ដោយសារខ្វះឈីប Apple គ្រោងនឹងកាត់ចំនួនផលិត iPhone 13 ខ្ទង់ 10 លានគ្រឿងចេញវិញ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

បញ្ហាខ្វះខាតឈីបប្រើប្រាស់ នៅមិនទាន់ទៅណាឆ្ងាយចេញពីវិស័យបច្ចេកវិទ្យាទេ ជាក់ស្ដែងកន្លងទៅធ្លាប់បានដឹងថា បញ្ហានេះប៉ះពាល់ដល់ Apple តិចជាងគេ ព្រោះថាក្រុមហ៊ុនផ្គត់ផ្គង់ភាគច្រើនសម្រេចយក Apple ជាដៃគូរសហការគោលតែម្ដង។ បើទោះជាប៉ះពាល់តិចជាងគេក៏ដោយ ប៉ុន្តែពេលនេះមានដំណឹងថា កង្វះខាតឈីបនោះ កំពុងតែជះឥទ្ធិពលលើការផលិត iPhone 13 Series។

យោងតាមរបាយការណ៍ថ្មីចេញពី Bloomberg គឺ Apple បានរំពឹងថា នឹងកាត់ចំនួននៃការផលិត iPhone 13 Series ប្រមាណជាខ្ទង់ 10 លានគ្រឿង ចេញពីគម្រោងដើមរបស់គេវិញ ដោយសារតែបញ្ហាខ្វះឈីប ដូចបញ្ជាក់ពីខាងដើមអញ្ចឹង។ នៅក្នុងរយៈពេល 3 ខែចុងក្រោយនៃឆ្នាំ 2021 នេះ ដំបូងឡើយមានដំណឹងថា Apple មានគម្រោងក្នុងការផលិត iPhone 13 Series ឲ្យបានខ្ទង់ 90 លានគ្រឿងឯណោះ ប៉ុន្តែយ៉ាងណា ថ្មីៗនេះក្រុមហ៊ុនសហការផលិតរបស់គេ បានប្រាប់ជាដំណឹងតបវិញថា ចំនួនផលិតសរុប នឹងទាបជាងការគ្រោងទុកនោះ ដោយសារតែក្រុមហ៊ុនសហការផ្សេងទៀតដូចជា Broardcom និង Texas Instruments មិនអាចដឹកជញ្ជូនគ្រឿងបង្គុំ បានតាមការកុម្ម៉ង់របស់គេនោះទេ។

ដូច្នេះហើយមានន័យថា ចំនួនដែល Apple អាចផលិតបានសរុបក្នុងឆ្នាំនេះ គឺនឹងទាបជាងគម្រោងដើមរបស់គេខ្ទង់ 10 លានគ្រឿង បើទោះជាមានតម្រូវការច្រើនពីអតិថិជនក៏ដោយ ព្រោះចំណុចសំខាន់គឺថា គេមិនមានគ្រឿងបង្គុំគ្រប់គ្រាន់ ឬក៏ឈីបជាដើមនោះ ដើម្បីយកទៅបំពាក់លើ iPhone 13 Series ឡើយ។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង