បើទោះជាប្រើឈីប A15 ដូចគ្នាមែន ប៉ុន្តែកម្លាំង CPU របស់ iPad Mini មិនដល់ iPhone 13 ទេ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

នៅក្នុងព្រឹត្តិការណ៍របស់ Apple កាលពីថ្ងៃទី 14 កន្លងទៅនេះ គេក៏បានប្រកាសចេញ iPad ខ្នាតតូចមកមួយដែរ នោះគឺ iPad Mini ហ្នឹងឯង បន្ទាប់ពីបានបាត់ខ្លួន 2 ឆ្នាំកន្លងមក។ iPad Mini ក៏ត្រូវបាន Apple អះអាងថា មានប្រើប្រាស់ឈីបកំពូល A15 Bionic ដូចនៅលើ iPhone 13 Series អញ្ចឹងដែរ ប៉ុន្តែគេមិនបានអះអាងថា សមត្ថភាពរបស់វាដូចគ្នានោះទេ។

មិនខុសទេ បើយោងតាមការបង្ហាញចេញពីសំណាក់ MacRumors គឺគេបានយក iPad Mini ដែលជាម៉ាស៊ីនសម្រាប់ធ្វើការ Reviews នោះ ទៅធ្វើការតេស្តកម្លាំងម៉ាស៊ីននៅលើកម្មវិធីដាក់ពិន្ទុ Geekbench ហើយជាលទ្ធផលមកវិញ គេឃើញថា កម្លាំងផ្នែក CPU របស់ថេប្លេតមួយនេះ មិនខ្លាំងដូចនៅលើ iPhone 13 ឡើយ។ បន្ទាប់ពីចេញលទ្ធផលតេស្តមកឃើញថា ល្បឿនខ្ពស់បំផុត ដែលឈីប A15 របស់ iPad Mini អាចឡើងដល់គឺ 2.9GHz មិនមែនដល់ទៅ 3.2GHz ដូចកម្លាំង CPU របស់ iPhone 13 ឬ iPhone 13 Pro នោះទេ។ 

បើទៅមើលពិន្ទុនីមួយៗដែលវាទទួលបានវិញ សម្រាប់ផ្នែក Single-Core វាទទួលបាន 1,595 ពិន្ទុ ខណៈផ្នែក Multi-Core វិញ វាទទួលបាន 4,540 ពិន្ទុ។

ពិន្ទុដែលវាទទួលបាននោះ មិនទាបទេ ប៉ុន្តែបើប្រៀបនឹង iPhone 13 Series ជាពិសេស iPhone 13 Pro នោះ ឃើញថាវាទាបជាងបន្តិចដែរ ជាក់ស្ដែងនៅលើ iPhone 13 Pro ផ្នែក Single-Core វាទទួលបាន 1,738 ពិន្ទុ រីឯ Multi-Core វាទទួលបាន 4,766 ពិន្ទុ។

បើយក iPad Mini ជំនាន់ថ្មីទៅប្រៀបគ្នានឹង iPad Mini កាលពីឆ្នាំ 2019 ដែលប្រើប្រាស់ឈីប A12 Bionic នោះវិញ គេឃើញថា ផ្នែក Single-Core វាខ្លាំងជាងមុនដល់ទៅ 40% ឯណោះ ខណៈពេលផ្នែក Multi-Core គឺជាងមុនដល់ទៅ 70% តែម្ដង។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង