Black Shark 4S Pro ចេញផ្លូវការ ប្រើឈីបកំពូល Snapdragon 888+ អេក្រង់ AMOLED 144Hz និងកម្លាំងសាកថ្ម 120W
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីដើមឆ្នាំ យើងបានឃើញវត្តមាន Black Shark 4 Series ចេញផ្លូវការរួចហើយ ដែលទទួលបានការឌីហ្សាញរូបរាងថ្មីច្រើន ធៀបនឹងជំនាន់មុន ហើយក៏ទទួលបានការតម្លើងមកប្រើផ្នែក Hardware កំពូលថ្មីៗដែរ។ ដោយឡែកក្នុងថ្ងៃនេះ Black Shark នាំយកម៉ូឌែល S ចូលមកក្នុងត្រកូលទូរសព្ទឆ្លាត Black Shark 4 របស់ខ្លួនបន្ថែមទៀត ដោយមានចំនួនពីរម៉ូឌែលគឺ Black Shark 4S និង 4S Pro។

សម្រាប់ការឌីហ្សាញរូបរាង ឃើញថា Black Shark បានច្នៃឲ្យជំនាន់ថ្មី 4S និង 4S Pro ខុសពីមុនប្លែកគួរសម ប៉ុន្តែយ៉ាងណាភាពខុសគ្នានោះ គឺសំដៅលើការគូសម៉ូតឆ្នូតផ្សេងៗប៉ុណ្ណោះ ព្រោះទម្រង់កាមេរ៉ា នៅតែជារាងផ្ដេកទទឹងតួខ្លួនដូចមុនអញ្ចឹង។ ម៉ូឌែល Black Shark 4S មានការឌីហ្សាញឆ្នូតខុសពីម៉ូឌែល Pro ដែលអាចឲ្យយើងងាយកត់សម្គាល់ដឹងតែម្ដង ជាក់ស្ដែងម៉ូឌែលធម្មតា មានស្ទីលឆ្នូតរាងសាមញ្ញជាង ខណៈម៉ូឌែល Pro វិញ វាមើលទៅរាងសាំញ៉ាំបន្តិច ប៉ុន្តែសម្រាប់ Gamer គឺអាចនឹងចូលចិត្តស្ទីលនេះ។

សម្រាប់អេក្រង់ ទាំងពីរម៉ូឌែលគឺទទួលបានអេក្រង់ទំហំ 6.67 អ៊ីញ ប្រភេទ AMOLED មានកម្រិតបង្ហាញ FHD+ គាំទ្រការបង្ហាញទឹកពណ៌ DCI-P3 100% កម្រិតពន្លឺឡើងខ្ពស់ 1300nit ល្បឿន Refresh Rate 144Hz ក៏ដូចជាមានល្បឿនប៉ះសម្គាល់ដល់ទៅ 720Hz ដូចកាលពីនៅលើ Black Shark 4 Series ដើមឆ្នាំអញ្ចឹងដែរ។

សម្រាប់កម្លាំងម៉ាស៊ីនវិញ ពួកវាទាំងពីរប្រើប្រាស់ឈីបខុសគ្នា ជាក់ស្ដែងម៉ូឌែលធម្មតាប្រើ Snapdragon 870 ខណៈម៉ូឌែល Pro ឡើងទៅដល់ Snapdragon 888+ តែម្ដង។ ទោះជាយ៉ាងណាទាំងពីរម៉ូឌែល គឺមានប្រើប្រាស់រ៉េមប្រភេទ LPDDR5 ជាមួយនឹងអង្គផ្ទុកទិន្នន័យប្រភេទ UFS 3.1 បូកជាមួយបច្ចេកវិទ្យា SSD ថែមទៀតផង ធ្វើឲ្យវាជាទូរសព្ទមានល្បឿន Read និង Write លឿនជាងគេបំផុតហើយក្នុងពេលនេះ។

សម្រាប់កាមេរ៉ាវិញ មិនខុសគ្នាទេ ទាំងពីរម៉ូឌែលសុទ្ធតែប្រើប្រាស់កាមេរ៉ាមុខទំហំ 20MP ជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ ដែលមានលេន Ultrawide ទំហំ 8MP និងលេន Macro 5MP ដូចគ្នា ខណៈពេលលេនគោលវិញ ម៉ូឌែល Pro បំពាក់ដល់សេនស័រ 64MP ខណៈម៉ូឌែលធម្មតាប្រើប្រាស់ទំហំ 48MP។

ចំពោះថាមពលថ្មក៏មិនទទួលបានកែប្រែដែរ ជាក់ស្ដែង Black Shark 4S Series បំពាក់មកទំហំ 4,500 mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 120W តែម្ដង ហើយកាន់តែពិសេស ដុំសាក ដែលត្រូវគ្នានឹងកម្លាំងដ៏ខ្ពស់នេះ ក៏មានភ្ជាប់មកស្រាប់ក្នុងប្រអប់ដែរ។ 

ចំណុចសំខាន់មួយទៀត ដែល Black Shark អះអាងថា បានបង្កើននោះ គឺទៅលើប្រព័ន្ធបន្សាបកម្តៅ ដោយលើកនេះគេបញ្ជាក់ថា វាអាចធ្វើការបានកាន់តែប្រសើរជាងមុន និងជួយឲ្យកម្លាំងម៉ាស៊ីនអាចរត់បានខ្ពស់ថេរ ក្នុងរយៈពេលយូរ។ ក្រៅពីនេះទៀត ទូរសព្ទឆ្លាតខាងលើ ក៏នៅតែអាចគាំទ្រ 5G បាន, មាន Speaker Stereo ក៏ដូចជាសេនស័រស្កេនស្នាមម្រាមដៃ នៅខាងកៀនតួខ្លួនជាដើម។

ចូលដល់តម្លៃ នៅក្នុងពេលនេះ Black Shark បានប្រកាសប្រាប់រួចហើយ ប៉ុន្តែសម្រាប់ទីផ្សារចិនប៉ុណ្ណោះ ជាក់ស្ដែងម៉ូឌែលធម្មតាមានតម្លៃចាប់ពីខ្ទង់ ១ លាន ៦៨ ម៉ឹនរៀល ឬ 420 ដុល្លារឡើងទៅ (8GB + 128GB) ខណៈម៉ូឌែល Pro វិញ មានតម្លៃចាប់ពី ២ លាន ៩៨ ម៉ឺនរៀល ឬ 745 ដុល្លារឡើង (12GB + 256GB)។ ក្រៅពីនេះ ក៏នៅមានម៉ូឌែល Black Shark 4S Gundam Limited Edition មួយទៀតដែរ ត្រូវបានដាក់លក់ខ្ទង់ ២ លាន ១៧ ម៉ឹនរៀល ឬ 543 ដុល្លារ។

ប្រភព ៖ Gizmochina
អត្ថបទទាក់ទង