បុរសម្នាក់ច្នៃដាក់រន្ធ USB-C ទៅជំនួស Lightning លើ iPhone X របស់គាត់បានដោយជោគជ័យ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

រឿងដែល Apple តែងតែបង្ករឲ្យមានការជជែករៀងរាល់ឆ្នាំជាមួយ iPhone ជំនាន់ក្រោយៗរបស់ខ្លួននោះ គឺសំខាន់ជាងគេទាក់ទងនឹងការបន្តប្រើប្រាស់រន្ធ Lightning ដដែលតែម្ដង ដែលយើងបានឃើញ តាំងពីជំនាន់ iPhone 5 មកម្លេះ ហើយពាក្យចចាមអារ៉ាមថា គេអាចនឹងប្តូរទៅប្រើ USB-C វិញនោះ គឺលេចឮរៀងរាល់ឆ្នាំ តែលទ្ធផលចុងក្រោយ ដូចលើ iPhone 13 Series អញ្ចឹង អ្នកទិញនៅតែទទួលបាន Lightning ដដែល។

ជំនួសឲ្យការសម្រេចប្តូរទៅប្រើ USB-C វិញពី Apple ផ្ទាល់ បុរសម្នាក់ដែលជាអ្នកសិក្សាផ្នែកវិស្វករអភិវឌ្ឍ Robot នៅក្នុងប្រទេស Swiss មានឈ្មោះថា Kenni Pillonel គាត់បានធ្វើការកែច្នៃ ដោយយក iPhone X របស់គាត់ ទៅកែដាក់រន្ធ USB-C ជំនួស Lightning វិញ បានដោយជោគជ័យតែម្ដង។ នៅក្នុងវីដេអូខ្លីដែលកាត់បង្ហោះក្នុង YouTube គឺបង្ហាញថា ការកែច្នៃរបស់គាត់នោះ មិនមែនដំណើរការតែលើការសាកថ្មប៉ុណ្ណោះ ប៉ុន្តែវាក៏ដំណើរការលើការផ្ទេរទិន្នន័យផ្សេងៗ តាមរយៈរន្ធ USB-C នោះបានដូចគ្នា ហើយអ្នកទាំងអស់គ្នា អាចមើលដោយខ្លួនឯងបន្ថែមបាន នៅក្នុងវីដេអូខាងក្រោម។

ក្នុងវីដេអូបានបញ្ជាក់ថា គាត់បានផ្លាស់ប្តូរ Apple C94 Connector ចេញ និងបានបង្កើតបន្ទះសៀគ្វី (PCB) ជាមួយរន្ធ USB-C ដោយខ្លួនឯងផ្ទាល់ ដើម្បីអាចធ្វើឲ្យបន្ទះសៀគ្វី ក៏ដូចជារន្ធ USB-C អាចបង្កប់ចូលក្នុងតួខ្លួនរបស់ iPhone X បានធម្មតា។ 

បុគ្គលខាងលើមិនបានបញ្ជាក់ប្រាប់ទេថា គាត់អាចសាកថ្មចូលតាមរន្ធកែច្នៃនោះ បានក្នុងកម្លាំងប៉ុន្មានវ៉ាត់ ហើយតើមានប៉ះពាល់អ្វីដែរទេ ពេលគាត់ធ្វើបែបនោះ។ យ៉ាងណាក៏ដោយ គាត់អះអាងថានឹងបញ្ចេញវីដេអូពេញលេញ ដែលនិយាយពីការកែច្នៃរបស់គាត់នេះ នៅក្នុងពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា លោក Kenni Pillonel ត្រូវចំណាយជាច្រើនខែឯណោះ ទម្រាំទទួលបានជោគជ័យជាមួយការកែច្នៃនោះ ជាក់ស្ដែងនៅក្នុងឆានែល YouTube របស់គាត់ យើងឃើញថា វីដេអូដំបូងនិយាយពីគម្រោងនេះ គឺបានចេញពីកាលពី 5 ខែមុន ដោយពេលនោះ គាត់អាចសាកថ្ម ក៏ដូចជាផ្ទេរទិន្នន័យផ្សេងតាមរយៈរន្ធ USB-C បាន គ្រាន់តែបន្ទះសៀគ្វី និងរន្ធ USB-C គឺនៅខាងក្រៅ iPhone X ប៉ុណ្ណោះ ព្រោះវាមានទំហំធំ ដូច្នេះវាក្លាយជាបញ្ហាមួយ ត្រូវឲ្យគាត់រកដំណោះស្រាយ ដើម្បីអាចដាក់បញ្ចូលចូល ទៅក្នុងតួខ្លួនទូរសព្ទបាន ហើយរហូតមកពេលថ្មីៗនេះ ទើបបានសម្រេច ដូចវីដេអូគាត់ទើបបង្ហាញអញ្ចឹង។

ប្រភព ៖ The Verge
អត្ថបទទាក់ទង