Toyota Mirai បំបែកកំណត់ត្រាពិភពលោក ដោយចាក់ពេញម្ដងធ្វើដំណើរបានដល់ 1359 km
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ខណៈពេលដែលក្រុមហ៊ុនរថយន្តជាច្រើន កំពុងតែកែប្រែខ្លួនឲ្យក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីវិញ ដើម្បីជៀសវាងពីការបំពុលបរិស្ថាននោះ Toyota កំពុងដើរលើផ្លូវប្លែកពីគេ ដោយបានបញ្ចេញរថយន្តមួយម៉ូឌែល ដែលប្រើប្រាស់អ៊ីដ្រូសែន ជំនួសឥន្ធនៈវិញ ហើយវាក៏អាចជួយកាត់បន្ថយការបំពុលបរិស្ថាន មិនចាញ់រថយន្តអគ្គិសនីពេញលេញប៉ុន្មានទេ។

រថយន្តរបស់ Toyota ម៉ូឌែលនោះ គឺមានឈ្មោះថា Mirai ហើយក្នុងពេលថ្មីៗនេះ វាក្លាយជារថយន្ត ដែលទើបបំបែកកំណត់ត្រាពិភពលោកមួយ ពោលគឺជារថយន្តធ្វើដំណើរបានឆ្ងាយជាងគេ ឡើងដល់ទៅខ្ទង់ 1359 km ឯណោះ មុនពេលត្រូវការចាក់អ៊ីដ្រូសែនបំពេញម្ដងទៀត។ 

រថយន្តប្រភេទនេះត្រូវបានគេហៅថា ជាប្រភេទរថយន្ត Fuel Cell ដែលប្រើប្រាស់ អ៊ីដ្រូសែន ដើម្បីបម្លែងទៅជាថាមពលអគ្គិសនីវិញ ហើយថាមពលនោះ គឺត្រូវយកទៅប្រើប្រាស់ដើម្បីផ្គត់ផ្គង់លើម៉ូទ័រអគ្គិសនីរបស់វា ស្រដៀងគ្នានឹងរថយន្តអគ្គិសនីពេញលេញដែរ ដោយខុសគ្នាត្រង់ថា មួយត្រូវការសាកថ្មឡើងវិញ និងមួយទៀតមិនមានថ្មឲ្យសាកឡើងវិញទេ ដោយជំនួសមកវិញ ដោយការចាក់អ៊ីដ្រូសែនចូល។

សូមបញ្ជាក់ដែរថា ការតេស្តដើម្បីបំបែកកំណត់ត្រានេះដែរ ធ្វើឡើងដោយលោក Wayne Gerdes ដែលជាអ្នកបើកបរផ្ទាល់ ជាមួយគ្នានឹងលោក Bob Winger ដែលជំនួយការបើកបររបស់គាត់។ ពួកគាត់ទាំងពីរនាក់ បានធ្វើដំណើរជាមួយរថយន្ត Toyota Mirai ចំនួន 2 ថ្ងៃរហូតទាល់តែអស់អ៊ីដ្រូសែនពីរថយន្ត ដើម្បីទទួលបានចម្ងាយខ្ទង់ 1359 km នោះ ហើយការចំណាយសរុប គឺវាប្រើប្រាស់អ៊ីដ្រូសែនអស់ 5.65 kg និង 152 MPGe ផងដែរ។

ប្រភព ៖ Motor1
អត្ថបទទាក់ទង