ទាល់តែត្រីមាសទី 3 ឆ្នាំក្រោយ ទើបរំពឹងថា MacBook Air រូបរាងថ្មី ជាមួយឈីប M2 បង្ហាញខ្លួន
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

សព្វថ្ងៃនេះ MacBook Air ជំនាន់ចុងក្រោយបានបង្ហាញខ្លួនស្ទើរតែមួយឆ្នាំទៅហើយ ពោលគឺម៉ូឌែលដែលប្រើឈីប M1 បានចេញកាលពីអំឡុងខែវិច្ឆិកាឆ្នាំមុន ប៉ុន្តែវានៅតែទទួលបានប្រជាប្រិយភាពច្រើនដដែល គិតមកទល់ពេលនេះ។ យ៉ាងណាក៏ដោយ អ្នកដែលកំពុងរង់ចាំមើលវត្តមាន MacBook Air ជំនាន់ថ្មី អាចនឹងមិនបានឃើញឆាប់ៗនេះទេ ព្រោះថា Apple កំពុងសម្ងំធ្វើកំណែប្រែធំតែម្ដង។

យោងតាមអ្នកវិភាគ Ming-Chi Kuo បានឲ្យដឹងថា MacBook Air ជំនាន់ថ្មី ដែលគ្រោងនឹងប្រើប្រាស់ឈីបថ្មីរបស់ Apple អាចជា M2 នោះ គឺមិនមានគម្រោងចេញក្នុងពេលឆាប់ៗនេះឡើយ ដោយនឹងត្រូវរង់ចាំរហូតទាល់តែក្នុងអំឡុងត្រីមាសទី 3 ឆ្នាំ 2022 ខាងមុខឯណោះ។ នៅក្នុងនោះគាត់បន្ថែមទៀតថា ពេលវេលាដែល Apple នឹងបើកការផលិតទ្រង់ទ្រាយធំ គឺអាចនឹងចាប់ពីចុងត្រីមាសទី 2 ឬដើមត្រីមាសទី 3 ឆ្នាំក្រោយទៅ។

គួរបញ្ជាក់ថា MacBook Air ជំនាន់ថ្មីនោះ ទំនងជានឹងទទួលបានការកែប្រែធំបំផុត បើធៀបនឹងប្រវត្តិ MacBook Air ជំនាន់មុនៗ ជាក់ស្ដែងវាអាចទទួលបានការឌីស្សាញរូបរាងថ្មី ជាមួយជម្រើសពណ៌ថ្មីច្រើនប្រភេទ ព្រមទាំងអាចនឹងទទួលបានឈីបថ្មី កាន់តែខ្លាំងជាងមុនហ្នឹងឯង។

កន្លងទៅនេះ លោក Kuo ក៏ដូចជាអ្នកវិភាគ និងអ្នកចែករំលែកដំណឹងលេចធ្លាយជាច្រើនទៀត ក៏ធ្លាប់បានបង្ហាញទាក់ទងនឹងវត្តមានរបស់ MacBook Pro ជំនាន់ថ្មីដូចគ្នា ពោលគឺគេរំពឹងថា Apple អាចបញ្ចេញពីម៉ូឌែលក្នុងឆ្នាំនេះ ដែលមានម៉ូឌែល 14 អ៊ីញ និង 16 អ៊ីញ ហើយពួកវាសុទ្ធសឹងតែទទួលបានការកែប្រែច្រើន បើធៀបនឹងជំនាន់មុន ជាពិសេសនោះគឺ វាទំនងជានឹងឡើងទៅប្រើប្រាស់ឈីបកំពូល M1X តែម្ដង។ 

ប្រភព ៖ 9To5 Mac
អត្ថបទទាក់ទង