មកមើលពិន្ទុឈីប A15 Bionic លើ iPhone 13 Series ក្នុង Geekbench វិញម្ដង
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ទន្ទឹមគ្នានឹងការប្រកាសចេញ iPhone 13 Series ថ្មីៗនេះ Apple ក៏បានបង្ហាញប្រាប់ទាក់ទងនឹងឈីបថ្មី A15 Bionic របស់ខ្លួនដែរ ដោយក្នុងនោះមានការធានាអះអាងខ្ពស់ ទៅលើសមត្ថភាពឈីបថ្មីនោះ ប្រៀបធៀបនឹងឈីបរបស់ក្រុមហ៊ុនដទៃថែមទៀតផង។ យ៉ាងណាក៏ដោយ លើកនេះឈីប A15 លើម៉ូឌែល Pro និងម៉ូឌែលធម្មតា គឺមិនដូចគ្នាឡើយ ដោយម៉ូឌែល Pro ត្រូវបាន Apple ដាក់បញ្ចូលផ្នែក GPU ឲ្យប្រសើរជាងវិញ។

បើយើងមកមើលពិន្ទុចេញពី Geekbench នៅលើឈីបថ្មីនេះវិញ ឃើញថាពិតជាទទួលបានការបង្កើនសមតម្ថភាពច្រើនមែន បើធៀបនឹង iPhone 12 Series កន្លងទៅ ជាពិសេសគឺនៅលើម៉ូឌែល Pro តែម្ដង។ មិនខុសទេ ពិន្ទុដែលឃើញក្នុង Geekbench នោះ គឺមានទាំងផ្នែក CPU និង GPU របស់ iPhone 13 Series តែម្ដង ដែលមានន័យថា មានការបង្ហាញទាំងនៅលើ iPhone 13 ធម្មតា និងនៅលើម៉ូឌែល Pro។ 

ចាប់ផ្តើមពីផ្នែក CPU យើងឃើញថា ទាំងម៉ូឌែល Pro (មានកូដម៉ូឌែល iPhone 14,3) និងម៉ូឌែលធម្មតា (មានកូដម៉ូឌែល iPhone 14,5) គឺទទួលបានពិន្ទុប្រហាក់ប្រហែលគ្នា ជាក់ស្ដែងផ្នែក Single-Core ទទួលបាន 1724 ពិន្ទុ (iPhone 13) និង 1738 ពិន្ទុ (iPhone 13 Pro) ចំណែកឯផ្នែក Multi-Core ទទួលបាន 4,587 ពិន្ទុ (iPhone 13) និង 4766 ពិន្ទុ (iPhone 13 Pro)។

លទ្ធផលនេះដែរ បើយកទៅធៀបនឹង iPhone 12 Series ឆ្នាំមុនឃើញថា វាប្រសើរជាង A14 កន្លងទៅ 10% សម្រាប់ផ្នែក Single-Core និងប្រសើរជាងដល់ 18% សម្រាប់ផ្នែក Multi-Core។ 

ក្រឡេកទៅមើលផ្នែក GPU វិញ Apple បានបង្កើនបន្ថែមច្រើនសម្រាប់ម៉ូឌែល Pro ជាក់ស្ដែងនៅក្នុង Metal Score នៃ Geekbench បង្ហាញថា វាទទួលបានពិន្ទុដល់ទៅ 14216 ឯណោះ ហើយបើប្រៀបនឹង iPhone 12 Pro ឆ្នាំមុនឃើញថា ប្រសើរជាងដល់ទៅ 55% តែម្ដង។ សម្រាប់ម៉ូឌែល iPhone 13 វិញ ពិន្ទុ GPU ដែលវាទទួលបានគឺត្រឹម 10608 ប៉ុណ្ណោះ គឺខុសគ្នាច្រើនមែនទែនធៀបនឹងម៉ូឌែល Pro ប៉ុន្តែទោះជាយ៉ាងណាពិន្ទុនេះ នៅតែប្រសើរជាង iPhone 12 ជំនាន់មុនប្រមាណជា 15% ផងដែរ។

ពិន្ទុផ្នែក GPU របស់ iPhone 13 ទាបជាង iPhone 13 Pro នេះដែរ គឺមិនប្លែកទេ ព្រោះ Apple បានបញ្ជាក់ប្រាប់ហើយថា នៅលើម៉ូឌែលធម្មតាគេបំពាក់មកតែ 4-Core GPU ប៉ុណ្ណោះ ខណៈលើម៉ូឌែល Pro វិញ មានដល់ 5-Core GPU។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង