Grand Theft Auto: The Trilogy ជាហ្គេមថ្មីត្រូវបានកែប្រែឡើងវិញពីការបញ្ចូលគ្នារវាង GTA III, Vice City និង San Andreas
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ Rockstar បានបង្ហាញប្រាប់ជាផ្លូវការថា ពួកគេនឹងធ្វើការកែប្រែឡើងវិញ ទៅលើហ្គេមដែលធ្លាប់មានប្រជាប្រិយភាពច្រើនរបស់ខ្លួនចំនួន 3 នោះគឺ Grand Theft Auto III, Vice City និង San Andreas នេះឯង។ ការកែច្នៃផលិតឡើងវិញនេះ គឺនឹងរួមបញ្ចូលហ្គេមទាំង 3 នេះចូលគ្នា បង្កើតជាហ្គេមថ្មីមួយទៀត ដែលគេហៅថា Grand Theft Auto: The Trilogy - The Definitive Edition។

ខណៈពេលខួប 20 ឆ្នាំរបស់ហ្គេម GTA III ជិតមកដល់ ថ្មីៗនេះ Rockstar បានប្រកាសថា ខ្លួននឹងធ្វើការកែប្រែឡើងវិញនូវហ្គេមនេះ បូករួមជាមួយ 2 Version ទៀត ដូចបានបញ្ជាក់នៅខាងលើ ដើម្បីបញ្ចេញជំនាន់ថ្មីហៅថា Grand Theft Auto: The Trilogy។ ក្នុងនោះគេមិនបានប្រាប់ពីការកែប្រែអ្វីច្រើនឡើយ ដោយគ្រាន់តែអះអាងថា ហ្គេមថ្មីនឹងទទួលបានការកែប្រែលើផ្នែកក្រាហ្វិកឲ្យមើលទៅ មានលក្ខណៈទំនើបជាងមុន ប៉ុន្តែគេនឹងនៅតែរក្សាទម្រង់ ក៏ដូចជាអារម្មណ៍ពេលលេងក្នុងហ្គេមនោះ ឲ្យនៅដូចមុនដដែល។

Grand Theft Auto: The Trilogy - The Definitive Edition នឹងមាននៅលើ PC (តាមរយៈ Rockstar Game Launcher), PlayStation, Xbox ហើយថែមទាំងនៅលើ Nintendo Switch ថែមទៀតផង។ ខណៈពេលនៅលើ iOS និង Android វិញ គឺនឹងមកដល់នៅអំឡុងឆមាសទី 1 ឆ្នាំក្រោយនេះ។

Rockstar នឹងបង្ហាញបន្ថែមទាក់ទងនឹងព័ត៌មានលម្អិតរបស់ហ្គេមថ្មីនោះ នៅក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែមុនពេលនឹងការប្រកាសចេញពេញលេញមកដល់ គេប្រាប់ថានឹងធ្វើការលុប Version ដែលកំពុងតែមាននាពេលបច្ចុប្បន្ននេះ ចេញពី Digital Store ចាប់ផ្តើមពីសប្តាហ៍ក្រោយទៅហើយ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង