ថាមពលថ្មរបស់ iPhone 13 Series ត្រូវបានបង្ហាញហើយ ដោយពិតជាធំជាងមុនមែន
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

បន្ទាប់ពី Apple បានប្រកាសចេញ iPhone 13 Series ចេញមក យើងបានឃើញហើយ ទាក់ទងនឹងនឹងការអះអាង ពីរយៈពេលប្រើប្រាស់ថ្មរបស់ទូរសព្ទឆ្លាតជំនាន់ថ្មីនេះ ប៉ុន្តែក្នុងនោះក្រុមហ៊ុនខាងលើមិនបានប្រាប់ពីទំហំជាក់លាក់ទេ ដូច្នេះយើងមិនអាចដឹងឡើយថា ថ្មដែលគេបំពាក់ក្នុងនោះទំហំធំជាងមុនមែន ឬអត់។ យ៉ាងណាក៏ដោយ ពេលនេះលែងជាចម្ងល់ទៀតហើយ ដោយថាមពលថ្មរបស់ iPhone 13 ទាំង 4 ម៉ូឌែល ត្រូវបានលាតត្រដាងហើយ។

បើយោងតាមការរកឃើញឯកសារក្នុងវេបសាយរបស់ Apple ផ្ទាល់នោះ គឺបានបង្ហាញឲ្យដឹងពីថាមពលថ្ម គ្រប់ម៉ូឌែលទាំងអស់របស់ iPhone 13 Series តែម្ដង ប៉ុន្តែក្នុងនោះថាមពលថ្មដែលគេបង្ហាញមិនមែនខ្នាតជា Milliamp-hours (mAh) ទេ ពោលគឺគិតជា Watt-hours (Wh) ជំនួសវិញ។ 

ចំណុចសំខាន់គឺថា គ្រប់ម៉ូឌែលទាំងអស់ សុទ្ធតែមានថាមពលថ្មធំជាងមុនមែន ជាក់ស្ដែងសម្រាប់ iPhone 13 Mini ថាមពលរបស់វាគឺ 9.34Wh ដែលកាលពីជំនាន់មុនមានត្រឹម 8.57Wh ប៉ុណ្ណោះ ដូច្នេះឃើញថា វាធំជាងមុនខ្ទង់ 9%។ ចំណែកឯ iPhone 13 ធម្មតាវិញ របស់វាលើកនេះឡើងដល់ 12.41Wh ខណៈជំនាន់មុនមានត្រឹម 10.78Wh ប៉ុណ្ណោះ បើគិតទៅគឺធំជាងមុនខ្ទង់ 15.1% ផងដែរ។

សម្រាប់ម៉ូឌែល iPhone 13 Pro វិញម្ដង ឃើញថាថាមពលថ្មរបស់វា គឺតូចជាង iPhone 13 ធម្មតាប៉ុណ្ណោះពោលគឺ 11.97Wh ប៉ុន្តែបើធៀបនឹងជំនាន់មុនដែលមានត្រឹម 10.78Wh នោះវិញ វាធំជាងខ្ទង់ 11% ដែរ។ ចុងក្រោយគេសម្រាប់ម៉ូឌែល Pro Max គឺមានថាមពលធំជាងគេច្រើន ដែលឡើងដល់ 16.75Wh ខណៈ iPhone 12 Pro Max ឆ្នាំមុនមានត្រឹម 14.13Wh ប៉ុណ្ណោះ ដូច្នេះថាមពលថ្មថ្មីនោះ គឺធំជាងមុនឡើងដល់ 18.5% តែម្ដង។

ដើម្បីងាយស្រួលប្រៀបធៀបថាមពលថ្មរបស់ iPhone 13 Series ជាមួយនឹងទូរសព្ទឆ្លាតរបស់ក្រុមហ៊ុនដទៃនោះ យើងក្រឡេកមកមើលថាមពលថ្មរបស់ Galaxy S21 Ultra គិតជា Watt-hours គឺត្រូវនឹង 18.84Wh, Google Pixel 5 មានទំហំ 15.48Wh, Galaxy Note 20 Ultra មានទំហំ 16.96Wh ហើយបើមើលលើ iPad Air 2020 វិញ វាមានទំហំ 28.93Wh។

ប្រភព ៖ The Verge
អត្ថបទទាក់ទង