Lexus LX 600 ថ្មី មានការឌីហ្សាញរូបរាងប្លែកពីមុន ជាមួយនឹងការប្រើប្រាស់គ្រឿងក្នុងកាន់តែទំនើប
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ទីបំផុត Lexus បានបញ្ចេញរថយន្ត SUV ត្រកូល LX ជំនាន់ថ្មីរបស់ខ្លួនមកហើយ បន្ទាប់ពីនៅជាប់គាំងជាមួយ Lexus LX ជំនាន់ទី 3 អស់រយៈខ្ទង់ 14 ឆ្នាំកន្លងមកលើទីផ្សារ ដូច្នេះពេលនេះដល់ពេលដែលម៉ូឌែលថ្មី ចូលមកជំនួសដំណែងម្ដងហើយ។ រថយន្តម៉ូឌែលថ្មីនោះគឺជា Lexus LX 600 នេះឯង ដែលវាទទួលបានការឌីហ្សាញរូបរាងថ្មី ព្រមទាំងបានប្រើប្រាស់ម៉ាស៊ីន ក៏ដូចជាប្រព័ន្ធផ្សេងៗមួយចំនួនទៀតថ្មីដូចគ្នា។

សម្រាប់ការឌីហ្សាញ ដូចបានឃើញក្នុងរូបភាពអញ្ចឹង មិនថាចង្កៀងមុខ ឬចង្កៀងក្រោយ ក៏ដូចជាស្ទីលម៉ូតផ្សេងៗនោះទេ LX 600 លើកនេះ គឺចេញមកថ្មីស្ទើរទាំងស្រុងតែម្ដង ប៉ុន្តែយ៉ាងណាវានៅតែរក្សាព្រលឹងរបស់ត្រកូល LX មុនៗដដែល ដែលធ្វើឲ្យមើលទៅ គឺអាចចំណាំបានតែម្ដង ជាក់ស្ដែងដូចជាការនៅបន្តឌីហ្សាញ Grille ស្រូបខ្យល់ស្អំម៉ាស៊ីនទំហំយ៉ាងធំ នៅខាងមុខនោះជាដើម។ ទន្ទឹមគ្នានេះដែរ យើងក៏ឃើញ Lexus បានលេងស្ទីល Chrome ជាច្រើនកន្លែងដែរ ដែលរួមមានទាំងកាងក្រោមខាងមុខ, អមជុំវិញកញ្ចក់ទ្វា, នៅលើ Grille ក៏ដូចជានៅខាងក្រោយជាដើម។ 

នៅខាងក្នុងរថយន្តវិញ ក៏ត្រូវបានកែប្រែឲ្យមើលទៅប្រណីតជាងមុន ជាពិសេសលើកនេះ Lexus បានបំពាក់អេក្រង់ Touchscreen មកឲ្យដល់ទៅ 2 នៅចំកណ្ដាល ដែលក្នុងនោះអេក្រង់ខាងលើមានទំហំ 12.3 អ៊ីញ សម្រាប់ធ្វើការបង្ហាញជូនអ្នកប្រើប្រាស់នូវ Navigation, Audio Control ក៏ដូចជាការបង្ហាញព័ត៌មានលម្អិត ទាក់ទងនឹងផ្នែក Off-Road នៃប្រព័ន្ធ Multi-Terrain Monitor ផងដែរ។

អេក្រង់នៅខាងក្រោមមួយទៀតនោះ មានទំហំ 7 អ៊ីញ គឺនឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវកន្លែងសម្រាប់កំណត់ម៉ាស៊ីនត្រជាក់ និងមុខងារសំខាន់ៗជាច្រើនទៀត។ សម្រាប់ភាពប្រណីតដល់អ្នកប្រើប្រាស់នោះ ពេលនេះ Lexus ក៏បានធ្វើឲ្យកៅអីផ្នែកខាងក្រោយ អាចធ្វើការកែប្រែនូវមុំលំងាកបានដល់ទៅ 48 ដឺក្រេទៀតផង ដែលជួយអ្នកអង្គុយកាន់តែមានផាសុខភាពថែមទៀត។ កៅអ្នកដំណើរខាងមុខ ក៏អាចធ្វើការបត់ចុះក្រោមបានដែរ ដើម្បីផ្តល់ឲ្យអ្នកអង្គុយខាងក្រោយបានទូលាយជាងមុន ហើយថែមទាំងមានកន្លែងសម្រាប់ដាក់សម្រាកជើង ចេញពីផ្នែកខាងក្រោយ នៃកៅអីជួរមុខទៀតផង។

សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ លើកនេះម៉ាស៊ីន 5.7 អ៊ីញ V8 លែងមានទៀតហើយ ដោយជំនួសមកវិញនូវម៉ាស៊ីនចំណុះ 3.5L V6 Twin Turbo ដូចគ្នានឹង Land Cruiser ថ្មីដែរ។ ម៉ាស៊ីននេះអាចបង្កើតកម្លាំងបានសរុបដល់ 409hp ជាមួយកម្លាំងបង្វិល 479 lb-ft (Pound-feet Of Torque) ព្រមទាំងទទួលបានប្រអប់លេខ 10 វគ្គអូតូថ្មី ជំនួសឲ្យ 8 វគ្គកាលពីជំនាន់មុនវិញ។ សម្រាប់មុខងារ Off-Road សំខាន់ៗដែល Lexus បានបញ្ជាក់ប្រាប់នោះ គឺ LX 600 ថ្មីនេះ មានដាក់បញ្ចូលមកដូចជា មុខជំនួយដល់ការចុះចំណោទ ព្រមទាំងមុខងារសម្រាប់កែតម្រូវកម្ពស់ ដែល Lexus ហៅថា Active Height Control នោះ ក៏ទទួលបានជម្រើសកម្ពស់ច្រើនកម្រិតជាងមុនដែរ។

សម្រាប់តម្លៃ Lexus មិនទាន់ប្រាប់ឲ្យដឹងនោះទេ ប៉ុន្តែរថយន្តនេះនឹងមាននៅតាមហាងចែកចាយរបស់ Lexus ក្នុងសហរដ្ឋអាមេរិកចាប់ពីត្រីមាសទី 1 ឆ្នាំ 2022 ខាងមុខនេះទៅ។

ប្រភព ៖ Motor1
អត្ថបទទាក់ទង