បេសកកម្ម Inspiration4 របស់ SpaceX ទទួលជោគជ័យទាំងទៅលំហ និងត្រលប់មកវិញ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប៉ុន្មានថ្ងៃមុន SpaceX បានដំណើរការបេសកម្ម Inspiration4 របស់គេជាផ្លូវការ ដោយបានបង្ហោះរ៉ុកកែត Falcon 9 ដែលភ្ជាប់គ្នាជាមួយនឹងយាន Crew Dragon មានផ្ទុកអ្នកដំណើរ 4 រូប សុទ្ធសឹងតែជាជនស៊ីវិលទាំងអស់តែម្ដង ដើម្បីឆ្ពោះទៅកាន់លំហ ហើយការបង្ហោះនេះ គឺបានប្រព្រឹត្តទៅយ៉ាងរលូន។ នេះជាសកម្មភាពដំបូងគេលើពិភពលោក ក្នុងការនាំយកជនស៊ីវិលដល់ទៅ 4 រូបទៅកាន់លំហ ដោយមិនមានអវកាសយានិកពិតប្រាកដ ទៅជាមួយឡើយ។

បន្ទាប់ពីបង្ហោះទៅដល់លំហគន្លងផែនដីជោគជ័យហើយ ជំហានបន្ទាប់នៃបេសកម្ម Inspiration4 គឺអ្នកដំណើរទាំង 4 រូប ត្រូវធ្វើការទស្សនកិច្ច ឬមួយក៏ស្នាក់នៅលើលំហ ដែលមានរយៈកម្ពស់ពីផ្ទៃផែនដីប្រមាណជា 584 km នោះ រយៈពេល 3 ថ្ងៃសិន មុនពេលដែលពួកគេត្រលប់មកវិញ។ រយៈកម្ពស់ដែលគេឡើងទៅដល់នេះដែរ គឺខ្ពស់ជាងរយៈកម្ពស់ដែល ISS ឬស្ថានីយអវកាសអន្តរជាតិបច្ចុប្បន្នទៅទៀត ពោលគឺខ្ពស់ជាងដល់ទៅ 160 km

ទៀតផង។ 

រយៈពេលធ្វើដំណើរក្នុងលំហ 3 ថ្ងៃនោះ ក៏បានបញ្ចប់រួចរាល់ដូចគ្នា រហូតទាល់តែមកដល់យប់ថ្ងៃទី 18 ថ្មីៗកន្លងទៅនេះ គឺជាពេលវេលាដែលអ្នកដំណើរទាំង 4 រូប ត្រូវត្រលប់មកកាន់ផែនដីវិញ តាមរយៈយាន Crew Dragon របស់ SpaceX ហើយជាលទ្ធផលពួកគេបានមកដល់ដោយសុវត្ថិភាព តាមរយៈការទម្លាក់ខ្លួនរបស់យាន Crew Dragon នៅក្នុងឆ្នេរសមុទ្រអាត្លង់ទិកនៃរដ្ឋ Florida។

សូមបញ្ជាក់ដែរថា បេសកម្ម Inspiration4 គឺជាបេសកម្មមួយដែលត្រូវបានធ្វើឡើង ដើម្បីរៃអង្គាសថវិកា សម្រាប់ផ្តល់ទៅឲ្យមន្ទីពេទ្យ និងជាកន្លែងស្រាវជ្រាវទាក់ទងនឹងជម្ងឺរបស់កុមារមួយ ដែលមានឈ្មោះថា St. Jude Children’s Research Hospital នេះឯង ហើយបើទោះជាសកម្មភាពធ្វើដំណើរឡើង និងចុះមកផែនដីវិញ ត្រូវបានបញ្ចប់រួចរាល់ហើយក៏ដោយ ប៉ុន្តែការរៃអង្គាស នៅមិនទាន់ចប់នោះទេ ដោយនៅបន្តរង់ចាំអ្នកបរិច្ចាករហូតទាល់តែបំបែកដល់ចំនួនទឹកប្រាក់ 200 លានដុល្លារ តាមគោលដៅដែលគ្រោងទុក។

សម្រាប់ប្រិយមិត្តដែលចង់ដឹងបន្ថែម អាចទស្សនាវីដេអូរបស់ SpaceX ខាងក្រោមនេះបាន ដោយវីដេអូទី 1 ជាពេលឡើងទៅកាន់លំហ និងវីដេអូទី 2 ជាពេលត្រលប់មកផែនដីវិញ៖

ប្រភព ៖ Engadget
អត្ថបទទាក់ទង