Apple បិទលែងឲ្យអ្នកប្រើប្រាស់ iOS 15.0.1 ទម្លាក់ទៅ iOS ជំនាន់ចាស់ៗទៀតហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

Apple ចាប់ផ្តើមទម្លាក់កំណែអាប់ដេត iOS 15.0.1 មួយទៀត កាលពីថ្ងៃទី 1 តែតុលាកន្លងទៅថ្មីៗនេះ ដែលជាកំណែអាប់ដេតមួយ សម្រាប់ជួសជុលបញ្ហាផ្សេងៗ ធ្លាប់កើតមានឡើងនៅលើ iOS 15 ជាក់ស្ដែងក្នុងនោះរួមបញ្ចូលទាំងបញ្ហា Lock Screen ជាមួយ Apple Watch មិនដំណើរការលើ iPhone 13 Series ជាដើម។

មិនខុសពីទម្លាប់រាល់ដងនោះទេ បន្ទាប់ពីបានបញ្ចេញ iOS 15.0.1 ជាងមួយសប្តាហ៍មក ពេលនេះ Apple បានបិទអ្នកប្រើប្រាស់ iPhone មិនឲ្យទម្លាក់ទៅ iOS 15.0 ដើមបានវិញទេ បើសិនជាអ្នកបានតម្លើងមក iOS 15.0.1 រួចរាល់នោះ។ កាលពីសប្តាហ៍មុន Apple ក៏បានបិទលែងឲ្យអ្នកប្រើទម្លាក់ទៅកាន់ iOS 14.8 ដូចគ្នា ហេតុនេះមានន័យថា ក្នុងពេលបច្ចុប្បន្នមានតែ iOS 15.0.1 មួយប៉ុណ្ណោះ ដែលជា Version អាចឲ្យអ្នកប្រើប្រាស់ iPhone ធ្វើការតម្លើងទៅបាន។ ដូច្នេះហើយ បើអ្នកឡើងមកដល់ iOS 15 ហើយនោះ អ្នកមិនអាចត្រលប់ទៅ iOS 14 បានវិញទេ អ្វីដែលអ្នកអាចធ្វើបាន គឺមានតែតម្លើងបន្តទៅជំនាន់ចុងក្រោយ ឬរង់ចាំមើលកំណែអាប់ដេតថ្មី នាពេលអនាគតខាងមុខទៀត។

សូមបញ្ជាក់ដែរថា នៅក្នុងពេលនេះ Apple កំពុងតែធ្វើការតេស្តលើ iOS 15.1 Beta ហើយ ដែលជា Version មួយត្រូវបានគេដឹងថា នឹងនាំយកមុខងារ SharePlay ត្រលប់មកកាន់ FaceTime វិញ ហើយក៏ជាជំនាន់មួយ ដែល Apple នឹងអាចធ្វើការបើកឲ្យ iPhone 13 Pro និង Pro Max គាំទ្រការថតវីដេអូជាមួយទម្រង់ Format ProRes បាន។ យ៉ាងណាក៏ដោយ មិនទាន់មានដំណឹងទាក់ទងនឹង ពេលវេលាដែល Apple នឹងបញ្ចេញ iOS 15.1 ជាសាធារណៈផ្លូវការនោះទេ។

ប្រភព ៖ 9To5Mac
អត្ថបទទាក់ទង