វិញ្ញាបនបត្រ 3C បង្ហាញថា Galaxy S22 Series នៅបន្តគាំទ្រកម្លាំងសាកត្រឹម 25W ដដែល
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ថ្មីនេះ Samsung បានចុះវិញ្ញាបនបត្រ 3C ទាក់ទងនឹងទូរសព្ទឆ្លាតជំនាន់ថ្មីរបស់ខ្លួន នៅក្នុងប្រទេសចិន ដែលត្រូវបានគេរំពឹងខ្ពស់ថាជា Galaxy S22 Series តែម្ដង។ ប៉ុន្តែយ៉ាងណាការចុះវិញ្ញាបនបត្រលើកនេះ គឺទាក់ទងនឹងកម្លាំងសាកថ្មរបស់ទូរសព្ទឆ្លាតខាងលើ ហើយបានបង្ហាញឲ្យឃើញ ពីដំណឹងមិនសូវល្អប៉ុន្មានទេ។

អ្វីដែលដែលវិញ្ញាបនបត្រ 3C បានបង្ហាញគឺបញ្ជាក់ថា Galaxy S22 Series នៅតែបន្តគាំទ្រកម្លាំងសាកថ្មត្រឹម 25W ដដែល ដែលនេះជាដំណឹងមិនសូវសប្បាយចិត្តប៉ុន្មានទេ សម្រាប់អ្នកគាំទ្រ Samsung ព្រោះថាក្រុមហ៊ុនប្រកួតប្រជែង Android ដទៃទៀត មិនមានអ្នកណាជាប់គាំងត្រឹមខ្ទង់ 20W លើទូរសព្ទកំពូលបែបនេះទេ ហើយមានម៉ូឌែលខ្លះឡើងដល់ 125W ទៅហើយ។

ដើម្បីឲ្យកាន់តែច្បាស់គឺថា ម៉ូឌែល Galaxy S22 ដែលទទួលវិញ្ញាបនបត្រ 3C នោះ គឺមានន័យថា ជាម៉ូឌែលដែលនឹងដាក់លក់ក្នុងប្រទេសចិន ដូច្នេះវាជាម៉ូឌែលដែលប្រើឈីប Snapdragon ហ្នឹងឯង ខណៈម៉ូឌែលដែលប្រើឈីប Exynos វិញ យើងមិនប្រាកដថា វានៅតែគាំទ្រកម្លាំងសាកដូចគ្នានោះ ឬអត់ទេ ព្រោះ Samsung មិនចាំបាច់ត្រូវយកវាឆ្លងកាត់វិញ្ញាតបនបត្រ 3C ឡើយ ដោយសារតែ Version នេះ មិនមានលក់ក្នុងប្រទេសចិន។

ការបញ្ជាក់ពីវិញ្ញាបនបត្រខាងលើ អាចបន្ថែមឲ្យដឹងកាន់តែច្បាស់ជាងមុនពី ដំណឹងដែលថា Galaxy S22 Series គាំទ្រកម្លាំង 45W នោះ ទំនងជាមិនអាចទៅរួចទេ។ យ៉ាងណា នៅមានមតិមួយចំនួនលើកឡើងថា អាចមានមួយម៉ូឌែលក្នុងស្រឡាយថ្មី Galaxy S22 Series អាចគាំទ្រកម្លាំងសាកដល់ 45W បាន នោះគឺម៉ូឌែល Galaxy S22 Ultra ដែលប្រើប្រាស់ឈីប Exynos 2200 ជាមួយគ្នានឹង GPU AMD នោះឯង ប៉ុន្តែការបង្ហាញនេះ មិនមានអំណះអំណាងណាមួយបញ្ជាក់ទេ។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង