HTC ប្រកាសចេញ Vive Flow VR ថ្មី មានទំហំខ្លួនកាន់តែតូចស្លីម និងពឹងផ្អែកលើទូរសព្ទ Android
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ HTC ទើបប្រកាសចេញ VR ថ្មីមួយទៀតជាផ្លូវការ ដែលលើកនេះ ឃើញថាមិនមែនជាប្រភេទ VR ដូចដែលយើងធ្លាប់ឃើញកន្លងមកឡើយ ជាក់ស្ដែង HTC បានកែច្នៃរូបរាងរបស់វា ឲ្យមើលទៅកាន់តែមានលក្ខណៈបែបទំនើប និងមានតួខ្លួនតូចស្លីម ខុសគ្នាដាច់ពី VR ធម្មតាទូទៅផ្សេងៗទៀត។

VR ថ្មីរបស់ HTC គឺស្ថិតក្នុងស្រឡាយ Vive នេះឯង មានឈ្មោះពេញថា Vive Flow VR ដែលមានទំហំតួខ្លួនតូច ត្រូវបានគេឌីហ្សាញឡើងមក មិនទាមទារឲ្យមានកុំព្យូទ័រហ្គេម ទើបដំណើរការបានដូចធម្មតានោះទេ ជាក់ស្ដែងវាប្រើប្រាស់ទូរសព្ទឆ្លាត Android ដើម្បីដំណើរការ ក៏ដូចជាដើម្បីធ្វើការបញ្ជាផ្សេងៗជំនួសវិញ។ VR ថ្មីនេះ មានទម្ងន់ស្រាលត្រឹមល្មមត្រឹម 189 ក្រាមប៉ុណ្ណោះ ហើយក្នុងនោះក៏មានបំពាក់មកជាមួយ Speaker ស្រាប់ ក៏ដូចជាមានមុខងារ ដែលអាចចាប់យកខ្យល់ក្តៅ ភាយពីភ្នែករបស់អ្នកប្រើប្រាស់ ចេញពី VR ដើម្បីជួយឲ្យអ្នកប្រើប្រាស់ នៅតែមានអារម្មណ៍ល្អ បើទោះជាពាក់វាក្នុងរយៈពេលយូរ។

អេក្រង់ខាងក្នុងទាំងសងខាងរបស់វា មានកម្រិតបង្ហាញ 1600 x 1600 ភិចសែល, អាចបង្ហាញបានក្នុងផ្ទៃ 100 ដឺក្រេ (FOV) និងមានកម្រិត Refresh Rate 75Hz ផងដែរ។ ចំណុចគួរឲ្យចាប់អារម្មណ៍មួយនោះ គឺថា VR ខាងលើមានបំពាក់ថ្មមកទៀតផង ប៉ុន្តែមិនមែនសម្រាប់ដំណើរវាទាំងស្រុងទេ ពោលគឺគ្រាន់តែទុកសម្រាប់ប្រើប្រាស់ នៅពេលអ្នកប្រើធ្វើការផ្លាស់ប្តូរប្រភពថាមពល ដើម្បីកុំឲ្យរលត់ប៉ុណ្ណោះ។

យ៉ាងណាសម្រាប់ថាមពល ដែលត្រូវផ្គត់ផ្គង់ទៅឲ្យ VR ខាងលើ គឺ HTC បានឌីហ្សាញថ្មខាងក្រៅមួយ ត្រូវបានគេសន្យាថា អាចប្រើប្រាស់បានជាប់ដល់ 4 ទៅ 5 ម៉ោងផងដែរ។ Vive Flow VR បានប្រើប្រាស់ឈីប Qualcomm XR1 ជាមួយគ្នានឹងរ៉េមទំហំ 4GB និងអង្គផ្ទុកទំហំ 64GB ព្រមទាំងគាំទ្របានជាមួយកម្មវិធីចំនួនជាង 100 ផងដែរ។ ក្នុងនោះកម្មវិធីដែល HTC លើកមកបង្ហាញគឺមានដូចជា កម្មវិធីសមាធិ, Socializing, Video Streaming និងហ្គេមសាមញ្ញមួយចំនួនជាដើម។ 

ឧបករណ៍ VR ខាងលើនេះ អាចភ្ជាប់មកជាមួយទូរសព្ទឆ្លាតតាមរយៈ Bluetooth សម្រាប់ការបញ្ជាទូទៅ ហើយវាក៏អាចភ្ជាប់បានតាមរយៈ 5GHz Wi-Fi Connection បានដែរ ដើម្បីឲ្យកម្មវិធីនៅលើទូរសព្ទ Android អាចធ្វើការ Mirror ចូលទៅក្នុង VR នោះបាន។ សូមបញ្ជាក់ថា Vive Flow នេះ មិនគាំទ្រជាមួយ iOS នោះទេ ដូច្នេះមានតែ Android មួយប៉ុណ្ណោះ ដែលជាវិធីក្នុងការប្រើប្រាស់វា ខណៈពេលនេះ HTC ក៏បានដាក់ឲ្យកុម្ម៉ង់ទិញក្នុងវេបសាយរបស់គេហើយ ជាមួយតម្លៃខ្ទង់ ២ លានរៀល ឬ 499 ដុល្លារ។

ប្រភព ៖ 9To5Google
អត្ថបទទាក់ទង