TikTok ក្នុងប្រទេសចិនកំណត់ឲ្យក្មេងក្រោម 14 ឆ្នាំប្រើត្រឹម 40 នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កម្មវិធី TikTok សព្វថ្ងៃនេះ ពិតជាទទួលបានការពេញនិយមប្រើប្រាស់ច្រើនមែនទែន ជាពិសេសគឺនៅក្នុងប្រទេសចិនផ្ទាល់តែម្ដង ដែលត្រូវបានគេស្គាល់ថាជាកម្មវិធី Douyin នោះឯង។ យ៉ាងណាក៏ដោយ ថ្មីៗនេះ ByteDance ដែលជាអាណាព្យាបាលរបស់កម្មវិធីមួយនេះ ទើបបញ្ចេញច្បាប់ថ្មីមួយទៀត ដើម្បីជួយកាត់បន្ថយការប្រើប្រាស់លើសព្រំដែន ពីសំណាក់ក្មេងៗក្នុងប្រទេសចិន។

ពិតណាស់ TikTok Version ចិន ឬ Douyin ទើបត្រូវបានគេដាក់បញ្ចូលការកែប្រែថ្មីមួយ ដែលនឹងហាមឃាត់ក្មេងៗអាយុក្រោម 14 ឆ្នាំ ឲ្យប្រើប្រាស់កម្មវិធីនោះបានតែ 40 នាទីប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ បើទោះជាបើកឲ្យប្រើបាន 40 នាទីក៏ដោយ ប៉ុន្តែក៏នៅមានលក្ខខណ្ឌជាក់លាក់មួយទៀតដែរ ពោលគឺរយៈពេលដែលគេបើកឲ្យប្រើ គឺចាប់ពីម៉ោង 6 ព្រឹកដល់ម៉ោង 10 យប់ ដែលមានន័យថា ក្នុងចន្លោះម៉ោងនេះ ក្មេងៗអាចប្រើប្រាស់កម្មវិធី TikTok បាន 40 នាទី ហើយក្រៅពីរង្វង់ម៉ោងនេះ គឺមិនអនុញ្ញាតឲ្យប្រើប្រាស់នោះឡើយ។

ច្បាប់ថ្មីនេះដែរ នឹងដំណើរការសម្រាប់អ្នកប្រើប្រាស់អាយុក្រោម 14 ឆ្នាំ ដែលបានបញ្ចូលឈ្មោះ និងព័ត៌មានទូទៅផ្សេងៗពិតប្រាកដ ហើយក្រុមហ៊ុន ByteDance បានលើកទឹកចិត្តឲ្យអាណាព្យាបាលរបស់ក្មេងៗ បំពេញនូវឈ្មោះពិតប្រាកដរបស់កូនៗពួកគាត់ ដើម្បីឲ្យច្បាប់ថ្មីខាងលើ ដំណើរការបានត្រឹមត្រូវ។

មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលចិនហាក់ដូចជាយកចិត្តទុកដាក់ខ្លាំង ក្នុងការកាត់បន្ថយនូវពេលវេលា ដែលត្រូវបានយុវជន ឬក្មេងៗរបស់គេ ចំណាយលើបណ្ដាញអ៊ីនធើណេតផ្សេងៗ។ ជាក់ស្ដែងដូចកាលពីថ្មីៗនេះអញ្ចឹង គេទើបបញ្ចេញច្បាប់មួយទៀត ដែលអនុញ្ញាតឲ្យយុវជនអាយុក្រោម 18 ឆ្នាំ លេងហ្គេមតាមអ៊ីនធើណេតបានតែក្នុងថ្ងៃសុក្រ ចុងសប្តាហ៍ ក៏ដូចជាថ្ងៃឈប់សំរាកផ្សេងៗ ហើយរយៈពេលដែលពួកគេអាចលេងបានវិញ គឺចន្លោះពីម៉ោង 8 ទៅ 9 យប់ប៉ុណ្ណោះ។ 

មិនត្រឹមតែប៉ុណ្ណោះអាជ្ញាធរ ក៏បានដាក់គំនាមឲ្យក្រុមហ៊ុនកម្មវិធី ឬហ្គេម ប្រើប្រាស់នូវ Real-Name Identification គ្រប់អ្នកប្រើប្រាស់ទាំងអស់ ដើម្បីអាចចូលលេងហ្គេម ឬប្រើកម្មវិធីរបស់ក្រុមហ៊ុនទាំងនោះបាន។

ប្រភព ៖ The Verge
អត្ថបទទាក់ទង