Sony ទើបប្រកាសចេញកាសក្តោបថ្មី WH-XB910N ជាមួយមុខងារទប់សម្លេងរំខាន និងតម្លៃទាបជាងមុន
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ថ្មីៗមុននេះ Sony ទើបប្រកាសចេញកាសក្តោបថ្មីមួយទៀតជាផ្លូវការ ដែលត្រូវបានគេហៅថា WH-XB910N ដោយបានផ្លាស់ប្តូររូបរាងរបស់វាបន្តិច ធ្វើឲ្យមើលទៅកាន់តែស្រដៀងគ្នានឹងម៉ូឌែលកំពូលរបស់ខ្លួន WH-1000XM4 ថែមទៀត។ យ៉ាងណា WH-XB910N ថ្មីនេះ ក៏នៅតែមានភ្ជាប់មកជាមួយមុខងារសំខាន់ៗជាច្រើន ប៉ុន្តែក៏មានមុខងារខ្លះត្រូវបានដកចេញដែរ ដើម្បីជួយឲ្យតម្លៃទាបជាងមុនបន្តិច។

ឈ្មោះពេញរបស់កាសឥតខ្សែថ្មីខាងលើគឺ WH-XB910N EXTRA BASS Wireless Noise Cancelling Over-The-Ear Headphones ប៉ុន្តែដើម្បីងាយស្រួល យើងហៅតែឈ្មោះខាងមុខរបស់វាប៉ុណ្ណោះ។ មុខងារសំខាន់បំផុត WH-XB910N មានបំពាក់មកនោះ គឺមុខងារទប់សម្លេងរំខានពីខាងក្រៅហ្នឹងឯង ទន្ទឹមគ្នានឹង Microphone ដែលអាចជួយទប់សម្លេងរំខាន, មុខងារ Call ចេញចូល ពេលភ្ជាប់ជាមួយទូរសព្ទ ក៏ដូចជានៅតែមានជំនួយការសម្លេង Amazon Alexa ឬ Google Assistance ភ្ជាប់មកដដែល។

កាសនេះបានបំពាក់មកជាមួយ Drivers ទំហំ 40mm ដែលមានបច្ចេកវិទ្យាជួយធ្វើឲ្យសម្លេងហ្រ្វេកង់ទាប នៅតែស្ថិតក្នុងគុណភាពខ្ពស់ ជាមួយកម្រិត Bass ឲ្យមកបានល្អផងដែរ។ កាសទាំងសងខាង មានភ្ជាប់មកជាមួយ Microphone សម្រាប់តាមដានសម្លេងរំខានដូចគ្នា ដូច្នេះវានឹងធ្វើឲ្យគុណភាពទប់សម្លេងរំខាន់លើ WH-XB910N កាន់តែប្រសើរថែមទៀត។

កាសនេះក៏មានមុខងារ Quick Attention Mode មកដែរ ដែលជាមុខងារមួយអាចធ្វើការបន្ថយសម្លេង និងបិទមុខងារទប់សម្លេងរំខានស្វ័យប្រវត្តិ ពេលអ្នកប្រើប្រាស់យកដៃទៅដាក់ពីកាសផ្នែកខាងស្ដាំ ធ្វើបែបនេះដើម្បីងាយស្រួលដល់អ្នកប្រើ ពេលមានបំណងចង់និយាយទៅកាន់នរណាម្នាក់ ឬដើម្បីស្ដាប់សម្លេងអ្វីមួយពីខាងក្រៅ។ ថាមពលថ្មរបស់វាត្រូវបាន Sony អះអាងថា អាចប្រើប្រាស់បានដល់ 30 ម៉ោង ក្នុងសាកមួយពេញ ជាមួយមុខងារទប់សម្លេងរំខានជាប់ ហើយសម្រាប់ការសាកត្រឹមតែ 10 នាទី វាអាចកំដរអ្នកប្រើបានដល់ទៅ 4.5 ម៉ោងបន្តទៀត។ 

ក្រៅពីនេះ WH-XB910N ក៏មានបច្ចេកវិទ្យា Digital Sound Enhancement Engine (DSEE) ព្រមទាំងអាចឲ្យអ្នកប្រើធ្វើការភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗបានតាមខ្សែ 3.5mm បានដូចគ្នា។ ចំណុចសំខាន់ចុងក្រោយគឺថា វាក៏អាចភ្ជាប់ទៅកាន់ឧបករណ៍ 2 ក្នុងពេលតែមួយបាន ហើយមានជម្រើស 3 ពណ៌គឺ ខ្មៅ ប្រផេះ និងពណ៌ខៀវ។

ក្នុងពេលនេះដែរ Sony បានបើកឲ្យអ្នកដែលមានចំណាប់អារម្មណ៍ កុម្ម៉ង់ទិញទុកមុនហើយ ជាមួយតម្លៃក្នុងទីផ្សារសហរដ្ឋអាមេរិកខ្ទង់ ១ លានរៀល ឬ 250 ដុល្លារ។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង