HP ទើបបញ្ចេញកុំព្យូទ័រ All-In-One មានអេក្រង់ Ultrawide ជាមួយក្រាហ្វិកកាតដល់ទៅ RTX 3080 តែម្ដង
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ HP ទើបតែប្រកាសចេញកុំព្យូទ័របែប All-In-One ឬ AIO ថ្មីមួយម៉ូឌែលទៀត ដែលធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនមែនទែន ព្រោះថាកុំព្យូទ័រថ្មីនេះ ត្រូវបានក្រុមហ៊ុនខាងលើ បំពាក់មកជាមួយអេក្រង់ទ្រវែងបែប Ultrawide និងមានបំពាក់លក្ខណៈសម្បត្តិ ដែលរួមទាំង CPU និង GPU កម្រិតកំពូលទៀតផង។ 

កុំព្យូទ័រ AIO ថ្មីរបស់ HP ត្រូវបានគេហៅថា Envy 34-inch All-In-One Desktop PC ដោយវាមានបំពាក់មកជាមួយអេក្រង់ទំហំ 34 អ៊ីញដូចឈ្មោះអញ្ចឹង ហើយអេក្រង់នោះដែរ ជាប្រភេទ IPS LCD មានកម្រិតបង្ហាញដល់ទៅ 5K ក្នុងសមាមាត្រ 21:9 ខ្នាតកុនតែម្ដង។ បន្ថែមពីនេះ អេក្រង់របស់វាក៏ត្រូវឌីហ្សាញមកឲ្យមានគែម Bezel ខ្លីគួរសមដែរ ហើយវាអាចធ្វើការបង្ហាញពណ៌បែប DCI-P3 បានដល់ 98% និងមានកម្រិតពន្លឺខ្ពស់ដល់ 500 nits ផងដែរ។ 

សម្រាប់សមត្ថភាពវិញ គឺវាមានបំបាក់មកដល់ CPU Core i9 ជំនាន់ទី 11 ចុងក្រោយរបស់ Intel ជាមួយគ្នានឹងក្រាហ្វិកកាត RTX 3080 របស់ NVIDIA ទៀតផង ដែលនេះជាចំណុចមួយ យើងមិនសូវឃើញលើកុំព្យូទ័របែប AIO នោះឡើយ។

ចំណុចសំខាន់ៗផ្សេងទៀតរបស់កុំព្យូទ័រខាងលើ គឺវាអាចឲ្យអ្នកប្រើភ្ជាប់ជាមួយនឹង Webcam បាន តាមរយៈការឆក់ជាប់នឹងស៊ុមជុំវិញ ហើយក៏អាចដាក់បានគ្រប់មុំតែម្ដង ឲ្យតែស្ថិតលើស៊ុមរបស់វានោះ។ នៅលើជើងបញ្ឈររបស់វា ក៏មិនឥតប្រយោជន៍នោះដែរ ជាក់ស្ដែងបន្ទះទ្រនោះ គឺជាកន្លែងដែលអាចសាកថ្មទូរសព្ទឆ្លាត ឬឧបករណ៍ផ្សេងៗដោយឥតខ្សែបាន ជាមួយកម្លាំងដល់ 15W ទៀតផង។ 

នៅផ្នែកខាងក្រោយ Envy 34 All-In-One Desktop PC ត្រូវបាន HP ដាក់ឲ្យមកជាមួយរន្ធ USB-A ដល់ទៅ 4 ផត ជាមួយគ្នានឹងរន្ធ USB-C Thunderbolt 4 ចំនួន 2 ផត ព្រមទាំងមានរន្ធ USB-A មួយគូរទៀតនៅខាងកៀន ទន្ទឹមគ្នានឹងរន្ធ USB-C បន្ថែមមួយមកទៀត។ ចំណែកឯរន្ធដែលមិនអាចខ្វះបាន ជាក់ស្ដែងដូចជា HDMI និងរន្ធដោតកាស ឬដោតឧបករណ៍ស្រូបសម្លេងនោះ វានៅតែបំពាក់មកដូចគ្នា ប៉ុន្តែសម្រាប់ HDMI គឺជាប្រភេទ HDMI Out មួយប៉ុណ្ណោះ។

HP ក៏បានផ្តល់ឲ្យនូវកន្លែងដាក់រ៉េមដល់ទៅ 4 ទីតាំង ជាមួយគ្នានឹងកន្លែងដាក់អង្គផ្ទុកប្រភេទ M.2 SSD ចំនួនពីរកន្លែង ព្រមទាំងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការ Upgrade ដោយខ្លួនឯងបាន នៅពេលក្រោយ។ មិនខុសទេ ជាមួយលក្ខណៈសម្បត្តិដូចបានរៀបរាប់ខាងលើនេះ ហើយត្រូវនឹងជាប្រភេទកុំព្យូទ័រ AIO ទៀតនោះ គឺប្រាកដណាស់ថា កុំព្យូទ័រនេះមិនមានតម្លៃទាបទេ ជាក់ស្ដែង HP ដាក់លក់ដល់ទៅខ្ទង់ 1,999 ដុល្លារឯណោះ ហើយនេះជាតម្លៃចាប់ផ្តើមប៉ុណ្ណោះ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង