Google ដាក់តាំង Pixel 6 Series នៅក្នុងហាងរបស់គេផ្ទាល់ ទាំងមិនទាន់ចេញលក់ផ្លូវការ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

មកទល់ពេលនេះនេះ យើងនៅតែមិនទាន់បានដឹងពេលវេលាដែល Google នឹងប្រកាសចេញពេញលេញ នូវទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មី Pixel 6 Series របស់គេនៅឡើយទេ បន្ទាប់ពីបានបង្ហាញពីរូបរាងឲ្យឃើញអស់មួយរយៈមកហើយ។ យ៉ាងណាពេលនេះ វត្តមានរបស់ Pixel 6 និង Pixel 6 Pro ត្រូវបានគេបង្ហាញនៅខាងក្រៅផ្ទាល់ចេញពី Google Store ក្នុងសហរដ្ឋអាមេរិកតែម្ដង។

មិនខុសទេ រូបរាងពិតប្រាកដរបស់វា Pixel 6 និង Pixel 6 Pro ត្រូវបានគេដាក់តាំងក្នុងទូរកញ្ចក់ នៅហាងថ្មីមួយរបស់ Google ផ្ទាល់ ដែលមានទីតាំងនៅក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិក។ រូបភាពដែលយើងបានឃើញលើកនេះ អាចបញ្ជាក់ឲ្យយើងដឹងកាន់តែច្បាស់ថា តើរូបពិតប្រាកដនៅខាងក្រៅរបស់វាមានលក្ខណៈយ៉ាងម៉េច ព្រោះថាកន្លងមកនេះ Google បង្ហាញតែរូបភាព Render ប៉ុណ្ណោះ។ 

ការដាក់តាំងនោះដែរ Google មិនមានលាក់បាំងអ្វីឡើយ ជាក់ស្ដែងអ្នកដែលចូលទៅហាងរបស់គេនោះ អាចមើលទូរសព្ទឆ្លាតកំពូលជំនាន់ថ្មីទាំងពីរនេះបានដោយសេរី តែហាមមិនឲ្យចាប់កាន់ផ្ទាល់ឡើយ ហើយមួយវិញទៀត គេបានដាក់ផ្នែកអេក្រង់នៅខាងជញ្ជាំង ដូច្នេះយើងមិនអាចមើលឃើញអេក្រង់របស់វាផ្ទាល់បានទេ។

តាមរយៈរូបភាពដែលយើងបានឃើញនេះ បានឲ្យដឹងបន្ថែមទៀតថា នៅផ្នែកខាងក្រោយរបស់ Pixel 6 និង Pixel 6 Pro មានលក្ខណៈស្រដៀងគ្នាខ្លាំងមែនទែន ហើយសម្រាប់ពណ៌វិញ គឺដូចរូបភាព Render អញ្ចឹង ដោយនៅម៉ូឌែល Pixel 6 មានពណ៌ទឹកក្រូចនៅខាងលើ និងពណ៌បែបពងមាន់ស្រាលនៅខាងក្រោម ខណៈម៉ូឌែល Pro វិញ នៅខាងលើហាក់ដូចជាកាត់ទៅរកពណ៌លឿងច្រើន ជាមួយពណ៌ខាងក្រោមដូចម៉ូឌែលធម្មតាដែរ។

សូមបញ្ជាក់ថា Pixel 6 Series អាចនឹងត្រូវប្រកាសចេញផ្លូវការ នៅក្នុងអំឡុងខែតុលាខាងមុខ នេះបើយោងតាមទម្លាប់ឆ្នាំចាស់ៗរបស់ Google ហើយអ្វីដែលពិសេស គឺលើកនេះពួកវានឹងបំពាក់ឈីបកំពូល Google Tensor មកជាលើកដំបូងទៀតផង។

ប្រភព ៖ Gizmochina
អត្ថបទទាក់ទង