OnePlus Buds Z2 ថ្មី បំពាក់មុខងារទប់សម្លេងរំខាន និងមានថាមពលថ្មប្រើបានដល់ 38 ម៉ោង
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ទន្ទឹមគ្នានឹងប្រកាសចេញ OnePlus 9RT កាលពីយប់មិញនោះ OnePlus ក៏បានប្រកាសចេញកាសឥតខ្សែម៉ូឌែលថ្មីមួយទៀត ដែលត្រូវបានគេហៅថា OnePlus Buds Z2 មកដូចគ្នាដែរ។ កាសឥតខ្សែជំនាន់ថ្មីរបស់ OnePlus គឺទទួលបានមុខងារសំខាន់ៗច្រើនគួរសមដែរ ប៉ុន្តែត្រូវបានគេដាក់លក់ក្នុងតម្លៃសមរម្យមួយ បើយើងគិតក្នុងទីផ្សារប្រទេសចិន។

កាសឥតខ្សែថ្មីនេះ មានការឌីហ្សាញរូបរាង មិនខុសពីកាសឥតខ្សែរបស់ OnePlus ជំនាន់មុននោះទេ ហើយវាមានជម្រើសចំនួនពីរពណ៌គឺ ខ្មៅ និងស។ ប្រអប់សាករបស់វា ត្រូវបានគេឌីហ្សាញមករាងតូចស្ដើង ដែលមានចំនួនពីរពណ៌ ដូចកាសខាងក្នុងដែរ ហើយប្រអប់នេះ ក៏មានភ្លើង LED មួយ សម្រាប់បង្ហាញជូនព័ត៌មានសំខាន់ៗមួយចំនួន ទៅកាន់អ្នកប្រើប្រាស់វិញដូចគ្នា។

ទៅមើលផ្នែកខាងក្នុងគឺវា បានបំពាក់មកជាមួយ Drivers ទំហំ 11mm និងប្រើប្រាស់ Bluetooth 5.2 ថ្មីតែម្ដង ហើយសម្រាប់មុខងារទប់សម្លេងរំខានពីខាងក្រៅ ដែលមានភ្ជាប់មកជាមួយនោះ មានសមត្ថភាពអាចកាត់សម្លេងចេញបានក្នុងកម្រិត 40db ក្រោមការទទួលបានជំនួយពី Mic ចំនួន 3 គ្រាប់ នៅលើកាសនីមួយៗនោះ។ 

ក្រៅពីនេះ វាត្រូវបានគេផលិតឡើង ឲ្យគាំទ្រជាមួយ AAC និង SBC Bluetooth Codec ក៏ដូចជា BLE, SPP, HFP, A2DP និង AVRCP Bluetooth Transmission Protocols ផងដែរ។ សម្រាប់ថាមពលថ្មវិញ OnePlus បានអះអាងថា នៅក្នុងការសាកពេញម្ដង កាសឥតខ្សែទាំងគូរអាចកំដរអ្នកប្រើបាន 7 ម៉ោង និងកាន់បានត្រឹម 5 ម៉ោង បើប្រើជាមួយមុខងារទប់សម្លេងរំខាន ហើយបើបូករួមទាំងប្រអប់របស់វាវិញ គឺសរុបចូលគ្នាទៅ ក្រុមហ៊ុនផ្ទាល់អះអាងថា អាចប្រើប្រាស់បានដល់ទៅ 38 ម៉ោងឯណោះ។ វាក៏មានមុខងារសាកថ្មលឿនដែរ ដោយការសាកត្រឹមតែ 10 នាទី អាចកំដរអ្នកប្រើបន្តបានដល់ 5 ម៉ោង។

កាសជំនាន់ថ្មីនេះ មានមុខងារការពារទឹកកម្រិត IP55 ដូច្នេះសម្រាប់ទឹកកម្រិតមធ្យមដូចជា ការកំពប់លើ ឬឆ្លងកាត់ភ្លៀងជាដើមនោះ វាអាចទប់ទល់បាន ហើយសម្រាប់ប្រអប់វិញ ក៏មានមុខងារការពារកម្រិត IPX4 ផងដែរ។ OnePlus Buds Z2 នឹងត្រូវដាក់លក់ក្នុងប្រទេសចិន ចាប់ពីថ្ងៃទី 19 ខែតុលាខាងមុខនេះទៅ ជាមួយតម្លៃខ្ទង់ ៣០ ម៉ឺនរៀល ឬ 77 ដុល្លារ។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង