iPad Pro ជាមួយរូបរាងថ្មី និង AirPods Pro ជំនាន់ថ្មី អាចនឹងចេញនៅឆ្នាំក្រោយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ អ្នកវិភាគល្បីឈ្មោះ Mark Gurman បានបង្ហាញពីដំណឹងគួរឲ្យចាប់អារម្មណ៍មួយចំនួនទៀត ទាក់ទងនឹងផលិតផលជំនាន់ថ្មីរបស់ Apple ដែលក្នុងនោះគេក៏នៅតែជឿជាក់ថា AirPods 3 និង MacBook Pro ជំនាន់ថ្មី នឹងនៅតែបង្ហាញខ្លួនក្នុងឆ្នាំនេះដដែល គ្រាន់តែគាត់មិនទាន់ដឹងច្បាស់ទេថា តើ Apple នឹងប្រកាសចេញពេលណា។ ទន្ទឹមគ្នានោះ គេក៏បានបង្ហាញទាក់ទងនឹងផលិតអនាគតរបស់ Apple សម្រាប់ឆ្នាំក្រោយដូចគ្នា ជាក់ស្ដែងគាត់និយាយទាក់ទងនឹង iPad Pro ថ្មី និង AirPods Pro ថ្មី។

យោងតាមការបង្ហាញចេញពីបុគ្គលខាងលើបានឲ្យដឹងថា នៅក្នុងឆ្នាំ 2022 ខាងមុខនេះ Apple អាចនឹងប្រកាសចេញ iPad Pro ជំនាន់ថ្មីចេញមក ជាមួយគ្នានឹងការផ្លាស់ប្តូររចនាបថរូបរាងថ្មីទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ គាត់ក៏បានប្រាប់ពីវត្តមាន AirPods Pro ជំនាន់ថ្មីមួយទៀតថា នឹងបង្ហាញខ្លួននៅឆ្នាំក្រោយដូចគ្នាដែរ ព្រោះដូចយើងបានដឹងហើយ តាំងពីប្រកាសចេញក្នុងឆ្នាំ 2019 មក Apple មិនទាន់បានបញ្ចេញជំនាន់ទី 2 នៃកាសឥតខ្សែ ដែលមានមុខងារទប់សម្លេងរំខានរបស់ខ្លួននោះមកឡើយ។

លក្ខណៈសំខាន់ៗរំពឹងទុកមុនក៏ត្រូវបានគេបង្ហាញដែរ ជាក់ស្ដែងសម្រាប់ AirPods Pro ជំនាន់ថ្មីនោះ វាអាចនឹងទទួលបានមុខងារថ្មី Motion Sensor សម្រាប់តាមដានទាក់ទងនឹង Fitness ហើយវាក៏កំពុងត្រូវ Apple ពិចារណាធ្វើឲ្យតួខ្លួនកាន់តែតូចជាងមុនដូចគ្នា។

សម្រាប់ iPad Pro វិញ គេរំពឹងខ្ពស់ថា Apple អាចផ្លាស់ប្តូរទៅប្រើប្រាស់ខ្នងក្រោយជាកញ្ចក់វិញ ដើម្បីអាចឲ្យវាគាំទ្រជាមួយមុខងារសាកឥតខ្សែបាន និងដើម្បីឲ្យអ្នកប្រើអាចបញ្ចូលថ្ម AirPods បាន ដោយគ្រាន់តែយកទៅដាក់នៅលើខ្នងក្រោយរបស់ iPad ថ្មីនោះ។

មិនទាន់អស់ទេ ក្នុងឆ្នាំក្រោយនេះ Mac Pro Tower ដែលកែប្រែថ្មី ក៏រំពឹងខ្ពស់ថា នឹងបង្ហាញខ្លួនមកដែរ ជាពិសេសគឺការកែប្រែទៅប្រើឈីបរបស់ Apple ផ្ទាល់នោះឯង។ ចំពោះ MacBook Air រូបរាងថ្មី ក៏អាចចេញក្នុងឆ្នាំ 2022 ដែរ ហើយកន្លងមក យើងក៏ធ្លាប់ទទួលបានដំណឹងស្រដៀងគ្នានេះច្រើនដងមកហើយ។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង