Apple ក៏ដាក់ឲ្យកម្មវិធី iMovie និង Clips គាំទ្រមុខងារ Cinematic Mode និង ProRes ដែរ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

មុខងារសំខាន់ផ្នែកកាមេរ៉ា ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកដែលកំពុងសម្លឹងមើល iPhone ជំនាន់ថ្មីក្នុងពេលនេះ គឺប្រាកដណាស់ថា មុខងារថ្មី Cinematic Mode និង ProRes ដែលត្រូវបាន Apple សន្យាថានឹងទម្លាក់ឲ្យអ្នកប្រើប្រាស់ iPhone 13 Pro ទាំងពីរម៉ូឌែល នៅក្នុងអំឡុងរដូវស្លឹកឈើជ្រុះនេះឯង (អំឡុងខែកញ្ញា ដល់វិច្ឆិកា)។ 

សម្រាប់មុខងារ Cinematic Mode ត្រូវបាន Apple ប្រាប់ថាមានតែនៅលើ iPhone 13 Series ប៉ុណ្ណោះ ខណៈពេលដែលមុខងារ ProRes នេះវិញ គឺមានផ្តាច់មុខតែនៅលើ iPhone 13 Pro និង Pro Max ប៉ុណ្ណោះ។ តាមរយៈមុខងារថ្មីៗនេះ Apple ក៏បានដាក់ឲ្យកម្មវិធីកាត់វីដេអូល្បីប្រចាំ iOS ចំនួនពីរគាំទ្រមុខងារខាងលើដូចគ្នា នោះគឺកម្មវិធី iMovie និង Clips នេះឯង។ ដូច្នេះមានន័យថា អ្នកប្រើប្រាស់កម្មវិធីទាំងពីរនេះ នៅលើ iPhone ចាស់ៗ អាចធ្វើការកាត់តវីដេអូបែប Cinematic Mode ថតចេញពី iPhone ជំនាន់ថ្មីបានដូចគ្នា។

ស្ដាប់មើលទៅដូចជាមិនសូវមានន័យប៉ុន្មានទេ ដែលត្រូវយកវីដេអូ Cinematic Mode ថតចេញពី iPhone 13 Pro ទៅកាត់ក្នុង iPhone ចាស់ៗតាមរយៈ iMovie និង Clips នោះ ប៉ុន្តែការដាក់ឲ្យគាំទ្ររបស់ Apple នេះ នឹងមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ iPad ដែលចង់កាត់វីដេអូថតចេញពីមុខងារថ្មីរបស់ iPhone ជំនាន់ថ្មី នៅលើអេក្រង់ធំងាយស្រួលមើលជាងអេក្រង់របស់ iPhone។

យ៉ាងណាសម្រាប់មុខងារ ProRes វិញ ថ្វីត្បិតតែវាអាចគាំទ្រក្នុងកម្មវិធីទាំងពីរខាងលើបានដូចគ្នាក៏ដោយ ប៉ុន្តែឧបករណ៍ដែលគាំទ្រក្នុងការកាត់វីដេអូជាមួយមុខងារនេះ មានមិនច្រើននោះទេ ព្រោះវាទាមទារឲ្យឧបករណ៍នោះ មានប្រើប្រាស់ម៉ាស៊ីនជំនាន់ថ្មី និងកម្លាំងខ្លាំងជាក់ស្ដែងគឺ Apple A15 និង M1 នេះឯង។ ដូច្នេះមានន័យថា មានតែ iPad Mini ជំនាន់ថ្មី, iPad Pro (M1 Chip), កុំព្យូទ័រ Mac និង iPhone 13 Pro ខ្លួនវាផ្ទាល់នោះឯង ទើបអាចគាំទ្រក្នុងកាត់វីដេអូនោះបែប ProRes បាន។

អញ្ចឹងហើយដើម្បីទទួលបាន នូវការគាំទ្រមុខងារទាំងពីរខាងលើក្នុងកម្មវិធី iMovie និង Clips នោះ មិនមានអ្វីពិបាកទេ ដោយអ្នកប្រើប្រាស់ គ្រាន់តែចូលទៅអាប់ដេតក្នុង App Store ទៅជាការស្រេច។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង