Honor MagicBook 16 Series ថ្មី មានប្រើ CPU AMD ក្រាហ្វិកកាត RTX 30-Series និងអេក្រង់ 144Hz
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ Honor ទើបប្រកាសចេញកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ត្រូវបានគេហៅថា Honor MagicBook 16 និង MagicBook 16 Pro តែម្ដង។ ពួកវាទាំងពីរមានការរចនារូបរាងខាងក្រៅដូចគ្នាទាំងស្រុង ហើយអេក្រង់របស់វាក៏ដូចគ្នាដែរ អ្វីដែលខុសគឺទៅលើតែផ្នែក CPU និង GPU ខាងក្នុងប៉ុណ្ណោះ។

ចំពោះរូបរាងឃើញថា ត្រូវបានគេឌីហ្សាញមកស្ដើងស្លីម មានតួខ្លួនស្រោបដោយលោហៈ ព្រមទាំងមានគែម Bezel ជុំវិញអេក្រង់ខ្លីស្អាតតែម្ដង។ អេក្រង់របស់វាទាំងពីរមានទំហំ 16.1 អ៊ីញដូចគ្នា ជាប្រភេទ IPS LCD មានកម្រិតបង្ហាញ FHD ជាមួយល្បឿន Refresh Rate 144Hz អាចបង្ហាញទឹកពណ៌ប្រភេទ sRGB បានពេញ 100% ក៏ដូចជាកម្រិតពន្លឺឡើងខ្ពស់បំផុតត្រឹម 300 nits។

ចូលដល់កម្លាំងម៉ាស៊ីនវិញ ម៉ូឌែល MagicBook 16 មានជម្រើសចាប់ផ្តើមពី Ryzen 5 5600H របស់ AMD ដល់ Ryzen 7 5800H ខណៈម៉ូឌែល Pro វិញ គឺមានតែ CPU ម៉ូឌែល Ryzen 7 5800H មួយតែម្ដង។ សម្រាប់ក្រាហ្វិកកាត ជាចំណុចខុសគ្នាខ្លាំង ជាក់ស្ដែងម៉ូឌែលធម្មតាមិនមាន GPU ដាច់ដោយឡែកនោះទេ ខណៈម៉ូឌែល Pro វិញ វាមានជម្រើស GTX 1650 ឬអាចឡើងដល់ RTX 3050 របស់ NVIDIA ក៏បាន។

ទំហំរ៉េម និងអង្គផ្ទុកមិនខុសគ្នាទេ ដោយពួកវាមានភ្ជាប់មកនូវរ៉េម 16GB ជាមួយអង្គផ្ទុកទំហំ 512GB ប្រភេទ SSD មកស្រាប់។ ចំណែកចំណុចសំខាន់ៗផ្សេងទៀត ដែលកុំព្យូទ័រយួរដៃខាងលើភ្ជាប់មកនោះមានដូចជា មានប្រើប្រាស់ក្ដារចុច Full-Size, កាមេរ៉ាមួយគ្រាប់អាចចាប់រូបភាពបានក្នុងកម្រិត HD 720p, សេនស័រស្កេនស្នាមម្រាមដៃ, Speaker 2 គ្រាប់ ព្រមទាំង Microphone 2 គ្រាប់ជាដើម។

ទៅលើផតចេញចូលវិញ វាមានភ្ជាប់មកសម្បូរបែបគួរសមដែរ ដែលរួមមាន រន្ធ HDMI ចំនួន 1, USB 3.2 Gen1 Type-A ចំនួន 2, USB 3.2 Gen1 Type-C ចំនួន 2 និងមានរន្ធដោតកាសមួយ។ ចំពោះថាមពលថ្ម ទាំងពីរម៉ូឌែលខាងលើ បំពាក់មក 56Whr ដូចគ្នា ដែលគាំទ្រមុខងារសាកថ្មល្បឿនលឿន 65W ស្ដង់ដារផងដែរ។

Honor នឹងដាក់លក់កុំព្យូទ័រ MagicBook 16 Series របស់ខ្លួន ក្នុងទីផ្សារប្រទេសចិន ចាប់ពីថ្ងៃទី 30 កញ្ញាខាងមុខនេះទៅ ជាមួយតម្លៃចាប់ផ្តើមឡើងពី 805 ដុល្លារឡើងទៅ សម្រាប់ម៉ូឌែល MagicBook 16 និងខ្ទង់ 960 ដុល្លារឡើងទៅ សម្រាប់ម៉ូឌែល Pro។ ទាក់ទងនឹងវត្តមានកុំព្យូទ័រយួរដៃទាំងពីរម៉ូឌែលនេះ នៅខាងក្រៅប្រទេសចិននោះ នៅមិនទាន់មានការបង្ហាញចេញពី Honor នៅឡើយទេ។

ប្រភព ៖ Gizmochina
អត្ថបទទាក់ទង