Samsung បានទម្លាក់មុខងារបន្ថែម RAM ទៅឲ្យទូរសព្ទម៉ូឌែលផ្សេងៗទៀតរបស់ខ្លួន
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

កន្លងទៅនេះ អ្នកប្រើប្រាស់ទូរសព្ទឆ្លាតរបស់ Samsung មួយចំនួន បានស្វែងរកឃើញមុខងារថ្មី ដែលហៅថា RAM Plus ក្នុងទូរសព្ទរបស់គេ ជាក់ស្ដែងដូចជានៅលើ Galaxy A52s 5G ថ្មី ទើបត្រូវបានប្រកាសចេញផ្លូវការនោះជាដើម។ នេះជាមុខងារមួយដែលអាចឲ្យអ្នកប្រើប្រាស់ ធ្វើការបន្ថែមចំនួនរ៉េមទៅឲ្យទូរសព្ទបាន តាមរយៈការកាត់យកពីអង្គផ្ទុកមកវិញ ហើយពេលនេះឃើញថា Samsung កំពុងបញ្ចូលវាទៅឲ្យទូរសព្ទឆ្លាតម៉ូឌែលផ្សេងៗទៀតរបស់ខ្លួនដែរ។

ដំបូងឡើយ មានមតិជាច្រើនរំពឹងថា Samsung ទំនងជាដាក់មុខងារ RAM Plus នេះ ឲ្យតែទូរសព្ទឆ្លាតលំដាប់មធ្យម និងបង្គួររបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែពេលនេះមិនពិតទេ ព្រោះក្រុមហ៊ុនកូរ៉េខាងត្បូង ក៏បានទម្លាក់ទៅឲ្យទូរសព្ទលំដាប់កំពូលរបស់ខ្លួនដូចគ្នាដែរ។ មិនខុសទេ ថ្មីៗនេះឃើញថា Galaxy A52 ក៏ទទួលបានមុខងារ RAM Plus នោះដូចគ្នាតាមរយៈកំណែអាប់ដេតមួយ ហើយអ្វីដែលពិសេស គឺថា Galaxy Z Fold3 ដែលមានទំហំ 12GB ស្រាប់ហើយ ក៏ទទួលបានដែរ។

គួរបញ្ជាក់ថា មុខងារ RAM Plus របស់ Samsung នោះ គឺវាជាមុខងារមួយដែលអាចបន្ថែមទំហំរ៉េមបាន 4GB ជាលក្ខណៈ Virtual RAM ទៅឲ្យទូរសព្ទឆ្លាតរបស់ខ្លួន តាមរយៈការកាត់យកទំហំអង្គផ្ទុក 4GB មកវិញ។

ដូច្នេះហើយនៅក្នុងពេលនេះ អ្នកទាំងអស់គ្នាដែលកំពុងប្រើប្រាស់ទូរសព្ទ Samsung ជំនាន់ថ្មីៗ អាចចូលឆែកមើលបាន តាមរយៈការចូលទៅក្នុង Setting -> Battery and Device Care Submenu បន្ទាប់មកចុចលើ Memory។ ក្រោយធ្វើតាមដំណាក់កាលនេះហើយ បើអ្នកឃើញមានមុខងារ RAM Plus នោះមានន័យថា អ្នកទទួលបានហើយ តែបើមិនទាន់ឃើញទេ គឺមានរង់ចាំមើលពេលក្រោយទៀតៗហ្នឹងឯង។

ប្រភព ៖ Sam Mobile
អត្ថបទទាក់ទង