MacBook Pro M1X ត្រូវបានរំពឹងខ្ពស់ថា ចេញក្នុងព្រឹត្តិការណ៍ Apple ខែតុលានេះ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

បន្ទាប់ពីមានដំណឹងជាច្រើនលើកច្រើនសារទាក់ទងនឹង MacBook Pro ម៉ូឌែលថ្មីរួចមក ពេលនេះវាកាន់តែកៀកនឹងបញ្ចប់ដំណឹងបែកធ្លាយទាំងនោះហើយ ព្រោះថាថ្មីៗនេះ អ្នកចែករំលែកដំណឹងលេចធ្លាយល្បីឈ្មោះមួយរូប បានបង្ហាញថា Apple មានព្រឹត្តិការណ៍មួយក្នុងខែនេះ ដើម្បីប្រកាសចេញ MacBook Pro ជំនាន់ថ្មីរបស់ខ្លួន។

យោងតាមការបង្ហាញចេញពី Mark Gurman បានឲ្យដឹងថា Apple មានគម្រោងក្នុងការបើកព្រឹត្តិការណ៍មួយនៅក្នុងខែតុលានេះ ហើយនៅក្នុងព្រឹត្តិការណ៍នោះដែរ គឺតួអង្គសំខាន់គឺជាការប្រកាសចេញ MacBook Pro ជំនាន់ថ្មី ក៏ដូចជាកុំព្យូទ័រ Mac ម៉ូឌែលផ្សេងមួយចំនួនទៀត។ មិនខុសពីកន្លងមកនោះទេ MacBook Pro ជំនាន់ថ្មីនោះ អាចនឹងមានពីរម៉ូឌែលគឺទំហំ 14 អ៊ីញ និង 16 អ៊ីញ ហើយសម្រាប់ឈីបដែលវាអាចនឹងប្រើប្រាស់នោះ គឺមានសង្ឃឹមខ្ពស់នឹងត្រូវបានហៅថា M1X នោះឯង ដែលជាម៉ូឌែលត្រូវបានគេបង្កើនសមត្ថភាព ឲ្យកាន់តែខ្លាំងបន្ថែមពីលើឈីប M1 ដែលកំពុងតែត្រូវបាន Apple ប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។

ក្រៅពីការបង្ហើបប្រាប់ថា Apple អាចនឹងប្រកាសចេញ MacBook Pro ក្នុងខែនេះ បុគ្គលខាងលើមិនបានបញ្ជាក់អ្វីច្រើនទៀតនោះទេ ប៉ុន្តែកន្លងទៅគាត់ធ្លាប់ប្រាប់ថា ឈីប M1X នៅលើកុំព្យូទ័រជំនាន់ថ្មី អាចនឹងត្រូវបាន Apple ផ្តល់ជម្រើសច្រើនប្រភេទ ជាក់ស្ដែងដូចជាជម្រើសមានប្រើ CPU Cores ចំនួន 10 Cores (ក្នុងនោះមាន CPU Cores កម្លាំងខ្លាំងចំនួន 8 និង 2 ទៀតជា High-Efficiency Cores) ហើយអាចនៅមានជម្រើសដែលមានដល់ CPU 16 Cores និង 32 Cores ថែមទៀតផង។

ប្រភព ៖ Frontpage Tech
អត្ថបទទាក់ទង