YouTube រំសាយការផលិតវីដេអូសង្ខេបប្រចាំឆ្នាំ Rewind វិញ បន្ទាប់ពីធ្វើបានខ្ទង់ 10 ឆ្នាំមក
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់បានដឹងហើយ ទាក់ទងនឹងវីដេអូជា Series ដែលហៅថា Rewind របស់ YouTube ផ្ទាល់ ដែលនេះវីដេអូត្រូវបានគេផលិតឡើង ដើម្បីសង្ខេប និងរំឮកឡើងវិញ នូវព្រឹត្តិការណ៍ ក៏ដូចជាវីដេអូល្បីៗប្រចាំឆ្នាំក្នុង YouTube ដែលក្នុងនោះ រួមមានទាំងការចូលរួមថតពីសំណាក់ Creator ល្បីៗជាច្រើនទៀតផង។

Rewind ត្រូវបាន YouTube ចាប់ផ្តើមធ្វើតាំងពីឆ្នាំ 2010 មក ហើយបន្ទាប់ពីធ្វើបានខ្ទង់ 10 ឆ្នាំ ពេលនេះគេបានប្រកាសផ្លូវការថា នឹងរំសាយចោលគម្រោងផលិតវីដេអូនេះវិញហើយ។ វីដេអូ Rewind ចុងក្រោយបំផុតគឺនៅក្នុងឆ្នាំ 2019 ហើយយើងមិនឃើញមាន Rewind 2020 ចេញនោះទេ ដោយសារតែមានបញ្ហាជាមួយមេរោគរាតត្បាត COVID-19។ 

វីដេអូ Rewind ចុងក្រោយពីរ ពោលគឺ Rewind 2018 និង 2019 នោះ ឃើញថា មិនសូវទទួលបានការគាំទ្រពីសំណាក់អ្នកមើលនោះទេ ជាក់ស្ដែងសម្រាប់វីដេអូ Rewind 2018 យើងឃើញថា វាក្លាយជាវីដេអូដែលមានចំនួនចុច Dislike ច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត YouTube ពោលគឺមានដល់ទៅ 19 លាននាក់ឯណោះ ខណៈពេលអ្នកដែលចុច Like វិញ មានត្រឹមតែ 3 លាននាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្សចូលមើលខ្ទង់ 219 លានដង។

ខណៈពេល Rewind 2019 ដែលត្រូវបាន YouTube រំពឹងថា ធ្វើមកដើម្បីកែឲ្យត្រូវតាមចំណូលចិត្តអ្នកមើលវិញ បន្ទាប់ពីត្រូវបានគេខកចិត្ត កាលពីក្នុងឆ្នាំ 2018 នោះ ក៏នៅតែមិនទាន់បានផលល្អដដែល ជាក់ស្ដែងចំនួនអ្នកចុច Dislike ច្រើនជាងអ្នក Like ដល់ទៅជិត 3 ដងទៅហើយ។ 

យ៉ាងណាក៏ដោយ បន្ទាប់ពីខកខានមិនបានធ្វើមួយឆ្នាំ ពោលគឺ Rewind 2020 នោះ YouTube មិនមែនត្រលប់មកធ្វើវាវិញក្នុងឆ្នាំ 2021 នេះឡើយ ផ្ទុយទៅវិញគេប្រកាសរំសាយចោលឈប់ធ្វើតែម្ដង។

ប្រភព ៖ YouTube
អត្ថបទទាក់ទង