AMD បញ្ចេញក្រាហ្វិកកាត Radeon RX 6600 ថ្មី ប្រសើរសម្រាប់ហ្គេមកម្រិត 1080p និងតម្លៃសមរម្យ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ប្រមាណជា 2 ខែមុន AMD បញ្ចេញក្រាហ្វិកកាតសម្រាប់ Desktop ម៉ូឌែលថ្មីមួយហៅថា Radeon RX 6600 XT ដែលត្រូវបានគេផ្តោតលើសមត្ថភាពដំណើរការហ្គេមបានប្រសើរ ជាមួយការដាក់លក់ក្នុងតម្លៃសមរម្យមួយ។ ដោយឡែកថ្មីៗនេះ AMD បានបញ្ចេញ RX 6600 ថ្មីមួយ ដែលកាន់តែមានតម្លៃសមរម្យ ជាងលើកមុនថែមទៀត។

Radeon RX 6600 ថ្មីនេះ ក៏បានផ្អែកលើស្ថាបត្យកម្ម RDNA2 របស់ AMD ដូចម៉ូឌែល XT កន្លងទៅដែរ ហើយវាក៏នៅប្រើប្រាស់ ឈីប Navi 23 ដូចគ្នាដដែល ប៉ុន្តែដើម្បីលើកនេះ វាមានអង្គគណនាចំនួន 28 ប៉ុណ្ណោះ ជំនួសឲ្យអង្គគណនាចំនួន 32 នៅលើម៉ូឌែល XT វិញ។ ក្រាហ្វិកកាតថ្មី អាចរត់បានក្នុងល្បឿនខ្ពស់បំផុត 2044MHz នៅពេលកំពុងលេងហ្គេម ហើយក៏អាចជំរុញបន្ថែមល្បឿន ឲ្យបានកាន់តែខ្ពស់ជាងនេះបន្តិចទៀតដែរ ពោលគឺឡើងដល់ 2491MHz ឃើញថាទាបជាងល្បឿនខ្ពស់បំផុតរបស់ម៉ូឌែល XT កន្លងទៅបន្តិចដូចគ្នា។ 

យ៉ាងណាក៏ដោយ RX 6600 ក៏បានប្រើប្រាស់ VRAM ទំហំ 8GB GDDR6 ដូចមុនដែរ ប៉ុន្តែ VRAM នេះមានល្បឿនខ្ពស់បំផុត 14Gbps យឺតជាងម៉ូឌែល RX 6600 XT បន្តិច ដែលអាចឡើងបានដល់ 16Gbps។

RX 6600 ទាមទារថាមពលត្រឹម 132W ប៉ុណ្ណោះ បើធៀបនឹង 160W នៅលើម៉ូឌែល XT។ ក្រាហ្វិកកាតថ្មីនេះ គឺត្រូវបាន AMD ផលិតឡើងមក សម្រាប់ដំណើរការហ្គេមកម្រិត 1080p បានរលូន ជាក់ស្ដែងបើធៀបនឹង RX 6600 XT សមត្ថភាពជារួមរបស់វា អាចនឹងខុសគ្នាពី 10 ទៅ 15% ប៉ុន្តែបើយកទៅប្រៀបនឹង RTX 2060 របស់ NVIDIA វិញ AMD អះអាងថា ក្រាហ្វិកកាតថ្មីរបស់គេ ប្រសើរជាងដល់ 23% ទៀតផង។

ក្រុមហ៊ុនផ្ទាល់ ក៏បានបញ្ជាក់ប្រាប់ដែរថា អ្នកប្រើប្រាស់អាចរំពឹងពី RX 6600 បាន ទៅលើសមត្ថភាពជាមធ្យម 91 FPS សម្រាប់ហ្គេម Far Cry 6, 85 FPS ក្នុងហ្គេម Deathloop ហើយបើសរុបជាមធ្យមគ្រប់ហ្គេម ដែល AMD បានតេស្តនោះ RX 6600 អាចធ្វើបានជាមធ្យម 100 FPS ធៀបនឹង RX 6600 XT ដែលធ្វើបានជាមធ្យមដល់ 120 FPS។ 

ចុងក្រោយសូមបញ្ជាក់ថា ក្រាហ្វិកកាតថ្មីនេះ នឹងមិនមានម៉ូឌែលដាក់លក់ចេញពី AMD ផ្ទាល់ទេ ជាក់ស្ដែងអ្នកអាចរកទិញបាន ចេញពីក្រុមហ៊ុនសហការរបស់គេវិញដូចជា ASRock, ASUS, Gigabyte, MSI, PowerColor, SAPPHIRE, XFX និង Yeston ជាមួយតម្លៃខ្ទង់ 329 ដុល្លារ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង