ជារឿងល្អដែរអត់ដែលក្រុមហ៊ុនផលិតទូរសព្ទ Android មួយចំនួនងាកមករកទីផ្សារថេប្លេត?
ដោយ​ ៖ សាន់នី | 1 សប្តាហ៍មុន SHARE

 

ប្រិយមិត្តភាគច្រើន ប្រាកដជាបានដឹងរួចហើយថា ក្រុមហ៊ុនដែលនៅបន្តផលិត និងបញ្ចេញនីវថេប្លេតមិនសូវដែលដាច់ ជារៀងរាល់ឆ្នាំ គឺមានមិនសូវច្រើនទេ ជាក់ស្តែង ដូចជា Apple, Samsung និង Huawei ជាដើម។ គ្រាន់តែថា ប្រជាប្រិយភាពរបស់ Huawei ហាក់មិនសូវទទួលបានពេញនិយមច្រើន ដូចថេប្លេតរបស់ Apple និង Samsung ឡើយ ហើយមូលហេតុចំបងនោះ គឺដោយសារការមិនមានប្រើប្រាស់សេវាកម្មរបស់ Google (Play Store) ហ្នឹងតែម្តង។ 

យ៉ាងណា ការប្រកួតប្រជែង គឺនៅតែបន្តមាន ព្រោះក្រៅពីស្មាតហ្វូន យើងបានសង្គតឃើញថា នៅចុងឆ្នាំ 2021 នេះ ក្រុមហ៊ុនផលិតទូរសព្ទ Android មួយចំនួន បានកំពុងងាកមករកទីផ្សារខាងថេប្លេតដែរ។ តួយ៉ាង បន្ទាប់ពីក្រុមហ៊ុនធំៗរួមមាន Apple, Samsung, Huawei ក៏ដូចជា Lenovo ស្រាប់តែឥលូវ ក្រុមហ៊ុន Xiaomi ក៏បានបញ្ចេញថេប្លេតចូលមកដែរ គឺម៉ូឌែល Mi Pad 5 Series រីឯ OPPO, OnePlus ក៏នឹងបញ្ចេញថេប្លេតដូចគ្នា ហើយជាពិសេសនោះ សូម្បីតែ Nokia ដែលជាក្រុមហ៊ុនល្បីពីមុន និងរាងចំណាស់មួយ តែកំពុងមិនសូវមានប្រជាប្រិយភាពលើវិស័យស្មាតហ្វុនក្នុងពេលបច្ចុប្បន្ន ក៏បានបញ្ចេញថេប្លេតថ្មីរបស់ខ្លួន ជាផ្លូវការដែរ ដោយមានឈ្មោះម៉ូឌែលថា T20។ ដូច្នេះ បើយើងលើកជាសំណួរថា តើវាជារឿងល្អដែរអត់ ដែលក្រុមហ៊ុនផលិតទូរសព្ទ Android មួយចំនួនងាកមករកទីផ្សារថេប្លេត ក្នុងពេលនេះ? ចម្លើយគឺប្រាកដជាល្អ! ចំនុចនេះ ចង់មានន័យថា ការបញ្ចេញថេប្លេតពីក្រុមហ៊ុនផលិតទូរសព្ទ ក្នុងពេលនេះ វានឹងធ្វើឲ្យទីផ្សារកាន់តែរីកធំ ឯការប្រកួតប្រជែង ដើម្បីបង្ហាញពីភាពល្អលើថេប្លេត ក៏នឹងវិវត្តន៍ទៅរកភាពប្រសើរដែរ ចំណែកអ្នកប្រើប្រាស់ នឹងកាន់តែមានជម្រើសច្រើន ក្នុងការគិតពិចារណា ស្វែងរកថេប្លេតដែលខ្លួនពេញចិត្ត ឬប្រេនដែលខ្លួនស្រលាញ់ បានកាន់តែងាយស្រួល។ 

សរុបមក ការវិលត្រឡប់ ក៏ដូចជាការបញ្ចេញថ្មី លើវិស័យថេប្លេត ក្នុងពេលឥលូវ និងថ្ងៃខាងមុខ វានឹងក្លាយរឿងល្អ សម្រាប់អ្នកប្រើប្រាស់ នៅជុំវិញពិភពលោក។ ជាពិសេស តម្លៃនៃថេប្លេត នឹងកាន់តែសមរម្យ ដែលយើងអាចជ្រើសរើសបាន ទៅតាមថវិកា ហើយរឿងល្អមួយវិញទៀត ការប្រកួតប្រជែងបែបនេះ នឹងធ្វើឲ្យថេប្លេត មានតម្លៃកាន់តែទាប ជាមួយលក្ខណៈសម្បត្តិកាន់តែខ្ពស់ ហើយអាចជំនួសការងាររបស់កុំព្យូទ័រ បានខ្លះថែមទៀត។ ចុះសម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរ ទៅលើចំនុចនេះ?

 

ប្រភព ៖ Cambo Report
អត្ថបទទាក់ទង