Microsoft នឹងបញ្ចេញ Office 2021 ជាផ្លូវការ នៅថ្ងៃទី 5 ខែតុលាខាងមុខនេះ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្ងៃនេះ Microsoft បានប្រកាសបញ្ជាក់ច្បាស់ទាក់ទងនឹងការបញ្ចេញ Office 2021 សម្រាប់អ្នកប្រើប្រាស់ហើយ ពោលគឺគេនឹងបញ្ចេញនៅក្នុងថ្ងៃទី 5 ខែតុលាខាងមុខតែម្ដង ដែលស្ថិតក្នុងថ្ងៃតែមួយ ជាមួយនឹងពេលវេលា ដែលក្រុមហ៊ុនមួយនេះនឹងបញ្ចេញ ប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រ Windows 11 ដែរ។

Microsoft មិនទាន់ប្រាប់ច្បាស់ពេញលេញនោះទេ ទាក់ទងនឹងមុខងារសំខាន់ផ្សេងៗ ដែលនឹងមានការកែប្រែផ្សេងៗលើ Office 2021 នោះ ប៉ុន្តែបើតាមការបង្ហាញចេញពីសំណាក់ប្រភពមួយចំនួនបានឲ្យដឹងថា វាអាចនឹងទទួលបានមុខងារសំខាន់ៗ ដូចដែលធ្លាប់មាននៅលើ Version Office LTSC (Long Term Servicing Channel) ដែរ។ 

ក្នុងចំណោមកំណែប្រែផ្សេងៗទាំងអស់នោះ Office 2021 ថ្មី ក៏នឹងទទួលបានការពង្រឹងបន្ថែម លើមុខងារសំខាន់ៗដូចជា Dark Mode ជាដើម។ ការបញ្ចេញនៅថ្ងៃទី 5 តុលានោះដែរ គឺជា Version One-time Purchase មានន័យថា ទិញម្ដងប្រើបានរហូត ហើយក៏នឹងចេញតំណាលគ្នាទាំងសម្រាប់ Windows និង Mac តែម្ដង។

ដូចបានបញ្ជាក់អញ្ចឹង Microsoft មិនទាន់បានប្រាប់លម្អិតពីចំណុចផ្សេងៗទៀតទេ ជាក់ស្ដែងទៅលើតម្លៃនៃកញ្ចប់ Office 2021 ថ្មីនោះ ក៏មិនទាន់ដឹងដូចគ្នា ដូច្នេះហើយមានតែចាំមើលបន្ថែមទៀត នៅក្នុងថ្ងៃទី 5 ខែតុលាខាងមុខ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង