Surface Laptop Studio ជាកុំព្យូទ័រកំពូលរបស់ Microsoft មានអេក្រង់អាចបត់បែនច្រើនរបៀប
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ទន្ទឹមគ្នានឹងការប្រកាសចេញកុំព្យូទ័រកូនកាត់ថេប្លេត ក៏ដូចជាទូរសព្ទអេក្រង់ 2 របស់ខ្លួនរួចហើយនោះ Microsoft ក៏បានប្រកាសចេញកុំព្យូទ័រលំដាប់កំពូលប្រចាំយីហោមកដែរ ដែលត្រូវបានគេហៅថា Surface Laptop Studio នេះឯង នឹងចូលមកបន្តដំណែងរបស់ Surface Book។ Surface Laptop Studio ថ្មីៗនេះ ត្រូវបាន Microsoft កែប្រែរូបរាងថ្មីទាំងស្រុងតែម្ដង ជាក់ស្ដែងលើកនេះវាមិនមែនជាកុំព្យូទ័រ ដែលអាចផ្តាច់ខ្លួនចេញពីក្តារចុច ដើម្បីប្រើប្រាស់ដូចថេប្លេតទៀតទេ។

ការឌីហ្សាញរូបរាង និងរបៀបប្រើប្រាស់លើ Surface Laptop Studio លើកនេះ គឺថ្មីទាំងស្រុងតែម្ដង ដោយ Microsoft បានធ្វើការរចនាឲ្យអេក្រង់របស់វាអាចបត់បែនប្តូរទីតាំងបាន ដើម្បីបង្ហាញទៅអ្នកប្រើប្រាស់ បានច្រើនទម្រង់ដូចជា ទម្រង់បែប Laptop ធម្មតា, ទម្រង់បែប Stage Mode អាចឲ្យអ្នកប្រើទាញអេក្រង់វាខិតមកមុខបាន ដើម្បីលាក់ក្ដារចុច និងបន្សល់ទុកតែអេក្រង់ ជាមួយ Touchpad ប៉ុណ្ណោះ (ងាយស្រួលសម្រាប់ការទស្សនាវីដេអូ ឬលេងហ្គេមជាដើម) និង Mode ចុងក្រោយមួយទៀត គេហៅថា Studio ដែលអាចឲ្យអ្នកប្រើបត់អេក្រង់វាទៅរាបស្មើតែម្ដង។

កុំព្យូទ័រថ្មីៗនេះ ត្រូវបានគេបំពាក់មកជាមួយអេក្រង់ទំហំ 14.4 អ៊ីញ ជាប្រភេទ PixelSense Flow Display មានកម្រិតបង្ហាញ 2400 x 1600 ភិចសែល គាំទ្រកម្រិត Refresh Rate ដល់ 120Hz និងគាំទ្រ Dolby Vision ផងដែរ។

Microsoft បានប្រើប្រាស់គន្លាក់បត់ Dynamic Woven Hinge ហើយគេអះអាងថា វាធន់ជាមួយការប្រើប្រាស់ ហើយផ្តល់ឲ្យកុំព្យូទ័រនោះ អាចបត់បែនមុំបង្ហាញបានដូចទៅនឹង Surface Studio ធំអញ្ចឹង។ 

ចូលដល់កម្លាំងម៉ាស៊ីនវិញម្ដង Surface Laptop Studio បានបំពាក់មកនូវ CPU ពីរជម្រើសគឺ Core i5 និង Core i7 ជំនាន់ទី 11 ប៉ុន្តែក្នុងនោះដែរ ជម្រើស Core i5 មិនមានក្រាហ្វិកកាតដាច់ដោយឡែកទេ វាប្រើប្រាស់ប្រភេទ Intel Iris Xe នោះឯង ខណៈម៉ូឌែល Core i7 វិញ វាមានក្រាហ្វិកកាតដាច់ដោយឡែក ជាប្រភេទ RTX 3050Ti របស់ NVIDIA ដែលមាន VRAM 4GB ផងដែរ។ ជម្រើសរ៉េមដែល Microsoft ផ្តល់ឲ្យគឺពីរប្រភេទដូចជា 16GB និង 32GB ព្រមទាំងមានជម្រើសអង្គផ្ទុក SSD ដល់ទៅ 2TB ឯណោះ។

ជាមួយលក្ខណៈសម្បត្តិបែបនេះ ប្រាកដណាស់ថា អ្នកប្រើប្រាស់លេងហ្គេមកម្សាន្តនៅលើ Surface Laptop Studio បានយ៉ាងប្រសើរ ហើយបើមើលទៅលើផត I/O វិញ វាមានប្រើប្រាស់រន្ធ USB-C ចំនួនពីរផត ជាជំនាន់ USB 4 ជាមួយ Thunderbolt 4 តែម្ដង ហើយបន្ថែមពីនេះ វាក៏មានរន្ធដោតកាស ព្រមទាំងរន្ធសាកថ្មហ្នឹងឯង។ Microsoft មានគម្រោងដាក់លក់ Surface Laptop Studio ចាប់ពីថ្ងៃទី 5 តុលាខាងមុខទៅ ជាមួយតម្លៃចាប់ផ្តើមខ្ទង់ 1,599 ដុល្លារឡើងទៅ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង