AirPods ជំនាន់ទី 3 បង្ហាញខ្លួនជាមួយរូបរាងថ្មីស្រដៀង AirPods Pro និងមានតម្លៃខ្ទង់ 179 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ជាមួយគ្នានឹងការប្រកាសចេញ MacBook Pro ជំនាន់ថ្មី Apple ក៏បានប្រកាសចេញកាសឥតខ្សែជំនាន់ថ្មីរបស់ខ្លួនមកមួយទៀតដែរ នោះគឺជាកាស AirPods ជំនាន់ទី 3 ហ្នឹងឯង ដែលធ្លាប់មានដំណឹងលេចធ្លាយជាច្រើនលើកច្រើនសារមកហើយ ទម្រាំតែមកដល់ពេលនេះ។

កាសឥតខ្សែថ្មី AirPods ជំនាន់ទី 3 ត្រូវបាន Apple ឌីហ្សាញរូបរាងកាត់ទៅរក AirPods Pro ច្រើន ប៉ុន្តែក៏នៅតែមិនបោះបង់ទម្រង់ពីកាស AirPods ជំនាន់ទី 2 នោះដែរ។ ចំណុចដែលវាប្លែកពី AirPods Pro នោះ គឺនៅលើកាសឥតខ្សែជំនាន់ទី 3 ថ្មីនេះ មិនមានភ្ជាប់មកជាមួយជ័រទ្រាប់ត្រចៀកនោះទេ ដែលនេះក៏ជាហេតុផលសំខាន់មួយ ធ្វើឲ្យវានៅតែមិនមានមុខងារទប់សម្លេងរំខាន ដូចម៉ូឌែល Pro ឡើយ។

យ៉ាងណាក៏ដោយ វាក៏នៅតែមានបំពាក់មកជាមួយមុខងារសំខាន់ជាច្រើនទៀត ដែលរួមមានទាំងមុខងារ Adaptive EQ ជាមុខងារកំណត់តម្រូវកម្រិតហ្វេ្រកង់ ដោយស្វ័យប្រវត្តិ ឲ្យត្រូវតាមអ្នកប្រើប្រាស់នីមួយៗ ដើម្បីជួយឲ្យគុណភាពសម្លេង ដែលផ្តល់ឲ្យពួកគេ នៅតែស្ថិតក្នុងគុណភាពខ្ពស់ដូចៗគ្នា។

កាសថ្មីនេះ ក៏គាំទ្រជាមួយមុខងារ Spatial Audio ក៏ដូចជាមុខងារ Dolby Atmos ដែរ ហើយ Apple ក៏បានអះអាងថា គេបានពង្រឹងគុណភាពឧបករណ៍ស្រូបសម្លេងនៅលើនោះ ឲ្យកាន់តែប្រសើរថែមទៀត។ ចំណុចសំខាន់មួយទៀត គឺលើកនេះវាក៏មានបំពាក់មកជាមួយមុខងារការពារទឹកកម្រិតស្រាល IPX4 ទាំងនៅលើកាស និងប្រអប់របស់វាតែម្ដង។ 

ចំពោះថាមពលថ្មវិញ ក្រុមហ៊ុនខាងលើប្រាប់ថា វាអាចកំដរអ្នកប្រើបានដល់ 6 ម៉ោង នៅលើកាសមួយគូរ និងឡើងដល់ 30 ម៉ោង បើគិតបញ្ចូលទាំងប្រអប់សាករបស់វា។ AirPods ជំនាន់ទី 3 ក៏អាចគាំទ្រការសាកថ្មបាន តាមរយៈខ្សែ និងឥតខ្សែ MagSafe បានដែរ។ នៅលើកាសនោះ ក៏មានមុខងារសាកល្បឿនលឿនដែរ ជាក់ស្ដែងនៅពេលដាក់វាចូលប្រអប់សាកប្រមាណជា 5 នាទី គឺអាចបន្តកំដរអ្នកប្រើបន្ថែមបានជាង 1 ម៉ោងទៀតផង។

ចុងក្រោយសម្រាប់ផ្នែកតម្លៃវិញ Apple បានដាក់លក់វាខ្ទង់ពី 179 ដុល្លារ ហើយពេលនេះក៏កំពុងតែដាក់ឲ្យកុម្ម៉ង់ទិញ ទុកមុនជាបណ្តើរលើវេបសាយរបស់គេដែរ ក្រោយមកនឹងមានលក់ផ្លូវការលើទីផ្សារនៅថ្ងៃទី 25 តុលានេះ។

ប្រភព ៖ Apple
អត្ថបទទាក់ទង