Samsung ចាប់ផ្តើមបិទផ្ទាំងពាណិជ្ជកម្ម (Ads) ចេញពីកម្មវិធីដើមរបស់ខ្លួនតាមសន្យាហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

នៅក្នុងការប្រជុំមួយរបស់ Samsung ដែលធ្វើឡើងប្រមាណជាខ្ទង់មួយខែមុន គេបានសន្យាទៅកាន់អ្នកប្រើប្រាស់របស់ខ្លួនថា នឹងធ្វើការបិទផ្ទាំងពាណិជ្ជកម្ម (Ads) ចេញពីកម្មវិធីដើមលើទូរសព្ទ ក៏ដូចជាថេប្លេតរបស់ខ្លួន មិនឲ្យលោតរំខានអ្នកប្រើប្រាស់ទៀតនោះទេ។ 

ចំណែកឯពេលនេះវិញ Samsung បានធ្វើតាមសន្យារបស់ខ្លួនហើយ ដោយបានចាប់ផ្តើមបិទផ្ទាំងពាណិជ្ជកម្ម (Ads) ចេញពីកម្មវិធីដើមចំនួន 4 ជាមុនសិន ដែលរួមមានដូចជា Samsung Pay, Weather, Theme និងកម្មវិធី Heath។ ដូច្នេះហើយ ចាប់ពីពេលនេះទៅអ្នកប្រើប្រាស់កម្មវិធីទាំង 4 នឹងមិនមានឃើញផ្ទាំងពាណិជ្ជកម្ម ក្នុងទម្រង់ជា Banner មករំខានទៀតទេ ហើយការកែប្រែនេះដែរ គឺទទួលបានតាមរយៈការ Update Software ថ្មីដែល Samsung ផ្តល់ឲ្យ។

រយៈពេលដែល Samsung នឹងបញ្ចេញកំណែអាប់ដេត ដើម្បីដកផ្ទាំងពាណិជ្ជកម្ម (Ads) ចេញវិញ គឺអាចនឹងទទួលបានលឿន ឬឆាប់អាស្រ័យតាមតំបន់ប៉ុណ្ណោះ ជាក់ស្ដែងនៅក្នុងពេលនេះ អ្នកប្រើប្រាស់ក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្តើមទទួលបានការកែប្រែថ្មី នឹងលែងឃើញមាន Ads ទៀតហើយ (សម្រាប់កម្មវិធីទាំង 4 ដែលបានរៀបរាប់ខាងលើ)។

អញ្ចឹងហើយ នេះអាចជាដំណាក់ដំបូងប៉ុណ្ណោះ ព្រោះកម្មវិធីដើមដែលបានតម្លើងមកស្រាប់ ក្នុងទូរសព្ទឆ្លាតរបស់ Samsung មិនមែនមានតែ 4 នោះទេ ហើយក៏សង្ឃឹមថា Samsung បញ្ចេញកំណែអាប់ដេត ដើម្បីដកផ្ទាំងពាណិជ្ជកម្ម ចេញពីកម្មវិធីដទៃទៀតរបស់គេ ក្នុងពេលឆាប់ៗខាងមុខនេះទៅចុះ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង