Xiaomi Watch Color 2 ចេញហើយ មានអេក្រង់ AMOLED និងគាំទ្រជាមួយកម្មវិធី Third-Party បាន
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ទន្ទឹមគ្នានឹងការប្រកាសចេញទូរសព្ទឆ្លាតត្រកូលថ្មី Xiaomi CIVI នោះ ក្រុមហ៊ុនចិននេះក៏បានប្រកាសចេញនាឡិកាឆ្លាតជំនាន់ថ្មី និងផលិតផលថ្មីៗរបស់គេផ្សេងទៀតមកដែរ។ នាឡិកាឆ្លាតជំនាន់ថ្មីដែលគេប្រកាសចេញ គឺស្ថិតក្នុងត្រកូល Watch Color ហ្នឹងឯង ដែលលើកនេះជាជំនាន់ទី 2 ហើយបើធៀបនឹងជំនាន់មុនវិញ រូបរាងខាងក្រៅរបស់វា ត្រូវបាន Xiaomi កែប្រែបន្តិច ព្រមទាំងទទួលបានលក្ខណៈសម្បត្តិប្រសើរជាងមុនបន្ថែម។

វានៅបន្តប្រើមុខនាឡិការាងរង្វង់ដដែលទេ ប៉ុន្តែគែម Bezel លើកនេះ មិនមែនលាតស្មើ ដូចនៅជំនាន់មុនឡើយ ជាក់ស្ដែង Xiaomi បានធ្វើម៉ូតបែបផតៗបន្តិច ដែលធ្វើឲ្យមើលទៅ វាហាក់ដូចជារឹងមាំផងដែរ។ អេក្រង់របស់វាមានទំហំ 1.43 អ៊ីញ ជាប្រភេទ AMOLED មានដង់ស៊ីតេ 326 ppi ឃើញថាធំជាងលើកមុនបន្តិច ដែលមានទំហំត្រឹម 1.39 អ៊ីញ ។ 

ស៊ុមតួខ្លួនរបស់វាមានចំនួន 3 ពណ៌ ជាមួយគ្នានឹងខ្សែចំនួន 6 ពណ៌ដូចជា ខ្មៅ, ខៀវ, ស, បៃតង, លឿង និងចុងក្រោយគឺពណ៌ទឹកក្រូច។ Xiaomi ក៏បានផ្តល់ឲ្យនូវជម្រើសផ្ទៃមុខសម្រាប់តាំងលើនាឡិកាថ្មីនេះ ដល់ទៅ 200 ប្រភេទឯណោះ ហើយអ្វីដែលសំខាន់ជាងគេលើកនេះគឺថា គេក៏បានបើកឲ្យ Watch Color 2 ដំណើរការជាមួយកម្មវិធី Third-Party បានដូចគ្នា។

យ៉ាងណាក៏ដោយ វានៅតែដំណើរការដោយប្រើ OS ផ្ទាល់ខ្លួនរបស់ Xiaomi ដដែល មិនមែន Wear OS នោះទេ ប៉ុន្តែវាអាចដំណើរការមុខងារទូទៅ ដែលនាឡិកាឆ្លាតភាគច្រើនអាចធ្វើបានដូចគ្នា ជាក់ស្ដែងដូចជា អាចបង្ហាញជូនដំណឹងពីទូរសព្ទឆ្លាតមក ក៏ដូចជាអាចធ្វើការ Call ចេញចូលបានតាមរយៈការភ្ជាប់ Bluetooth ជាមួយទូរសព្ទជាដើម។ 

សម្រាប់មុខងារការពារទឹកវិញ វាមានកម្រិត 5ATM ដូច្នេះអាចឲ្យអ្នកប្រើប្រាស់អាចយកវាទៅហែលទឹកបាន។ ចំពោះមុខងារកីឡាវិញ Xiaomi ប្រាប់ថា Watch Color 2 ភ្ជាប់មកដល់ទៅ 117 ប្រភេទ ដែលក្នុងចំណោមនោះ មានចំនួន 19 ប្រភេទជាមុខងារកីឡាបែប Professional តែម្ដង។

ថាមពលថ្មក៏ធំជាងមុនបន្តិចដែរ ដែលលើកនេះឡើងដល់ 470mAh ហើយក្រុមហ៊ុនផ្ទាល់ប្រាប់ថា ថាមពលថ្មបែបនេះ គឺគ្រប់គ្រាន់សម្រាប់ការតាមដាន GPS បានដល់ 30 ម៉ោងជាប់ផងដែរ។ សម្រាប់ការប្រើប្រាស់ទូទៅធម្មតា Xiaomi អះអាងថា ថ្មរបស់នាឡិកាឆ្លាតខាងលើ អាចប្រើបានដល់ 12 ថ្ងៃ និងអាចឡើងដល់ 24 ថ្ងៃឯណោះ សម្រាប់ការបើកមុខងារ Extended Mode។ ចូលដល់តម្លៃរបស់វាវិញ សម្រាប់ទីផ្សារប្រទេសចិនត្រូវបានគេដាក់លក់ខ្ទង់ ៦២ ម៉ឺនរៀល ឬ 155 ដុល្លារ ហើយសម្រាប់វត្តមានក្នុងទីផ្សារសកល Xiaomi មិនទាន់បានប្រាប់ទេ។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង