Ferrari ប្លែកពីក្រុមហ៊ុនរថយន្តដទៃ ដោយគេគ្មានគម្រោងផលិតរថយន្តបើកបរស្វ័យប្រវត្តិឡើយ
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

សព្វថ្ងៃនេះ ទស្សនៈវិស័យរបស់ក្រុមហ៊ុនរថយន្តជាច្រើន សម្រាប់ពេលអនាគតនោះ គឺក្នុងការផលិតរថយន្ត ដែលអាចបើកបរដោយស្វ័យប្រវត្តិពេញលេញបាន ហើយបច្ចុប្បន្នយើងឃើញថា Tesla ជាយីហោមួយកំពុងតែឈានមុខគេលើផ្នែកនេះ ជាក់ស្ដែងគេបានដាក់មុខងារបើកបរស្វ័យប្រវត្តិ ឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់សាកល្បងជាច្រើនឆ្នាំមកហើយ។

បើទោះជាក្រុមហ៊ុនជាច្រើន កំពុងមានទស្សនៈវិស័យស្រដៀងគ្នានឹង Tesla ក៏ដោយ ប៉ុន្តែជាក់ស្ដែងយីហោល្បីមួយ ពោលគឺ Ferrari មិនមានគម្រោងបែបនោះទេ។ ពិតណាស់យោងតាមការបង្ហាញចេញពីសំណាក់ CEO របស់ Ferrari ផ្ទាល់ គឺលោក John Elkann នៅក្នុងកិច្ចសម្ភាសន៍មួយ ក្នុងប្រទេសអ៊ីតាលី ដែលរួមមានទាំងវត្តមានរបស់លោក Elon Musk ជា CEO របស់ Tesla ដែរនោះ គាត់បានបញ្ជាក់ក្នុងន័យថា វាជារឿងក្រៀមក្រំមួយ ដែលត្រូវមានរថយន្ត Ferrari បើកស្វ័យប្រវត្តិ ព្រោះថាខ្លឹមសារនៃការមានរថយន្ត Ferrari គឺដើម្បីឲ្យមនុស្សបើកបរវាដោយផ្ទាល់ហ្នឹងឯង។

ទន្ទឹមគ្នានោះដែរ លោក Elon Musk ក៏បានបញ្ចេញយោបល់យល់ស្របលើការលើកឡើងរបស់ CEO នៃ Ferrari ដូចគ្នា ដោយគាត់និយាយដោយខ្លីតបវិញថា “It’s on the logo.”។

យើងក៏អាចយល់ស្របបានដូចគ្នា ទៅលើអត្ថន័យដែល CEO របស់ Ferrari និងលោក Elon Musk បាននិយាយប្រាប់នោះ ព្រោះដូចបានដឹងហើយ Ferrari ជាយីហោរថយន្តដែលមានកម្លាំងខ្លាំង ល្បឿនលឿន ដូច្នេះអ្នកដែលចង់បានរថយន្តចេញពីម៉ាកមួយនេះ គឺគេប្រាកដជាផ្តោតលើចំណុចសំខាន់ទាំងពីរនេះមិនខាន។ អញ្ចឹងហើយ បើឲ្យវាបើកបរស្វ័យប្រវត្តិដដែលនោះ អ្នកប្រើនឹងមិនទទួលបានអារម្មណ៍នោះឡើយ ហើយនេះក៏មិនត្រូវនឹងខ្លឹមសារពិតប្រាកដនៃយីហោ Ferrari ដែរ។

ប្រភព ៖ Motor1
អត្ថបទទាក់ទង