OnePlus 9RT ចេញផ្លូវការ ជាមួយការកែរូបរាងបន្តិច និងប្តូរទៅប្រើឈីប Snapdragon 888 វិញ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីយប់មិញនេះ OnePlus បានប្រកាសចេញទូរសព្ទឆ្លាតម៉ូឌែលថ្មីរបស់ខ្លួនមួយទៀតជាផ្លូវការ ត្រូវបានគេហៅថា OnePlus 9RT ដែលបន្តតំណែងពី OnePlus 9R កាលពីដើមឆ្នាំកន្លងទៅហ្នឹងឯង។ OnePlus 9RT លើកនេះ វាទទួលបានការកែប្រែរូបរាងខាងក្រោយបន្តិច ប៉ុន្តែបានឡើងទៅប្រើប្រាស់ឈីបកំពូលប្រសើរជាងមុនវិញ។

សម្រាប់រូបរាងខាងក្រៅ ផ្នែកខាងមុខរបស់វា មិនមានការឌីហ្សាញប្លែកពីមុនទេ គ្រាន់តែទំហំឡើងធំជាងមុនបន្តិច ខណៈពេលផ្នែកទម្រង់កាមេរ៉ាក្រោយរបស់វា ត្រូវបានកែប្រែបន្តិច ដោយមានលេនចំនួន 3 គ្រាប់ តម្រៀបជួរឈរចុះក្រោម ជាមួយគ្នានឹង Flash LED 2 គ្រាប់ នៅខាងកៀននោះ។

អេក្រង់ខាងមុខរបស់វាឡើងដល់ទំហំ 6.62 អ៊ីញ (OnePlus 9R មានទំហំ 6.55 អ៊ីញ) ជាប្រភេទ AMOLED ជំនាន់ E4 ផ្គត់ផ្គង់ដោយ Samsung ដែលមានកម្រិតបង្ហាញ FHD+ ព្រមទាំងល្បឿន Refresh Rete 120Hz ផងដែរ។ អេក្រង់នេះក៏គាំទ្រ HDR10+, មានកម្រិតប៉ះបញ្ជាដល់ទៅ 600Hz ព្រមទាំងមានមុខងារ 4D Haptic Feedback ជាដើម ដែលជាមុខងារជំនួយដល់រំញ័រពេលហ្គេម។

ទៅលើកម្លាំងម៉ាស៊ីន OnePlus បានប្តូរពី Snapdragon 870 លើ 9R មកដាក់ឈីប Snapdragon 888 នៅលើ OnePlus 9RT លើកនេះវិញ ហើយទន្ទឹមគ្នានោះ គេបានក៏ប្រើដាក់បញ្ចូលរ៉េមប្រភេទ LPDDR5 ជាមួយនឹងអង្គផ្ទុកទិន្នន័យប្រភេទ UFS 3.1 ផងដែរ។ សម្រាប់ឲ្យឈីបកំពូលនេះ ដំណើរការបានកាន់តែល្អ OnePlus អះអាងថា គេបានកែតម្រូវ និងដាក់បញ្ចូលបន្ទះបន្សាបកម្តៅទំហំធំជាងមុនដល់ទៅ 59% ឯណោះ ដែលជួយឲ្យវាអាចកាត់បន្ថយកម្តៅបានប្រសើរជាងមុនខ្ទង់ 29% ទៀតផង។ 

សម្រាប់កាមេរ៉ាវិញ នៅផ្នែកខាងមុខមួយគ្រាប់ មានទំហំ 16MP ខណៈខាងក្រោយ 3 គ្រាប់នោះ គឺមានលេនគោលទំហំ 50MP ជាសេនស័រ Sony IMX766 មាន OIS ហើយសម្រាប់លេនទី 2 គឺជាសេនស័រទូលាយ Ultrawide ទំហំ 16MP អាចថតប្លង់ទូលាយបាន 123 ដឺក្រេ និងចុងក្រោយនោះ គ្រាន់តែជាលេន Macro ទំហំ 2MP ហ្នឹងឯង។

ចំពោះថាមពលថ្ម OnePlus 9RT មានភ្ជាប់មកទំហំ 4,500mAh ជាមួយនឹងមុខងារសាកថ្មល្បឿនលឿនដល់ទៅ 65W ទៀតផង ប៉ុន្តែចំណុចសំខាន់មួយ ដែលអ្នកត្រូវដឹងគឺថា រន្ធ USB-C នៅលើទូរសព្ទនេះ គ្រាន់តែជា USB 2.0 ប៉ុណ្ណោះ ដូច្នេះហើយសម្រាប់ការប្រើលើការផ្ទេរទិន្នន័យផ្សេងៗ គឺនឹងមិនរហ័សដូច USB 3.0 ឡើងទៅនោះទេ។

ចំណុចសំខាន់ផ្សេងៗទៀត ដែលទូរសព្ទខាងលើបំពាក់មកមានដូចជា គាំទ្រ 5G, មាន Stereo Speaker គាំទ្រ Dolby Atmos ក៏ដូចជាមាន Bluetooth 5.2 និង NFC ជាដើម។ OnePlus 9RT មានជម្រើស 3 ពណ៌គឺ ទឹកប្រាក់ ខ្មៅ និងពណ៌បៃតងស្រាល ហើយសម្រាប់តម្លៃវិញ គឺនឹងត្រូវដាក់លក់ចាប់ពីជាង ២ លាន ៤ ម៉ឺនរៀល ឬ 510 ដុល្លារឡើងទៅ សម្រាប់ទីផ្សារចិន។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង