានៅប្លង់ពន្លឺទាបបានប្រសើរ ដោយវានៅតែធ្វើឲ្យមើលឃើញផ្ទៃមុខច្បាស់ល្អ មិនបែកព្រាលនោះទេ, មុខងារ Motion Mode សម្រាប់ថត Object មានចលនា និងជួយកែចលនានៅផ្ទៃ Background ឲ្យមើលទៅកាន់តែគួរឲ្យចាប់អារម្មណ៍ ក៏ដូចជាមុខងារ Real Tone ជួយបង្កើនគុណភាពរូបភាព និងធ្វើឲ្យពណ៌ស្បែកអ្នកប្រើប្រាស់ នៅរក្សាបែបធម្មជាតិត្រឹមត្រូវផងដែរ។

ចំពោះថាមពលថ្មវិញ ប្រាកដណាស់ថា ម៉ូឌែល Pro មានបំពាក់មកធំជាង ព្រោះវាមានតួខ្លួនធំជាងដូចគ្នា និយាយឲ្យចំទៅ Google បានដាក់ឲ្យមកដល់ 5,003mAh ខណៈម៉ូឌែលធម្មតាវិញ វាបំពាក់មកទំហំ 4,614mAh ហើយសុទ្ធតែត្រូវបានគេអះអាងថា អាចកាន់បានដល់ 24 ម៉ោងដូចគ្នា ប៉ុន្តែមិនបញ្ជាក់ច្បាស់ថា ជាការប្រើប្រាស់របៀបណានោះទេ។ ទាំងពីរម៉ូឌែលនេះ ទទួលបានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន តែមិនទាន់ដឹងថាប៉ុន្មានវ៉ាត់ឡើយ លើសពីនេះវាក៏គាំទ្រមុខងារសាកថ្មឥតខ្សែ និងផ្ទេរថាមពលថ្ម ទៅកាន់ឧបករណ៍ដទៃទៀត ដោយឥតខ្សែបានដូចគ្នា។

ចំណុចសំខាន់ផ្សេងៗក្រៅពីនេះ ដែល Google បានរៀបរាប់ប្រាប់ គឺមានដូចជា Pixel 6 និង 6 Pro សុទ្ធតែគាំទ្រ 5G, មានមុខងារការពារទឹកពេញលេញកម្រិត IP68, មានកញ្ចក់ខាងមុខជាប្រភេទ Gorilla Glass Victus ដូចគ្នា, Speaker Stereo, មុខងារស្កេនស្នាមម្រាមដៃលើអេក្រង់, ដំណើរការដោយ Android 12 ចេញពីប្រអប់ ហើយកាន់តែពិសេសនោះ លើកនេះ គេនឹងផ្តល់កំណែអាប់ដេតផ្នែកសុវត្ថិភាព ឲ្យទូរសព្ទជំនាន់ថ្មីនេះដល់ទៅ 5 ឆ្នាំតែម្ដង។

ចុងក្រោយគឺដល់ពេលនិយាយពីតម្លៃវិញម្ដង ដែលយើងឃើញថា ជាតម្លៃប្រសើរមួយបើធៀបនឹងលក្ខណៈសម្បត្តិ Pixel 6 Series បំពាក់មក ជាក់ស្ដែងនៅលើម៉ូឌែលធម្មតា Google ដាក់លក់ចាប់ផ្តើមឡើងពី ២ លាន ៤០ ម៉ឺនរៀល ឬ 599 ដុល្លារឡើងទៅ ខណៈម៉ូឌែល Pro វិញ ឡើងដល់ខ្ទង់ ៣ លាន ៣៦ ម៉ឺនរៀល ឬ 899 ដុល្លារឡើងទៅ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ហើយគេក៏បើកឲ្យកុម្ម៉ង់ទិញ ចាប់ពីថ្ងៃនេះទៅហើយ និងរហូតដល់ថ្ងៃទី 28 តុលាខាងមុខទើប Pixel 6 | 6 Pro បង្ហាញវត្តមានផ្លូវការលើទីផ្សារ។

ប្រភព ៖ Google
អត្ថបទទាក់ទង