នេះជារថយន្តអគ្គិសនីដែលអាចជិះបានឆ្ងាយជាងគេបំផុតបន្ទាប់ពីសាកថ្មពេញ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

យើងប្រហែលជាមិនធ្លាប់ស្គាល់យីហោរថយន្តអគ្គិសនី Lucid Motor ច្រើនទេ ព្រោះរថយន្តរបស់គេមានតែនៅលើទីផ្សារមួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងពេលនេះ យើងមកមើលរថយន្តម៉ូឌែលថ្មីរបស់គេ ដែលអាចធ្វើដំណើរបានឆ្ងាយជាងគេបំផុត ក្នុងការសាកថ្មពេញម្ដង នេះបើគិតតែលើរថយន្តអគ្គិសនី ដែលបានចេញលក់ផ្លូវការប៉ុណ្ណោះ។ 

រថយន្តនោះត្រូវបានគេហៅថា Lucid Air Dream Edition ដោយថ្មីៗនេះវាទទួលបានទទួលបានការទទួលស្គាល់ពីភ្នាក់តេស្តចម្ងាយ Environmental Protection Agency-rated ជាផ្លូវការ ដែលវាអាចធ្វើដំណើរការបានដល់ទៅ 520 Miles ឬខ្ទង់ 836 km ឯណោះ ក្នុងការសាកថ្មពេញម្ដង។ ចំណុចនេះបានធ្វើឲ្យ Lucid Air ក្លាយជារថយន្តអគ្គិសនី ដែលអាចធ្វើដំណើរបានឆ្ងាយបំផុត ក្នុងប្រវត្តិសាស្ត្រនៃការតេស្តរបស់ភ្នាក់ងារខាងលើ។ 

នៅក្នុងនោះដែរ CEO និង CTO របស់ Lucid ឈ្មោះ Peter Rawlinson បានធ្វើការបង្ហាញថា Lucid Air របស់គេនឹងប្រជែងដាច់រថយន្តរបស់ Tesla ទាំងទៅលើចម្ងាយ, ប្រណីតភាព, ល្បឿន ព្រមទាំងតម្លៃផងដែរ។ សូមបញ្ជាក់ថា បុគ្គលម្នាក់នេះក៏ធ្លាប់ជាបុគ្គលជាន់ខ្ពស់ម្នាក់របស់ Tesla ដែរ ដែលគេធ្លាប់ដឹកនាំលើការអភិវឌ្ឍន៍រថយន្ត Model S ទៀតផង។

បើយកទៅប្រៀបជាមួយរថយន្ត Tesla ដែលអាចជិះបានឆ្ងាយបំផុត ពោលគឺ Model S Long Range Plus នោះ រថយន្តរបស់ Lucid ខាងលើ នៅតែអាចធ្វើដំណើរបានឆ្ងាយជាងដល់ទៅខ្ទង់ 160km បន្ថែមទៀតផង។ យ៉ាងណាក៏ដោយ ដើម្បីទទួលបានចម្ងាយដ៏ឆ្ងាយនេះ អ្នកទិញក៏ត្រូវចំណាយលុយបន្ថែមដូចគ្នា ជាក់ស្ដែងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ម៉ូឌែលដែលអាចជិះបានជាង 836 km នេះ គឺមានតម្លៃដល់ទៅ 169,000 ដុល្លារឯណោះ ខណៈម៉ូឌែលទាបបំផុតក្នុងត្រកូលរថយន្តនេះវិញ វាមានតម្លៃខ្ទង់ 77,400 ដុល្លារ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង