Sony និង TSMC កំពុងពិចារណាសហការគ្នា បង្កើតរោងចក្រផលិតឈីបក្នុងប្រទេសជប៉ុន
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

សព្វថ្ងៃនេះបញ្ហាខ្វះខាតឈីបប្រើប្រាស់ នៅតែបញ្ហាគោលមួយសម្រាប់វិស័យបច្ចេកវិទ្យា ដូច្នេះហើយបានយើងឃើញថា ផលិតផលផ្សេងៗរបស់ក្រុមហ៊ុនភាគច្រើន ត្រូវបានពន្យាពេលចេញលក់។ និយាយដល់ចំណុចកង្វះឈីបនេះដែរ ថ្មីៗនេះយើងទើបទទួលបានការរាយការណ៍មួយ ទាក់ទងនឹងគម្រោងរបស់ Sony និង TSMC ក្នុងការរួមសហការគ្នាផលិតឈីបទៀតផង។

យោងតាមរបាយការណ៍ថ្មី បានឲ្យដឹងថា នៅក្នុងពេលនេះ Sony និង TSMC កំពុងតែពិចារណាក្នុងការសហការគ្នា ដើម្បីបង្កើតរោងចក្រផលិតឈីបរួមគ្នាមួយ នៅក្នុងប្រទេសជប៉ុនតែម្ដង។ អ្វីដែលពិសេសនោះគឺ រដ្ឋាភិបាលរបស់ជប៉ុនផ្ទាល់ ក៏ត្រូវបានគេរាយការណ៍មកថា មានចំណាប់អារម្មណ៍ក្នុងការចូលបណ្ដាក់ទុននេះដូចគ្នា ថែមទាំងអាចនឹងធ្វើការដាក់ទុនជាមួយ Sony និង TSMC ក្នុងចំនួនទឹកប្រាក់ដល់ទៅខ្ទង់ 7.15 ពាន់ដុល្លារឯណោះ។ 

ទីតាំងនៃរោងចក្រផលិតឈីបនោះ គឺអាចនឹងស្ថិតនៅភាគខាងត្បូងនៃប្រទេសជប៉ុន ហើយគោលដៅឈីបដែលគេនឹងផលិត គឺអាចនឹងត្រូវយកទៅប្រើប្រាស់លើវិស័យយានយន្ត, ឧបករណ៍ចាប់យករូបភាព និងអាចមានបំពាក់ផលិតផលផ្សេងៗជាច្រើនទៀត។

ដូចយើងបានដឹងហើយ TSMC ជាក្រុមហ៊ុនផលិតឈីបឈានមុខគេ នៅក្នុងពិភពលោក ដូច្នេះទើបមានប្រទេសជាច្រើន ចង់ឲ្យក្រុមហ៊ុននេះទៅបង្កើតរោងចក្រក្នុងប្រទេសរបស់ខ្លួន ជាក់ស្ដែងកន្លងទៅនេះ TSMC ផ្ទាល់ ក៏ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ ទៅបើករោងចក្រផលិតឈីបក្នុងប្រទេសជប៉ុនដែរ។ ចំណែកឯ Sony វិញ ប្រាកដណាស់ គេមិនមែនជាក្រុមហ៊ុនផលិតឈីបទេ ប៉ុន្តែគេជាក្រុមហ៊ុនផលិតដ៏ធំមួយ ក្នុងផ្នែកផលិតផលអេឡិចត្រូនិចផ្សេងៗ ជាក់ស្ដែងដូចជា ផ្នែកកាមេរ៉ា ក៏ដូចជាផលិតផលសំខាន់ៗជាច្រើនទៀត។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង