វិធីឆែកមើលថាតើកុំព្យូទ័រអាចគាំទ្រ Windows 11 បានពេញលេញ ឬក៏អត់
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ខណៈពេលដែល Microsoft ជិតទម្លាក់ Windows 11 ឲ្យអ្នកប្រើប្រាស់ផ្លូវការហើយនោះ ពេលនេះយើងមកដឹងពីរបៀបឆែកមើលមួយថា តើកុំព្យូទ័ររបស់អ្នកអាចគាំទ្រជាមួយ Windows 11 បានផ្លូវការពេញលេញ ឬអត់ ដើម្បីងាយស្រួលដល់អ្នកទាំងអស់គ្នាក្នុងការសម្រេចចិត្ត តើគួរតែតម្លើង ឬក៏អាប់ដេតទៅកាន់ Windows 11 ឬក៏មិនចាំបាច់។

វិធីក្នុងការតេស្តមើល គឺមិនពិបាកទេ ដោយដំបូងអ្នកទាំងអស់គ្នា ត្រូវធ្វើការទាញយកកម្មវិធីរបស់ Microsoft មួយ ដែលមានឈ្មោះថា PC Health តាមរយៈការចុចត្រង់នេះ បន្ទាប់មកចុចតម្លើងវាក្នុងកុំព្យូទ័ររបស់អ្នកជាមុនសិន។ ក្រោយពីតម្លើងហើយ អ្នកទាំងអស់អ្នកទាំងអស់គ្នា អាចចុចបើកទៅក្នុងកម្មវិធីនោះបាន បន្ទាប់មកគឺនឹងឃើញមានប៊ូតុងមួយមានពាក្យថា Check Now នៅខាងលើ ដូច្នេះអ្នកទាំងអស់គ្នាអាចចុចលើប៊ូតុងនោះបាន។

បន្ទាប់ពីចុចហើយ មិនមានអ្វីសាំញ៉ាំទៀតទេ ព្រោះវានឹងទៅឆែកមើលចំណុចសំខាន់ៗ នៅក្នុងកុំព្យូទ័ររបស់អ្នកថា អាចគាំទ្រជាមួយ Windows 11 ឬអត់ បើសិនជាគាំទ្រ វានឹងបញ្ជាក់ប្រាប់ថា កុំព្យូទ័ររបស់អ្នកគ្រប់គ្រាន់តាមការទាមទាររបស់ Windows 11 និងមានសញ្ញាគ្រីសមួយផងដែរ។ 

យ៉ាងណាបើសិនកុំព្យូទ័រនោះ មិនគាំទ្រទេ វានឹងចេញប្រាប់ថា កុំព្យូទ័ររបស់អ្នកមិនគ្រប់គ្រាន់តាមការទាមទាររបស់ Windows 11 ឡើយ ហើយវានឹងប្រាប់ពីមូលហេតុ ដែលធ្វើឲ្យកុំព្យូទ័រនោះមិនគាំទ្រនៅខាងក្រោម ជាមួយគ្នានឹងតំណរភ្ជាប់ ដែលអាចឲ្យអ្នកចូលទៅមើលលម្អិតបន្ថែមពីបញ្ហានីមួយៗបាន។

សម្រាប់ការបញ្ជាក់ថាមិនគាំទ្រនោះដែរ គឺមានន័យថា កុំព្យូទ័ររបស់អ្នកនឹងមិនទទួលបានកំណែអាប់ដេតពី Microsoft ផ្លូវការឡើយ ប៉ុន្តែបើចង់តម្លើង Windows 11 គឺនៅតែមានវិធី ដែលអាចតម្លើងបានដដែល ពោលគឺតាមរយៈការប្រើប្រាស់ File Windows ដែលបានទាញយក តម្លើងដោយខ្លួនឯងតែម្ដង គ្រាន់តែថានេះមិនមែនជាវិធី Microsoft ណែនាំឲ្យធ្វើទេ ព្រោះវាមិនមានការគាំទ្រផ្លូវការចេញពីក្រុមហ៊ុនគេឡើយ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពអ្នកប្រើ ក៏ដូចជាការខ្វះខាត ឬមិនដំណើរការលើមុខងារមួយចំនួនជាដើម។

អញ្ចឹងហើយអ្នកទាំងអស់គ្នា អាចសាកតេស្តមើលតាមការណែនាំខាងលើបាន ដើម្បីដឹងថាកុំព្យូទ័ររបស់អ្នកនឹងទទួលបាន Windows 11 ពេញលេញផ្លូវការ ឬអត់ ព្រោះថាមិនយូរទៀតទេ ពោលគឺចាប់ផ្តើមពីថ្ងៃ 5 តុលានេះទៅ Microsoft នឹងទម្លាក់កំណែអាប់ដេតទៅកាន់ OS ថ្មីនេះជាផ្លូវការហើយ ថែមទាំងអនុញ្ញាតអ្នកប្រើប្រាស់ Upgrade ដោយមិនគិតថ្លៃនោះទេ។

ប្រភព ៖ Microsoft
អត្ថបទទាក់ទង