លេចឮថា Apple មានបំណងដាក់បន្ថែមជម្រើសអង្គផ្ទុកដល់ 2TB លើ iPhone 14 ទៀតផង
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

យើងនៅសល់ពេលស្ទើរតែមួយឆ្នាំពេញទៀតឯណោះ ទម្រាំដល់ពេលឃើញ iPhone 14 ជំនាន់ថ្មី ប៉ុន្តែដំណឹងទាក់ទងនឹងម៉ូឌែលនេះ ត្រូវបានលេចធ្លាយតាំងពីមុនចេញ iPhone 13 ទៅទៀត។ ដោយឡែកថ្មីៗនេះ យើងបានឮដំណឹងថ្មីចេញមកទៀតហើយ ដោយលើកនេះ Apple អាចនឹងបង្កើនទំហំផ្ទុកកាន់តែធំជាងមុនទៅឲ្យ iPhone 14 ជំនាន់ថ្មី។

យោងតាមព័ត៌មានបែកធ្លាយចុងក្រោយបង្អស់បានឲ្យដឹងថា Apple អាចនឹងដាក់បន្ថែមជម្រើសអង្គផ្ទុកថ្មីមួយទៀត ដែលមានទំហំដល់ទៅ 2TB ឯណោះ ឲ្យទៅ iPhone 14 ជំនាន់ថ្មី ជាក់ស្ដែងអាចមាននៅលើម៉ូឌែល Pro ហ្នឹងឯង។ កាន់តែពិសេសនោះ Apple ទំនងជានឹងប្រើប្រាស់បច្ចេកវិទ្យាអង្គផ្ទុកថ្មី QLC Flash Storage លើ iPhone ជំនាន់ថ្មីនោះតែម្ដង ដូច្នេះហើយទើបអាចឲ្យគេពង្រីកទំហំឡើងដល់ 2TB ក្នុងតួខ្លួនទូរសព្ទទំហំតូចនេះ។

មិនខុសទេ iPhone ទទួលបានជម្រើសអង្គផ្ទុកដល់ 1TB ជាលើកដំបូងនៅលើម៉ូឌែល iPhone 13 Pro ហើយក្នុងនោះយើងអាចមើលឃើញ ពីហេតុផលនៃការផ្តល់ជម្រើសអង្គផ្ទុកធំនេះបាន ព្រោះជាក់ស្ដែងគឺដោយសារតែ ម៉ូឌែល Pro នឹងទទួលបានមុខងារថតវីដេអូ ProRes នៅចុងឆ្នាំខាងមុខ ដែលវាជា Format វីដេអូមួយ មានគុណភាពខ្ពស់ និងត្រូវការទំហំផ្ទុកធំជាងការថតវីដេអូបែបធម្មតាច្រើន។

សូមរំឮកថា Apple អាចនឹងមានកំណែប្រែច្រើននៅលើ iPhone 14 Series ឆ្នាំក្រោយ ជាក់ស្ដែងគេអាចនឹងផ្លាស់ប្តូរឌីហ្សាញថ្មី ដែលអាចប្រើប្រាស់លេនទំលុះអេក្រង់វិញ ហើយក្រៅពីនេះ វាអាចបំពាក់ជាមួយកាមេរ៉ាកាន់តែប្រសើរជាងមុន ជាពិសេសនៅលើម៉ូឌែល Pro នោះឯង ដូច្នេះហើយបានជា Apple អាចនឹងផ្តល់ជម្រើសអង្គផ្ទុកមកឲ្យដល់ទៅ 2TB ឯណោះ។ 

គួរបញ្ជាក់ថា Apple ទំនងជានឹងលុបបំបាត់ម៉ូឌែល Mini ចោលវិញហើយ ដោយជំនួសមកវិញ នូវម៉ូឌែលថ្មីមួយទៀតអាចនឹងហៅថា iPhone 14 Max ដើម្បីធ្វើឲ្យស្រឡាយទូរសព្ទកំពូលរបស់គេ មានជម្រើសអេក្រង់តែ 2 ទំហំប៉ុណ្ណោះគឺ 6.1 អ៊ីញ និង 6.7 អ៊ីញ ដូច្នេះមានន័យថា ខ្សែស្រឡាយរបស់ iPhone 14 Series អាចនឹងមាន 4 ម៉ូឌែលដដែលពោលគឺ iPhone 14 (6.1 អ៊ីញ), iPhone 14 Max (6.7 អ៊ីញ), iPhone 14 Pro (6.1 អ៊ីញ) និង iPhone 14 Pro Max (6.7 អ៊ីញ) ហ្នឹងឯង។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង