បញ្ហា 2 ធ្វើឲ្យកុំព្យូទ័រប្រើ CPU AMD ដំណើរការយឺតជាងមុន បន្ទាប់ពីដំឡើង Windows 11 រួច
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

Microsoft ចាប់ផ្តើមទម្លាក់ Windows 11 ទៅកាន់អ្នកប្រើប្រាស់ជាបណ្តើរៗផ្លូវការ ចាប់តាំងពីថ្ងៃទី 5 ខែតុលាមកម្លេះ ហើយជាធម្មតាសម្រាប់ការកែប្រែថ្មី គឺតែងតែមានបញ្ហាមួយចំនួន កើតឡើងជៀសមិនផុតនោះទេ ដែលទាមទារឲ្យ Microsoft ក៏ដូចជាក្រុមហ៊ុនសហការផ្សេងទៀត ធ្វើការសិក្សាដើម្បីកែតម្រូវ ឬជួសជុលបន្ត។

ជាក់ស្ដែងថ្មីៗនេះ AMD ផ្ទាល់ បានបង្ហាញពីបញ្ហាសំខាន់ៗ 2 នឹងកើតឡើង លើកុំព្យូទ័រដែលប្រើប្រាស់ CPU របស់ខ្លួន បន្ទាប់ពីបានដំឡើងទៅកាន់ Windows 11 រួចរាល់ ហើយបញ្ហាទាំងពីរនេះ គឺសុទ្ធសឹងតែប៉ះពាល់ដល់កម្លាំង CPU ដែលធ្វើឲ្យដំណើរការយឺតជាងមុនទៀតផង។ បញ្ហាទីមួយ គឺនឹងធ្វើឲ្យ CPU Ryzen របស់ AMD ដំណើរការយឺតជាងមុនអាចដល់ទៅ 15% ឯណោះ ហើយបញ្ហានេះគឺបណ្ដាលមកពី Bug មួយក្នុង Windows 11 ដែលនឹងទៅធ្វើការបង្កើនកម្រិត Latency នៃ L3 Catch ចំនួន 3 ដង ជាមូលហេតុធ្វើឲ្យប៉ះពាល់ខ្លាំងដល់កម្មវិធីទាំងឡាយណា ដែលត្រូវការចូលទៅប្រើ RAM ឆាប់រហ័ស។

បញ្ហានេះដដែល គឺធ្វើឲ្យសមត្ថភាព CPU ដំណើរការកម្មវិធីភាគច្រើន យឺតជាងមុនខ្ទង់ 3% ទៅ 5% ប៉ុន្តែបើសិនជាការបើកដំណើរការលើហ្គេមវិញនោះ AMD ប្រាប់ថា CPU នឹងដំណើរការយឺតជាងមុនដល់ទៅ 10 ទៅ 15% ឯណោះ នៅលើ Windows 11។

បញ្ហាទី 2 ត្រូវបាន AMD ពន្យល់ថា ទាក់ទងនឹងផ្នែកមុខងារដែលកំណត់ Core CPU ដើម្បីអនុញ្ញាតឲ្យ System អាចប្រើប្រាស់ Core ដែលមានល្បឿនលឿន ដាច់ដោយឡែកនៅក្នុង Processor បាន។ យ៉ាងណាចំពោះបញ្ហានេះ គេមិនបានបញ្ជាក់ច្បាស់ថា ធ្វើឲ្យ CPU យឺតជាងមុនប៉ុន្មានភាគរយនោះទេ ប៉ុន្តែ AMD បានប្រាប់ថា អ្នកប្រើប្រាស់នឹងកត់សម្គាល់ឃើញ ពីភាពយឺតរបស់វាផ្ទាល់ ជាពិសេសនៅលើ CPU ដែលមានចំនួន 8 Cores និង 65W Thermal Design Power (TDP) ឬខ្ពស់ជាងនេះ ដោយក្នុងនោះរួមមានទាំង CPU ថ្មីៗ ត្រូវបាន AMD ប្រកាសចេញ 2 ឬ 3 ឆ្នាំចុងក្រោយនេះឯង។ 

យ៉ាងណាក៏ដោយ ដំណោះស្រាយបញ្ហាទាំងនេះ គឺមិនសាំញ៉ាំសម្រាប់អ្នកប្រើទេ ព្រោះ AMD បញ្ជាក់ថា ចំពោះបញ្ហាទី 1 ពួកគេបានពិភាក្សាគ្នាជាមួយ Microsoft រួចរាល់ហើយ ដើម្បីឲ្យទម្លាក់កំណែអាប់ដេតជួសជុលតាមរយៈ Windows Update ខណៈបញ្ហាទី 2 គេប្រាប់ថា នឹងជួសជុលឲ្យបានក្នុងខែតុលានេះ ប៉ុន្តែមិនបានប្រាប់ថា ជួសជុលតាមរយៈការអាប់ដេត Windows នោះទេ ដូច្នេះគឺអ្នកប្រើ អាចនឹងត្រូវចូលទៅឆែកមើលក្នុងវេបសាយរបស់ AMD ដើម្បីទាញយក និងតម្លើង Driver ថ្មី ដោយខ្លួនឯងហើយ ពេលដែលគេកែប្រែបញ្ហានោះរួចរាល់។

ប្រភព ៖ Engadget
អត្ថបទទាក់ទង