តួខ្លួនគំរូរបស់ Galaxy S22 Ultra បង្ហាញថា វាទំនងជាមានរូបរាងកាត់ទៅរកត្រកូល Note មែន
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

សម្រាប់រូបភាព Render ទាក់ទងនឹង Galaxy S22 Ultra នោះ យើងគ្រប់គ្នាបានឃើញរួចមកហើយ ដោយមានមតិមួយចំនួនជឿជាក់ថា Samsung ទំនងជាឌីហ្សាញរូបរាងបែបនោះមែន ខណៈមតិមួយចំនួនទៀត នៅមិនទាន់ជឿជាក់ច្បាស់នៅឡើយទេ។ ដោយឡែកបើក្រឡេកមកមើលតួខ្លួនគំរូ ដែលគេហៅថា Dummy Unit របស់ Galaxy S22 Ultra នាពេលនេះវិញ គឺកាន់តែភាគរយខ្ពស់ថែមទៀតថា Galaxy S22 Ultra អាចមានការរចនារូបរាងដូចរូបភាព Render មែន។

យោងតាមវីដេអូមួយ ដែលត្រូវបានគេបង្ហោះនៅតាម YouTube នោះ គឺបានបង្ហាញពីតួខ្លួនគំរូរបស់ Galaxy S22 Ultra ត្រូវបានបែកធ្លាយ ដែលបង្ហាញឲ្យឃើញថា វាពិតជាមានរូបរាងបែបជ្រុងកាត់ទៅរកត្រកូល Note មែន។ មិនត្រឹមតែប៉ុណ្ណោះបន្ទះលោហៈ ដែលត្រូវបានគេឆ្លាក់ ដើម្បីបង្ហាញពីការឌីហ្សាញគំរូជាមុននោះ ក៏ឃើញថាមានវាមានទម្រង់កាមេរ៉ាក្រោយ ដូចរូបភាព Render កន្លងមកបង្ហាញអញ្ចឹង ដោយគេហៅទម្រង់កាមេរ៉ានោះថា ជារាងអក្សរ P។ 

ជាមួយរូបរាងនេះដែរ ធ្វើឲ្យមានមតិមួយចំនួនរំពឹងថា វានឹងអាចក្លាយជា Galaxy Note 22 Ultra វិញក៏ថាបាន ព្រោះការឌីហ្សាញមួយជុំតួខ្លួន ស្ទើរតែដូចនឹង Galaxy Note 20 Ultra ទៅហើយ ជាក់ស្ដែងសូម្បីតែអេក្រង់កោងគែមសងខាងក៏ដូចគ្នាដែរ ហើយខុសគ្នាតែបន្តិចលើទម្រង់កាមេរ៉ាក្រោយប៉ុណ្ណោះ។

យោងតាមរូបភាព Render ក៏ដូចជាការបង្ហាញបន្ថែមពីដំណឹងលេចធ្លាយនោះ Galaxy S22 Ultra នឹងមានភ្ជាប់មកជាមួយកន្លែងដាក់ប៊ិក S Pen ដូចត្រកូល Note អញ្ចឹង ប៉ុន្តែយ៉ាងណានៅលើតួខ្លួនគំរូ ដែលទើបលេចធ្លាយនេះ មិនឃើញមានបង្ហាញពីរន្ធសម្រាប់ដាក់ប៊ិក S Pen នោះទេ ប៉ុន្តែវាក៏មិនបញ្ជាក់ថា មិនមាននោះដែរ ព្រោះសូម្បីតែកន្លែងសាកថ្ម ក៏មិនឃើញមានចោះរន្ធបង្ហាញដូចគ្នា។

តើប្រិយមិត្តយល់យ៉ាងណាដែរ ជាមួយរូបរាងបែបនេះ?

ប្រភព ៖ GSMArena
អត្ថបទទាក់ទង