អេក្រង់ Galaxy S22/S22+ ទំនងជាមានគែម Bezel កាន់តែខ្លី ប៉ុន្តែទទឹងអាចនឹងវែងជាងមុនបន្តិច
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Samsung នឹងប្រកាសចេញទូរសព្ទឆ្លាតត្រកូល S ជំនាន់ថ្មីរបស់គេ នៅដើមឆ្នាំក្រោយនេះ ដែលភាគរយច្រើន អាចអំឡុងខែមករាតែម្ដង បន្ទាប់ពី Qualcomm ប្រកាសចេញឈីប Snapdragon ជំនាន់ថ្មី គ្រោងនឹងបំពាក់លើទូរសព្ទឆ្លាតរបស់ Samsung នេះ (ក្នុងទីផ្សារមួយចំនួន) នៅអំឡុងខែធ្នូខាងមុខ។

ខណៈពេលវេលាកាន់តែរំកិលទៅមុខ ថ្មីៗកន្លងទៅនេះ អ្នកចែកចាយព័ត៌មានលេចធ្លាយល្បីឈ្មោះ ដែលស្គាល់ថា Ice Universe ក្នុងបណ្ដាញសង្គម Twitter នោះ បានបង្ហាញឲ្យឃើញ Screen ការពាររបស់ទូរសព្ទឆ្លាត Galaxy S22 និង S22+ ថែមទៀតផង។ ក្នុងនោះបុគ្គលខាងលើ ក៏បានបង្ហាញរូបភាពផ្ទឹមគ្នានឹង Galaxy S21/S21+ បច្ចុប្បន្ននេះដែរ ដែលឲ្យឃើញកាន់តែច្បាស់ថា លើកនេះ Samsung អាចនឹងបំពាក់អេក្រង់ ដែលមានប្រវែងខ្លីជាងមុនលើ Galaxy S22/S22+ ប៉ុន្តែសម្រាប់ទទឹងរបស់វាវិញ គឺវែងជាងមុនបន្តិច ដែលជាសញ្ញាមួយចង់បញ្ជាក់ថា ទូរសព្ទឆ្លាតជំនាន់ថ្មីនោះ អាចនឹងប្រើប្រាស់ខ្នាតអេក្រង់ថ្មីដូចគ្នា។

បន្ថែមពីនេះ គែមអេក្រង់របស់វា អាចនឹងស្ដើងខ្លាំងមួយជុំតែម្ដង ហើយនៅលើចែងទាំង 4 វិញ ទំនងជាកាន់តែមានលក្ខណៈទាលជាងមុនថែមទៀត បើធៀបនឹង Galaxy S21 Series។

យ៉ាងណាក៏ដោយ នៅក្នុងការបង្ហាញចេញពីសំណាក់ អ្នកចែករំលែកដំណឹងលេចធ្លាយខាងលើ គឺមិនឃើញគេបង្ហាញទាក់ទងនឹង Galaxy S22 Ultra ឡើយ ប៉ុន្តែយោងតាមដំណឹងកន្លងមក វាជាម៉ូឌែលតែមួយគត់ ដែលអាចនឹងមានរូបរាងខុសគេ ក្នុងត្រកូល S22 ជាក់ស្ដែងរូបរាងរបស់វា អាចនឹងមានលក្ខណៈជ្រុង កាត់ទៅរកត្រកូល Note វិញ ហើយថែមទាំងអាចនឹងមានកន្លែងសម្រាប់ដាក់ប៊ិក S Pen បង្កប់ក្នុងនោះទៀតផង។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង