មានរបាយការណ៍ថា Samsung គ្រោងផលិត Galaxy S22 Series ត្រឹម 20 លានគ្រឿងប៉ុណ្ណោះ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

Samsung ត្រូវបានគេដឹងថា មានគម្រោងក្នុងការប្រកាសចេញទូរសព្ទឆ្លាត Galaxy S22 Series ថ្មី ក្នុងអំឡុងខែមករាឆ្នាំ 2022 ខាងមុខនេះ ហើយកន្លងយើងក៏ធ្លាប់ទទួលបានដំណឹងដែរថា ក្រុមហ៊ុននេះគ្រោងនឹងផលិតម៉ូឌែល Galaxy S22 ធម្មតាច្រើនជាងគេ នៅក្នុងចំណោមត្រកូលថ្មីនេះទាំងអស់។

ចំណែកឯរបាយការណ៍ ដែលយើងទើបទទួលបានថ្មីៗនេះវិញ បានបញ្ជាក់ជាតួរលេខច្បាស់តែម្ដងថា សម្រាប់វត្តមាន Galaxy S22 Series ខាងមុខនេះ គឺ Samsung មានគម្រោងក្នុងការផលិតសរុបតែ 20 លានគ្រឿងប៉ុណ្ណោះ ឃើញថាតិចជាង Galaxy S21 Series ទៅទៀត ដែលគេផលិតដល់ 30 លានគ្រឿង។ 

នៅក្នុងនោះដែរ ម៉ូឌែល Galaxy S22 ត្រូវបានរំពឹងថា នឹងត្រូវក្រុមហ៊ុននេះផលិតខ្ទង់ 10 លានគ្រឿងតែម្ដង ព្រោះថាកន្លងមក ធ្លាប់មានដំណឹងថា Samsung គ្រោងផលិតម៉ូឌែលនេះ ឲ្យបានដល់ទៅ 50% នៃចំនួន Galaxy S22 Series ទាំងអស់តែម្ដង។

ចំណែកឯម៉ូឌែល Galaxy S22+ ត្រូវបានគេដឹងថា អាចនឹងត្រូវផលិតខ្ទង់ 4 លានគ្រឿង ដែលត្រូវនឹង 20% នៃចំនួនសរុប ហើយសម្រាប់ម៉ូឌែល Ultra វិញ Samsung អាចនឹងផលិតខ្ទង់ 6 លានគ្រឿងប៉ុណ្ណោះ ដែលត្រូវនឹង 30% នៃចំនួនផលិតរបស់ Galaxy S22 Series ទាំងមូល។ 

មូលហេតុនៅពីក្រោយការផលិតបានតិចនេះដែរ មានដំណឹងមកថា គឺដោយសារតែបញ្ហាខ្វះខាតគ្រឿងបង្គុំផ្សេងៗ ក៏ដូចជាការខ្វះខាតឈីប ដើម្បីយកទៅបំពាក់លើទូរសព្ទឆ្លាតរបស់គេនោះតែម្ដង ហើយមួយវិញទៀត ក៏ដោយសារតែឈីបដែល Samsung គ្រោងនឹងប្រើប្រាស់ រួមមាន Exynos 2200 និង Snapdragon 898 នោះ សុទ្ធតែជាឈីបដែលផ្អែកលើបច្ចេកវិទ្យាថ្មី 4nm Process Node តែម្ដង ដូច្នេះធ្វើឲ្យការផលិតឈីបនេះ កាន់តែពិបាកថែមទៀត។

ប្រភព ៖ Phone Arena
អត្ថបទទាក់ទង