អ្នកវិភាគប្រាប់ថា Apple រំសាយគម្រោងបំពាក់អេក្រង់ OLED លើ iPad Air វិញហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

កន្លងទៅយើងធ្លាប់ទទួលបានដំណឹងថា Apple មានគម្រោងក្នុងបញ្ចេញ iPad Air ម៉ូឌែលថ្មីក្នុងឆ្នាំក្រោយ ជាមួយអេក្រង់ OLED ថែមទៀតផង ប៉ុន្តែនៅក្នុងពេលនេះវិញ មានការរាយការណ៍ថ្មីចេញមកថា Apple សម្រេចរំសាយគម្រោងនោះចេញវិញ ដោយសារតែមានការព្រួយបារម្ភមួយចំនួន។

មិនខុសទេ យោងតាមការបង្ហាញចេញពីអ្នកវិភាគល្បីឈ្មោះ Ming-Chi Kuo បានឲ្យដឹងថា នៅក្នុងពេលនេះ Apple បានសម្រេចរំសាយនូវគម្រោងក្នុងការបំពាក់អេក្រង់ OLED នៅលើ iPad Air ឆ្នាំក្រោយវិញហើយ ក្រោមហេតុផលថា តម្លៃនៃអេក្រង់ប្រភេទនេះខ្ពស់ និងមួយទៀតគឺដោយសារតែ គុណភាពរបស់អេក្រង់ដែលគេគ្រោងយកទៅប្រើប្រាស់នោះ នៅមិនគ្រប់គ្រាន់តាមការគ្រោងទុករបស់ Apple ឡើយ។

នៅសល់ហេតុផលសំខាន់មួយទៀត ដែលត្រូវបានអ្នកវិភាគខាងលើបង្ហាញប្រាប់ដែរ នោះគឺដោយសារតែ Apple បារម្ភថា ការបំពាក់អេក្រង់ OLED នៅលើ iPad Air អាចនឹងប៉ះពាល់ដល់ចំនួនលក់របស់ iPad Pro 11 អ៊ីញ ដែលត្រូវបានគេគ្រោងនឹងបំពាក់អេក្រង់ Mini-LED ឲ្យនៅឆ្នាំក្រោយដែរ ដូច្នេះហើយទើបធ្វើឲ្យគេ សម្រេចប្រើប្រាស់អេក្រង់ LCD លើ iPad Air បន្តទៀត។

ពិតណាស់លើកនេះ លោក Kuo បញ្ជាក់ម្ដងទៀតហើយថា iPad Pro 11 អ៊ីញ នៅឆ្នាំក្រោយ កំពុងស្ថិតគម្រោងបំពាក់អេក្រង់ Mini-LED ដែរ ព្រោះបច្ចុប្បន្នយើងឃើញមានតែនៅលើ iPad Pro 12.9 អ៊ីញមួយប៉ុណ្ណោះ។ បន្ថែមពីនោះដែរ គេបញ្ជាក់ថា iPad Pro ទាំងពីរម៉ូឌែល គឺជាម៉ូឌែលដែល Apple នឹងយកចិត្តទុកសម្រាក់ការលក់បំផុត ក្នុងចំណោមខ្សែស្រឡាយ iPad ទាំងអស់នៅឆ្នាំក្រោយតែម្ដង។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង