TikTok និង PUBG Mobile ជាកម្មវិធី និងហ្គេមរកចំណូលបានច្រើនជាងគេក្នុងត្រីមាសទី 3
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

អំឡុងពេល 2 ឆ្នាំចុងក្រោយនោះ សង្កេតឃើញថា ការប្រើប្រាស់កម្មវិធីកម្សាន្ត ក៏ដូចជាការលេងហ្គេម មានការកើនឡើងខ្ពស់ ដោយសារតែមានការរាតត្បាតពីមេរោគ COVID-19 ដែលបណ្ដាលមនុស្សជាច្រើន ស្នាក់នៅផ្ទះដើម្បីសុវត្ថិភាព ដូច្នេះហើយទើបធ្វើឲ្យកម្មវិធីកម្សាន្ត ហ្គេម ឬក៏បណ្ដាលសង្គម ជាជម្រើសទីមួយក្នុងការបំបាត់អផ្សុក ពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។ 

ចំណែកក្នុងត្រីមាសទី 3 ដែលកន្លងផុតទៅថ្មីៗនេះវិញដែរ ក្រុមអ្នកសា្រវជ្រាវ និងព្យាករណ៍ SensorTower រកឃើញថា ចំនួនអ្នកប្រើប្រាស់មានការធ្លាក់ចុះបន្តិចវិញ ប៉ុន្តែចំនួនប្រាក់ចំណូលដែលក្រុមហ៊ុនកម្មវិធី និងហ្គេមរកបាននោះ ឃើញគឺមានការកើនឡើងគួរឲ្យកត់សម្គាល់។ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទឆ្លាត នៅក្នុងអំឡុងត្រីមាសទី 3 នេះ ឃើញថាពួកគេបានចំណាយទឹកប្រាប់សរុបចូលគ្នាដល់ទៅ 33.6 ពាន់លានដុល្លារ សម្រាប់កម្មវិធី និងហ្គេមនៅលើ Play Store និង App Store, In-app Purchases និង Subscriptions ផ្សេងៗ ដែលនេះជាកំណើនខ្ពស់ប្រមាណជា 15.1% ឯណោះ ធៀបនឹងឆ្នាំមុន។

បើគិតតែនៅលើ App Store មួយនោះ គឺរកចំណូលបានដល់ទៅ 21.5 ពាន់លានដុល្លារកើនឡើងខ្ទង់ 13.2% ខណៈពេល Play Store វិញ រកចំណូលបានសរុបខ្ទង់ 12.1 ពាន់លានដុល្លារ កើនឡើងបានដល់ 18.6% ធៀបនឹងឆ្នាំមុន។ សម្រាប់កម្មវិធីដែលរកចំណូលបានច្រើនជាងគេទាំងអស់នោះគឺ TikTok នេះឯង ដែលក្នុងនោះវាឈរនៅលេខ 1 ក្នុង App Store ខណៈនៅ Play Store វិញ គឺជាប់ចំណាត់ថ្នាក់លេខ 4។

ខណៈផ្នែកហ្គេមវិញ ឃើញថាអ្នកលេងទាំងអស់សរុបចូលគ្នា គឺបានចំណាយប្រាក់ច្រើនជាងមុនខ្ទង់ 7.7% ដែលធ្វើឲ្យចំណូលចេញពីផ្នែកហ្គេមសរុបទាំងលើ App Store និង Play Store នោះគឺបានខ្ទង់ 22.4 ពាន់លានដុល្លារឯណោះ។ ចំណូលមួយផ្នែកធំបានមកពី Play Store ច្រើនជាងវិញ ពោលគឺខ្ទង់ 13.1 ពាន់លានដុល្លារ ខណៈ App Store វិញ គឺរកចំណូលបានខ្ទង់ 9.3 ពាន់លានដុល្លារ។

សម្រាប់ហ្គេមទទួលបានចំណូលច្រើនជាងគេ គឺប្រាកដណាស់ថា នៅតែជា PUBG Mobile ដដែល ដែលក្នុងនោះហ្គេមនេះ ឈរនៅលេខ 2 ក្នុង App Store នឹងឈរនៅលេខ 7 ក្នុង Play Store។ 

ប្រភព ៖ GSMArena
អត្ថបទទាក់ទង