Apple អាចប្រើប្រាស់អេក្រង់ Mini-LED 120Hz នៅលើ MacBook Pro ជំនាន់ថ្មីពិតមែន
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

យើងបានដឹងរួចមកហើយថា Apple នឹងបើកព្រឹត្តិការណ៍មួយទៀត នៅថ្ងៃទី 18 ខែតុលាឆាប់ៗខាងមុខនេះ ហើយក្នុងព្រឹត្តិការណ៍នោះ គឺមានសង្ឃឹមខ្ពស់ថា នឹងមានវត្តមាន MacBook Pro ជំនាន់ថ្មីមកតែម្ដង។ យ៉ាងណាក៏ដោយ មុននឹងការប្រកាសចេញនោះមកដល់ យើងមកមើលបន្ថែមពីលក្ខណៈពិសេសមួយចំនួនទៀតរបស់ MacBook Pro ជាមុនសិន។

មិនខុសទេ យោងតាមការបង្ហាញចេញពីសំណាក់លោក Ross Young ដែលជាប្រធានស្ថាប័ណស្រាវជ្រាវផ្នែកបន្ទះអេក្រង់នោះ គាត់បានរកឃើញ និងបង្ហាញលើបណ្ដាញសង្គម Twitter ថា MacBook Pro ជំនាន់ថ្មី ទាំងម៉ូឌែលទំហំ 14 អ៊ីញ និង 16 អ៊ីញ គឺទំនងជានឹងទទួលបានអេក្រង់ប្រភេទ Mini-LED ដូចនៅលើ iPad Pro 12.9 អញ្ចឹងដែរ ហើយកាន់តែពិសេសនោះ វាជាអេក្រង់ដែលមានកម្រិត Refresh Rate ដល់ 120Hz ដែល Apple ហៅថា ProMotion ហ្នឹងឯង។

គួរបញ្ជាក់ថា ព័ត៌មានកន្លងមក ដែលត្រូវបានចែករំលែកដោយលោក Ross Young គឺតែងតែត្រូវដូចផលិតផលពិតចេញមកអញ្ចឹង ហេតុនេះហើយបានជាការបង្ហាញរបស់គាត់លើកនេះ គឺធ្វើឲ្យយើងអាចរំពឹងខ្ពស់បានថា MacBook Pro M1X ថ្មី ទំនងជានឹងទទួលបានអេក្រង់ Mini-LED 120Hz មែន។

យោងតាមព័ត៌មាន ដែលយើងទទួលបានថ្មីៗនេះដែរគឺ MacBook Pro ជំនាន់ក្រោយ អាចនឹងមានជម្រើសរ៉េមចាប់ផ្តើមឡើងពី 16GB ទៅតែម្ដង ជាមួយគ្នានឹងអង្គផ្ទុកចាប់ពី 512GB ឡើងទៅ ហើយលើកនេះ Apple អាចនឹងតម្លើងទៅប្រើប្រាស់ Webcam កម្រិត 1080p ទៀតផង។ សម្រាប់ឈីប M1 វិញ គឺមានដំណឹងបង្ហាញជាក់លាក់ជាមុន  ដោយបានឲ្យដឹងថា ទាំងម៉ូឌែល 14 អ៊ីញ និង 16 អ៊ីញ អាចនឹងទទួលបានជម្រើសជាមួយ 10-Core CPU ដូចៗគ្នា។ ការត្រលប់មកវិញនូវរន្ធសាកថ្ម MagSafe ក៏កាន់តែច្បាស់ជាងមុនដែរ ហើយចំណុចពិសេសចុងក្រោយមួយទៀត គឺម៉ូឌែលតូច ឬម៉ូឌែលអេក្រង់ធំ អាចនឹងត្រូវបាន Apple ដាក់លក់ក្នុងតម្លៃប្រហាក់ប្រហែលគ្នា មានន័យថា គម្លាតតម្លៃអាចនឹងមិនខុសគ្នាច្រើនទេ។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង