Apple នឹងបើកព្រឹត្តិការណ៍ថ្មីមួយទៀត នៅថ្ងៃទី 18 ខែតុលាខាងមុខនេះតែម្ដង
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

បន្ទាប់ពីមានដំណឹងលេចធ្លាយជាច្រើនលើកច្រើនសារ ទាក់ទងនឹងគម្រោងក្នុងការប្រកាសចេញ MacBook Pro ជំនាន់ថ្មី ដែលអាចទទួលបានការផ្លាស់ប្តូរច្រើន ក្នុងប្រវត្តិសាស្ត្រ Apple នោះ ពេលនេះក្រុមហ៊ុនអាមេរិក បានបញ្ចេញពីពេលវេលាពិតប្រាកដ ក្នុងការបើកព្រឹត្តិការណ៍ថ្មីរបស់គេហើយ ដែលជាព្រឹត្តិការណ៍មួយ ត្រូវបានមនុស្សជាច្រើនទន្ទឹងរង់ចាំជាយូរមកហើយ។

ព្រឹត្តិការណ៍របស់ Apple ថ្មីនោះ នឹងធ្វើឡើងនៅក្នុងថ្ងៃទី 18 ខែតុលានេះ ដែលឃើញថា រាងខុសពីទម្លាប់របស់ក្រុមហ៊ុនគេបន្តិចហើយ ព្រោះថាព្រឹត្តិការណ៍លើកនេះ ធ្វើក្នុងថ្ងៃច័ន្ទ មិនមែនថ្ងៃអង្គារដូចរាល់ដងឡើយ។ យ៉ាងសម្រាប់ពេលវេលា ដែលព្រឹត្តិការណ៍ថ្មីរបស់គេ នឹងចាប់ផ្តើម គឺឈានចូលដល់ថ្ងៃអង្គារហើយ សម្រាប់ក្នុងប្រទេសយើង ជាក់ស្ដែងនៅស្រុកគេគឺចាប់ពីម៉ោង 10 ព្រឹកថ្ងៃ 18 ទៅ រីឯស្រុកយើងគឺត្រូវនឹងម៉ោង 12 យប់ថ្ងៃទី 18 ឈានចូលទី 19 ហើយ។

នៅក្នុងព្រឹត្តិការណ៍នេះ មានភាគរយខ្ពស់តែម្ដងថា Apple នឹងប្រកាសចេញ MacBook Pro ជំនាន់ថ្មី ហើយជាក់ស្ដែងបើមើលតាម Poster តំណាងព្រឹត្តិការណ៍ ដែល Apple បានបង្ហាញនោះ គឺផលិតផលថ្មីរបស់គេ អាចនឹងផ្តោតលើល្បឿន ក៏ដូចជាអេក្រង់តែម្ដង។

យោងតាមព័ត៌មានកន្លងមក MacBook Pro ជំនាន់ថ្មី អាចនឹងមានចំនួនពីរម៉ូឌែលគឺ 14 អ៊ីញ និង 16 អ៊ីញ ហើយវាអាចនឹងត្រូវបានគេបំពាក់ឈីបថ្មី M1X តែម្ដង ដែលទំនងជានឹងមានសមត្ថភាពប្រសើរជាង M1 ទៅទៀត ហើយសម្រាប់ផ្នែកអេក្រង់វិញ មានដំណឹងមកថា Apple អាចប្រើប្រភេទ MiniLED នៅលើនោះ ដូចលើ iPad Pro 12.9 អ៊ីញដែរ។

ក្រៅពី MacBook Pro ថ្មី Apple ក៏អាចប្រកាសចេញកាសឥតខ្សែថ្មីរបស់គេមកដូចគ្នា នោះគឺ AirPods ជំនាន់ទី 3 នេះឯង ដែលវាអាចនឹងមានរូបរាងស្រដៀង AirPods Pro ដែរ ប៉ុន្តែទំនងជាមិនមានជ័រទ្រាប់ត្រចៀក និងមុខងារទប់សម្លេងរំខានទេ។

ប្រភព ៖ Apple
អត្ថបទទាក់ទង